ចៅក្រមតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារចំនួន ១៣ឆ្នាំ ពីបទឃាតកម្មសម្លាប់ស្រីស្នេហ៍ឈ្មោះ ចេវ សុវឌ្ឍនា។ សាលក្រមនេះ ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី២ កញ្ញា ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ។
ក្រៅពីនេះ តុលាការបានផ្ដន្ទាទោសអតីតស្នងការរងខេត្តតាកែវ និងជាបងប្រុសលោក ឡាយ វណ្ណៈ គឺលោក ឡាយ ណារិទ្ធិ ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ក្រោមបទចោទដូចគ្នានេះដែរ។ ចំណែកឯអ្នកបើកឡានឲ្យ លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និងអ្នកបម្រើម្នាក់ ឈ្មោះ ជឹម វុធ វិញ ត្រូវចៅក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ២ឆ្នាំពីបទលាក់បាំងតម្រុយ ក្នុងឃាតកម្មស្រីស្នេហ៍របស់ លោក ឡាយ វណ្ណៈ។
លោក ឡាយ វណ្ណៈ និងបក្ខពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសសម្លាប់ស្រីស្នេហ៍ នៅក្នុងផ្ទះវិឡាជួលមួយ ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោក ឡាយ វណ្ណៈ បានឡើងកាន់តំណែងជាអភិបាលខេត្តតាកែវ នៅឆ្នាំ២០១៤។ លោកគឺជាកូនប្រសារបស់អតីតអភិបាលខេត្តតាកែវ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស៊ូ ភិរិន្ទ។ នៅឆ្នាំ២០១៨ ក្រោយមានរឿងអាស្រូវសម្លាប់ស្រីស្នេហ៍ លោក ហ៊ុន សែន បានស្នើថ្វាយព្រះមហាក្សត្រដកតំណែង លោក ឡាយ វណ្ណៈ ដោយប្ដូរដាក់កូនប្រសារបស់អតីតអភិបាលខេត្តតាកែវម្នាក់ទៀត លោក ស្រី បេន គឺលោក អ៊ូច ភា ជំនួស។
ពាក់ព័ន្ធនឹងការសម្រេចឲ្យលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ អាស៊ីសេរី មិនមានប្រភពទាក់ទងទៅមេធាវីការពារក្ដី និងប្រពន្ធលោក ឡាយ វណ្ណៈ បានទេ នៅថ្ងៃទី២ កញ្ញា ខណៈសាលក្រមបានបើកផ្លូវឲ្យលោក ឡាយ វណ្ណៈ និងបក្ខពួក ប្ដឹងទាស់ទៅសាលាឧទ្ធរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។