គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​​ខក​ចិត្ត​ ដែល​តុលាការ​មិន​ឱ្យ​ចូល​ស្ដាប់​ការ​ជម្រះ​ក្តី

ដោយ សេក បណ្ឌិត
2021-03-31
Share
គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​​ខក​ចិត្ត​ ដែល​តុលាការ​មិន​ឱ្យ​ចូល​ស្ដាប់​ការ​ជម្រះ​ក្តី (ឆ្វេង) លោក ថុន រដ្ឋា ពេល​នគរបាល​ដឹក​ទៅ​ធ្វើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ (កណ្ដាល) លោកស្រី ប៉ាត់ រស្មី ប្រពន្ធ​របស់​លោក ថុន រដ្ឋា និង (ស្ដាំ) កញ្ញា ឡុង សុខស្រីលីន ប្អូន​របស់​កញ្ញា ឡុង គន្ធា ដែល​ទៅ​តាមដាន​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់​ឱ្យ

សវនាការ​សំណុំ​រឿង​សកម្មជន​មាតា​ធម្មជាតិ ៣នាក់ ដែល​កំពុង​ជាប់​ឃុំ បាន​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី៣១ មីនា ប៉ុន្តែ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ ដោយ​តុលាការ​នឹង​​ជម្រះ​រឿង​នេះ​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ ក្រុម​គ្រួសារ​សកម្មជន​ទាំងនោះ ទទូច​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

ថ្វី​ដ្បិត​តែ​តុលាការ​បាន​ដំណើរ​ការ​ក្តី​ដូច​ការ​គ្រោង​ទុក​មែន ក៏ប៉ុន្តែ​មាន​រឿង​គួរ​ឱ្យ​ខក​ចិត្ត​មួយ​សម្រាប់​ក្រុម​គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​ទាំងនោះ។ តុលាការ​មិន​បាន​អនុញ្ញាត​ឱ្យ​គ្រួសារ​ពួក​គេ​បាន​ចូល​ស្តាប់​សវនាការ​ឡើយ ហើយ​សូម្បី​តែ​បាយ​ម្ហូប និង​ទឹក​ដែល​ពួកគាត់​ទិញ​យក​ទៅ​ផ្ញើ​នោះ ក៏​មិន​បាន​ទៅដល់​ដៃ​ពួក​គេ​ដែរ។ គ្រួសារ​របស់​សកម្មជន​ទាំង​នោះ ត្រូវ​អង្គុយ​ម៉ង់ៗ នៅ​ក្រោម​ដើម​ឈើ ​មុខ​តុលាការ​ក្រុង​ភ្នំពេញ រយៈ​ពេល​ពេញ​មួយ​ព្រឹក ក្រោម​អាកាសធាតុ​ក្ដៅ​ហួត​ហែង ព្រម​ទាំង​ផ្សែង និង​សំឡេង​ឡាន​ម៉ូតូ​ទ្រហឹង​តាម​ដង​ផ្លូវ។

ប្រពន្ធ​របស់​លោក ថុន រដ្ឋា លោកស្រី ប៉ាត់ រស្មី ថ្លែង​ទាំង​ខក​ចិត្ត​ថា នេះ​ជា​រឿង​អយុត្តិធម៌​មួយ​បែប​ទៀត​ដែល​តុលាការ​ធ្វើ​ដាក់​គ្រួសារ​លោកស្រី។ លោក​ស្រី​ថា លោក​ស្រី និង​គ្រួសារ​សកម្មជន​ផ្សេង​ទៀត បាន​ចុះ​ឈ្មោះ វាស់​កម្ដៅ ពាក់​ម៉ាស់ និង​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ត្រឹម​ត្រូវ ប៉ុន្តែ​មន្ត្រី​តុលាការ​មិន​បាន​អនុញ្ញាត​ឱ្យ​ពួក​លោកស្រី​បាន​ទៅ​ចូល​ស្ដាប់​សវនាការ​ឡើយ ហើយ​ថែម​ទាំង​ដេញ​ចេញ​ពី​ក្នុង​បរិវេណ​តុលាការ​ថែម​ទៀត។ លោកស្រី​បញ្ជាក់​ថា លោកស្រី​ត្រូវ​នៅ​ចាំមុខ​តុលាការ​ក្រុង​ភ្នំពេញ​តាំង​ពី​ម៉ោងជាង៨ ព្រឹក​ រហូតដល់​ម៉ោង​ជាង១២​ ថ្ងៃត្រង់ ដើម្បី​​ជួប​មុខ​ប្ដី​និយាយ​ពីរ​បី​ម៉ាត់ ប៉ុន្តែ​នៅ​តែ​មិន​បាន​ជួប​ដដែល ព្រោះ​អនុរក្ស​ពន្ធនាគារ​បាន​ថយ​ឡាន​ទៅ​ដឹក​លោក ថុន រដ្ឋា ដល់​ក្នុង​បរិវេណ​តុលាការ​តែ​ម្ដង ដើម្បី​ដឹក​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ៖ «ខ្ញុំ​ស្នើ​ឱ្យ​តុលាការ​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​ប្រាប់​ពួក​ខ្ញុំ​ផង​ថា បើ​ចុះ​ឈ្មោះ​ស្ដាប់​សវនាការ​ គឺ​ពួក​ខ្ញុំ​ត្រូវ​តែ​បាន​ចូល​ស្ដាប់​សវនាការ។ បើ​ជ្រុល​ជា​មិន​ឱ្យ​ពួក​ខ្ញុំ​ចូល​ស្ដាប់​ទេ មិន​បាច់​ឱ្យ​ពួក​ខ្ញុំ​មក​ចុះ​ឈ្មោះ​ទេ ខាត​ទាំង​ពេល​វេលា​របស់​ពួក​ខ្ញុំ​ទៀត»

ការ​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ជន​ជាប់​ចោទ​ក្នុង​សវនាការ​នេះ លោក ថុន រដ្ឋា បាន​កោរ​សក់ និង​ស្ថិត​ក្នុង​សំលៀក​បំពាក់​ជា​ជនជាប់ចោទ​។ លោកស្រី ប៉ាត់ រស្មី ឱ្យ​ដឹង​ថា ប្តី​លោក​ស្រី​កោរ​សក់​នេះ គឺ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​តុលាការ​ឯករាជ្យ​ និង​ឧទ្ទិស​ដល់​វីរជន​ទាំង​ឡាយ ដែល​បាន​បូជា​ជីវិត និង​កម្លាំង​កាយ​ចិត្ត ដើម្បី​ការពារ​ព្រៃឈើ និង​​ធនធាន​ធម្មជាតិ​របស់​ខ្មែរ។ លោកស្រី​បន្ត​ទាមទារ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​ប្តី​លោក​ស្រី​វិញ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ៖ «ប្ដី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ គួរ​តែ​ដោះលែង​គាត់​វិញ​មក។អ្នក​ដែល​ធ្វើ​ខុស​នឹង​ច្បាប់​ហ្នឹង គឺ​អាជ្ញាធរ ព្រះរាជអាជ្ញា និង​ចៅក្រម​ដែល​បាន​ចាប់​ប្ដី​ខ្ញុំ​ ហើយ​ចោទ​ប្រកាន់​ប្ដី​ខ្ញុំ​ពី​បទ​ញុះញង់»

ស្រដៀង​គ្នា​នេះ ប្អូន​ស្រី កញ្ញា​ ឡុង គន្ធា កញ្ញា ឡុង សុខស្រីលីន និយាយ​ទាំង​អួល​ដើម​ក​ថា បងស្រី​កញ្ញា​មិនបាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ តែ​តុលាការ​បែរ​ជា​ចាប់​គាត់​ដាក់​គុក​អស់​រយៈ​ពេល​ជាច្រើន​ខែ​ទៅ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ស្រី​លីន បញ្ជាក់​ថា កញ្ញា​មាន​មោទនភាព​ដែល​បងស្រី​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ធ្វើការ​ងារ​សង្គម។ កញ្ញា​ជំរុញ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ តាម​ដាន​ករណី​នេះ​ឱ្យ​ដិត​ដល់ និង​ជួយ​រក​យុត្តិធម៌​ជូន​បង​ស្រី​កញ្ញា និង​សកម្មជន​ដទៃ​ទៀត៖ «ខ្ញុំ​អត់​មាន​អ្វី​ខក​ចិត្ត​ចំពោះ​ទង្វើ​របស់​បងស្រី​ខ្ញុំ​ធ្វើ​ទេ ព្រោះ​គាត់​ធ្វើ​នេះ គឺ​ដើម្បី​ប្រទេស​ជាតិ។ គាត់​អត់​បាន​ធ្វើ​ដើម្បី​បុគ្គល​ខ្លួន​គាត់ ដើម្បី​ប្រយោជន៍​របស់​គាត់​ទេ គឺ​គាត់​ធ្វើ​ដើម្បី​សង្គម»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ មីនា។

សវនាការ​នៅថ្ងៃទី៣១ មីនា តុលាការ​បាន​សួរ​ដេញដោល​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី លើ​អង្គហេតុ​ផ្សេងៗ គ្នា។ តុលាការ​សាកសួរ​លោក ថុន រដ្ឋា អំពី​ការ​បង្ហោះ​វីដេអូ​ទាក់ទង​រឿង​បរិស្ថាន​នា​ពេល​កន្លងទៅ។ ចំណែក​កញ្ញា ឡុង គន្ធា តុលាការ​បាន​ចោទ​សួរ​ពី​រឿង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) អំពី​គម្រោង​ស្លៀក​ពាក់​ស ដើរ​ពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​និយាយ​ពីរឿង​លុប​បឹង​តា​មោក។ រីឯ កញ្ញា ភួន កែវរស្មី តុលាការ​បាន​សួរ​ដេញដោល​រឿង​ចែក​រំលែក​សារ​របស់​កញ្ញា ឡុង គន្ធា លើ​ហ្វេសប៊ុក។ តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី៨ មេសា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​បន្ត​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​ទៀត។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ លោក សំ ចំរើន ឱ្យ​ដឹង​ថា សប្ដាហ៍​ក្រោយ​នេះ តុលាការ​នឹង​ពិនិត្យ​មើល​វីដេអូ​មួយ​ចំនួន​ដែល​កូន​ក្តី​លោក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ហើយ​នឹង​សាកសួរ​មន្ត្រី​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា ព្រម​ទាំង​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​សម្រាប់​ភាគី​នីមួយៗ។ មេធាវី សំ ចំរើន បញ្ជាក់​ថា លោក​មិន​ទាន់​វាយ​តម្លៃ​លើ​ភស្តុតាង​ដាក់​បន្ទុក​របស់​តំណាង​អយ្យការ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​ជាមុន​សិន។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​កញ្ញា​ ឡុង គន្ធា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​អំពី​គម្រោង​ដើរ​ពី​វត្តភ្នំ​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក​និយាយ​អំពី​បញ្ហា​លុប​បឹង​តា​មោក។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ រួម​ទាំង​លោក អាឡិច និង​សកម្មជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន សរុប​ទាំងអស់ ៥នាក់ ​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ។ ប៉ុន្តែ​សវនាការ​នៅ​ថ្ងៃ​ទី៣១ មីនា តុលាការ​ធ្វើ​ឡើង​ចំពោះ​តែ​អ្នក​ជាប់​ឃុំ​ទាំង​បី​នាក់​ប៉ុណ្ណោះ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​សួរ​ដេញដោល​បង្ហាញ​ឱ្យ​ឃើញ​ថា​ សេរីភាព​បញ្ចេញមតិ​ និង​ការងារ​ការពារ​បរិស្ថាន​ បាន​ក្លាយ​ទៅជា​បទ​ល្មើស​ទៅ​វិញ ដែល​នេះ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ។ លោក​ស្នើសុំ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ទាំង​បី​នាក់​ឱ្យ​មាន​សេរីភាព​វិញ។

ទាក់ទងនឹង​រឿង​មិន​អនុញ្ញាត​ឱ្យ​គ្រួសារ​សកម្មជន​បាន​ចូល​ស្ដាប់​​សវនាការ​នោះ​វិញ លោក អំ សំអាត គូស​បញ្ជាក់​ថា នេះ​ជា​ការ​បំពាន​សិទ្ធិ​របស់​ពួក​គាត់។ លោក​ជំរុញ​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​ពួកគាត់​បាន​ចូល​ស្ដាប់​សវនាការ​ និង​ជួប​សាច់​ញាតិ ក្នុង​សវនាការ​លើក​ក្រោយ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធានការ​សុខាភិបាល៖ «បើ​គាត់​អត់​បាន​ចូល​រួម​ស្ដាប់ វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គាត់ ពីព្រោះ​គាត់​ក៏​មាន​សិទ្ធិ​ចង់​ដឹង​ដែរ​ថា តើ​គេ​ចោទ​ក្រុម​គ្រួសារ​គាត់​ពី​បទល្មើស​អ្វី ហើយ​មាន​ភស្តុតាង​អ្វី​ខ្លះ? ហើយ​តើ​ក្រុម​គ្រួសារ​គាត់​ហ្នឹង​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ ឬ​មិន​បាន​ប្រព្រឹត្ត? អា​ហ្នឹង គឺ​គេ​ត្រូវ​ការ​ដឹង​អំពី​ភាព​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​គេ​ដែរ»

គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២១ នេះ សកម្មជន​មាតា​ធម្មជាតិ​ទាំង ៣នាក់ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ប្រមាណ ៧ខែ​ហើយ​។ ពួកគេ​នឹង​ត្រូវ​ជាប់​ឃុំ​បន្ត​ទៀត បើ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ទៅ​តាម​បទ​ចោទ​ប្រកាន់។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ថ្កោល​ទោស​របប​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ​តាម​ទំនើង​ចិត្ត​នេះ។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​នេះ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព ជា​ពិសេស ត្រូវ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល