តុលាការ​កោះហៅ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ កំពុង​និទ្ទេស​ខ្លួន ៩រូប ឱ្យ​ចូល​បំភ្លឺ​អំពី​បទ​ចោទ​ឧបឃាត

ដោយ សន ចាន់រដ្ឋា
2020-10-20
Share
ថ្នាក់ដឹកនាំ​ ​សង្គ្រោះ​ជាតិ ៨​រូប ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​ ក្នុង​ចំណោម ៩រូប ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់។
Photo courtesy of Sam Rainsy's facebook Page

តុលាការ​ក្រុង​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​ជាតិ កំពុង​និទ្ទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​ចំនួន ៩នាក់ ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា​ ខាង​មុខ។ ឈ្មោះ​អ្នក​ទាំង ៩នាក់ ដែល​មាន​នៅ​ក្នុង​ដីកា​កោះ​ហៅ​នោះ គឺ​មាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស និង​សមាជិក​គណបក្ស ៦រូប គឺ​មាន​លោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និង​អ្នកស្រី ជូឡុង ស៊ូមូរ៉ា។

ក្រុម​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ៩នាក់ ចូល​ឆ្លើយ​បំភ្លឺ​អំពី​បទ​ចោទ "ឧបឃាត" ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ «ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ផ្ដួល​រំលំ​រដ្ឋាភិបាល ក្រោម​ឧបាយកល ផែនការ​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ២០១៩ ដោយ​អំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ដើម្បី​អនុវត្ត​ផែនការ។ បទ​ចោទ​នេះ ចែង​នៅ​មាត្រា ៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង ៩រូប ពី​បទ "ឧបឃាត" នេះ កាល​ពី​ ថ្ងៃ​ទី២៦ កញ្ញា ឆ្នាំ២០១៩ គឺ​មុន​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​លើក​ទី១ របស់​លោក សម រង្ស៊ី។ នៅ​ពេល​នោះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​សំអាង​លើ​បទ​ចោទ ឧបឃាត របស់​តុលាការ​នេះ ធ្វើ​ជា​ហេតុផល ក្នុង​ការ​បិទ​គ្រប់​ផ្លូវ និង​ថែម​ទាំង​បាន​ស្នើសុំ​​ប្រទេស​ក្នុង​តំបន់​ជួយ​រាំង​ខ្ទប់ មិន​ឲ្យ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង វិល​ចូល​ប្រទេស​កម្ពុជា​បាន។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មុន​ដីកា​កោះ​របស់​តុលាការ​នេះ​ថា ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស កំពុង​រៀបចំ​គម្រោង​មាតុភូមិ​និវត្តន៍​ លោក​ សម រង្ស៊ី ជា​លើក​ទី២ និង​ប្ដេជ្ញា​វិល​ត្រលប់​ឲ្យ​ទាល់​តែ​បាន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។