សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការជម្រះក្តីលោក កឹម សុខា លើកទី២ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា។ មេធាវីការពារក្តីលោក កឹម សុខា ឲ្យដឹងថា តុលាការបានអនុញ្ញាតឲ្យមេធាវីការពារក្ដីលោក កឹម សុខា ចាក់ខ្សែវីដេអូពេញ នៃការថ្លែងរបស់លោក កឹម សុខា នៅក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ ដែលមានរយៈពេលជាងមួយម៉ោង។
មេធាវីការពារក្ដីរបស់លោក កឹម សុខា គឺលោក ចាន់ ចេន ឲ្យអាស៊ីសេរីដឹងថ្ងៃទី២១ ខែមករាថា ខ្សែវីដេអូពេញនៃការថ្លែងរបស់លោក កឹម សុខា គឺជាការបញ្ជាក់ថា លោក កឹម សុខា មិនបានប្រព្រឹត្តិល្មើសដូចការចោទប្រកាន់នោះទេ៖ « អាទិត្យហ្នឹងគួរចូលដល់ត្រូវចាក់នូវភស្តុតាងដែលសហមេធាវីការពារសិទ្ធិឯកឧត្ដម កឹម សុខា បានដាក់ជូនតុលាការ ជាខ្លឹមសារវីដេអូគាត់មានប្រសាសន៍នៅប្រទេសអូស្ត្រាលីមួយម៉ោងជាង ការចាក់វីដេអូ ដែលគាត់និយាយនៅប្រទេសអូស្ត្រាលីហ្នឹង គឺជាការបង្ហាញសុចរិតភាព ដែលកូនក្តីខ្ញុំមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទេបាទ»។
លោកមេធាវីឲ្យដឹងទៀតថា សវនាការលើកទី២ នេះ ក៏មានវត្តមានលោក កឹម សុខា សហមេធាវីការពារលោក កឹម សុខា ចូលរួមតតាំងក្តីផងដែរ។
រដ្ឋាភិបាលយកវីដេអូខ្លីរបស់លោក កឹម សុខា ធ្វើជាភស្តុតាងសំខាន់បំផុត ទៅចាប់ខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិទាំងកណ្ដាលយប់ រហូតរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ។
អាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយមេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្ដឹង គឺលោក គី តិច ជុំវិញការចាក់វីដេអូពេញ នៃការថ្លែងរបស់លោកកឹម សុខា នេះនៅឡើយទេ នៅថ្ងៃទី២១ ខែមករា។ ប៉ុន្តែ កាលពីក្នុងសវនាការលើកទី១ ថ្ងៃទី១៥ ខែមកា កន្លងទៅមេធាវីរូបនេះ បានចេញមុខជំទាស់ការទាមទារដាក់វីដេអូពេញនេះ ដោយលោកខ្លាចពេលចាក់វីដេអូនឹងអាចធ្វើផ្ទុះក្នុងសវនាការ ឬធ្វើឲ្យខូចកុំព្យូទ័ររបស់តុលាការ។ ប៉ុន្តែ មេធាវីរូបនេះ បានថ្លែងការពារខ្សែវីដេអូខ្លីៗ ដែលសមត្ថកិច្ចយកមកធ្វើជាមូលដ្ឋានចោទប្រកាន់លោក កឹម សុខា ថា ទោះវីដេអូនោះត្រូវកាត់ជាកង់ៗ ក្តី ប៉ុន្តែ លោក កឹម សុខា បានទទួលស្គាល់ថា រូបភាព សំឡេង នៅក្នុងវីដេអូនោះមិនមែនជាការក្លែងបន្លំនោះទេ៖ «ខ្ញុំបានពន្យល់ថា អាហ្នឹងមិនមែនជាការក្លែងទេ គឺជាការកាត់សង្ខេបហើយ សូមបញ្ជាក់ថា វីដេអូហ្នឹង គឺគាត់ ( លោក កឹម សុខា ទទួលស្គាល់»។
មេធាវីការពារក្តីរបស់លោក កឹម សុខា ម្នាក់ទៀត គឺអ្នកស្រី ម៉េង សុភារី និយាយ ការយកសម្ដីរបស់ លោក កឹម សុខា និយាយក្នុងវីដេអូតែជាង ២នាទី ដែលរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចោទប្រកាន់នោះ គឺមានការកាត់តធ្វើឱ្យមានការភ័ន្តច្រឡំ និងខុសគោលបំណង ពិតរបស់លោក កឹម សុខា។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន សង្កេតឃើញថា សំណុំរឿងចោទប្រកាន់លោក កឹម សុខា នេះ គឺខុសនីតិវិធីតាំងពីដើមរហូតមកដល់ការជំនុំជម្រះនេះ។ លោក រ៉ុង ឈុន បន្ត ទោះសវនាការនេះជាសវនាការសាធារណៈ ប៉ុន្តែ តុលាការបានធ្វើឲ្យក្លាយជាសវនាការអសាធារណៈទៅហើយ ដោយមិនបានអនុញ្ញាតឲ្យមន្រ្តីសង្គមស៊ីវិល អ្នកសារព័ត៌មាន ឬសាធារណៈជនបានឃើញពីទិដ្ឋភាពនៃការសួរដេញដោលនោះទេ៖ «សវនាការហ្នឹងអសាធារណៈហើយ ហើយយើងចង់ឲ្យសវនាការមួយជាសាធារណៈ ទោះបីបន្ទប់នឹងផ្ទុកមនុស្សមិនអស់ក៏ដោយ យើងអាចបន្តស្លាយមកក្រៅ ហើយបន្តសំឡេងមកខាងក្រៅមក ដើម្បីឲ្យបានសារព័ត៌មាន សកម្មជន អង្គការសង្គមស៊ីវិលដែលទៅឃ្លាំមើលបានឮសំឡេង » ។
នៅក្នុងសវនាការនៅថ្ងៃស្អែក សាលាដំបូងរាជធានីភ្នំពេញក៏នឹងអនុញ្ញាតឲ្យអង្គភាពសារព័ត៌មានស្នើសុំចូលរួមស្ដាប់សវនាការថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា ដោយចាត់តំណាងរបស់ខ្លួនម្នាក់ ដើម្បីចូលរួម ខណៈបន្ទប់សវនាការនៅដល់កន្លែងអង្គុយចំនួន១០ នៅសេសសល់ដោយសារ។ ការអនុញ្ញាតនេះ ក្រោយមានការរិះគន់ពីអង្គការសង្គមស៊ីវិល និងស្ថានទូតអាមេរិក នៅកម្ពុជាថា តុលាការបានរឹតត្បិត ការយកព័ត៌មានរបស់អ្នកកាសែត។
មេធាវីការពារក្ដីលោក កឹម សុខា ឲ្យដឹងថា តុលាការគ្រោងនឹងប្រើរយៈពេលជាច្រើនខែ ក្នុងដំណើរការជំនុំជម្រះក្ដីលោក កឹម សុខា។ កាលពីថ្ងៃសវនាការលើកដំបូងថ្ងៃទី១៥ មករា លោក កឹម សុខា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយបញ្ជាក់ជំហរថា លោកបដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋភាពជាមួយបរទេស។
លោក រ៉ុង ឈុន ព្រួយបារម្ភថា ការអូសបន្លាយករណីលោក កឹម សុខា នឹងធ្វើកម្ពុជាខាតបង់ ឬត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប EBA។ លោកថា ករណីនេះជារឿងនយោបាយមិនអាចយកតុលាការមកដោះស្រាយបានទេ ដូច្នេះគួរតែដោះស្រាយតាមផ្លូវនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។