ប៉ូលិស​ដោះលែង​កុមារា ​​កាក់ សុវណ្ណច្ឆ័យ កូន​ប្រុស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​វិញ​ហើយ​ ​បន្ទាប់​​ពី​ឃុំ​ខ្លួន​អស់ ២យប់​

ដោយ វ៉ែន សុមេធ
2020-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ព្រំ ចន្ថា ជា​ម្ដាយ នៅ​ជា​មួយ​កុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយ​​ពេល​ចេញ​ពី​ការ​ឃុំឃាំង​របស់​នគរបាល នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០២០។
លោកស្រី ព្រំ ចន្ថា ជា​ម្ដាយ នៅ​ជា​មួយ​កុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយ​​ពេល​ចេញ​ពី​ការ​ឃុំឃាំង​របស់​នគរបាល នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​

ប៉ូលិស​បាន​ដោះលែង​កុមារា​ កាក់ សុវណ្ណ​ច្ឆ័យ​ ដែល​ជា​កូន​ប្រុស​របស់​​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កាក់ កុម្ភារ​ ដែល​កំពុង​ជាប់​ឃុំ​នោះ វិញ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​តុលា បន្ទាប់​​ពី​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ ២យប់​នៅ​ប៉ុស្តិ៍​ប៉ូលិស។ ​ការ​ដោះ​លែង​នេះ​ដោយ​​ប៉ូលិស​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​​​ទទួល​យក​កំហុស​ និង​ហាម​ឃាត់​មិន​ឱ្យ​​ចូល​ទៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​​ប្រឆាំង​​​បន្ត​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​​ថា ​ជា​ការ​គំរាមកំហែង​ដាក់​សម្ពាធ​មក​លើ​កុមារ។

កុមារា កាក់ សុវណ្ណ​ច្ឆ័យ​ ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ប៉ូលិស​ដោះលែង​ថា ​ប៉ូលិស​បាន​​​ចាប់​រូប​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចក្រ​អង្រែ​លើ ១យប់ និង​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់។ កុមារ​ សុវណ្ណ​ច្ឆ័យ​ និយាយ​ថា ក្នុង​​ពេល​ឃុំ​ខ្លួន​ថ្ងៃ​ដំបូង​​ មន្ត្រី​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរ​បាល​ចក្រ​អង្រែ​លើ​​​​បាន​វាយ​ដុំ​លើ​ដង​ខ្លួន​និង​ដាល់​ផ្ទៃ​មុខ​​​​​ជា​ច្រើន​ដៃ ខណៈ​ដែល​ដៃ​របស់​ខ្លួន​កំពុង​ជាប់​ខ្នោះ៖ «គេ​ដាក់​ខ្នោះ​ខ្ញុំ​ ហើយ​មើល​ខ្ញុំ​មាន​របួស​ស្នាម​ដូច​ជា​កដៃ​ និង​មាន​ដំបៅ​ដៃ​។ខ្ញុំ​មិន​ឈឺ​ចាប់​អី​ទេ​ ខ្ញុំ​គ្រាន់​តែ​​តស៊ូ​ដើម្បី​ប្រទេស​ជាតិ​ខ្ញុំ​ តែ​ខ្ញុំ​មិន​ឈឺ​ទេ​ គ្រាន់​តែ​មាន​របួស​ស្នាម​ប៉ុណ្ណឹង»

ក្រោយ​ពេល​មាន​សេរីភាព​​វិញ​ កុមារ​រូប​នេះ​ ត្រូវ​បាន​ម្ដាយ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​​ប្រមាណ​ ១០នាក់​នាំ​ទៅ​​ឱ្យ​ព្រះសង្ឃ​​ចាក់​ទឹក​​លើក​រាសី​នៅ​វត្ត​​​ចាស់​ក្នុង​រាជធានី​ភ្នំពេញ។​

ប្រពន្ធ​​​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កាក់ កុម្ភារ​ ដែល​ត្រូវ​ជា​ម្ដាយ​របស់​​ កុមារា​ កាក់ សុវណ្ណ​ច្ឆ័យ ​នោះ​​ ​ លោក​ស្រី​ ព្រំ ចន្ថា​ ថ្លែង​ថា ​​​​សម្ដី​កូន​ប្រុស​របស់​លោក​ស្រី​​ដែល​ថា​ប៉ូលិស​វាយ​ធ្វើ​បាប ​គឺ​ជា​ការ​ពិត​ ពីព្រោះ​កន្លង​មក​រូប​គេ​មិន​ដែល​និយាយ​កុហក​នោះ​​ឡើយ។ លោក​ស្រី​បន្ត​ថា លោក​ស្រី​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា ​ប៉ូលិស​បាន​វាយ​ធ្វើ​បាប​កូន​របស់​​លោក​ស្រី ហើយ​លោក​ស្រី​ចាត់​ទុក​​រឿង​​នេះ​​ថា ជា​​កា​អំពើ​អមនុស្ស​ធម៌​​មិន​អាចដែល​ទទួល​យក​បាន​ឡើយ៖ «និយាយ​ទៅ​កូន​ប្រុស​ខ្ញុំ​អត់​មាន​ទោស​កំហុស​អី​សោះ​គ្រាន់​តែ​ផ្លោះ​ចូល​ទៅ​ក្នុង​របង​ ដើម្បី​រើស​​ទង់​បក្ស​ រើស​អី​ហ្នឹង​ចុះ​ហេតុ​បាន​ជា​ចាប់​កូន​ប្រុស​ខ្ញុំ។ នេះ​​ដូច​ថា​គាត់​មាន​កំហុស​ធ្ងន់​ណាស់​ គាត់​អត់​ទាន់​គ្រប់​អាយុ​ហើយ​ ខួរក្បាល​គាត់​មិន​ប្រក្រតី​ទៀត ហើយ​គាត់​បង្ហោះ​រូប​កូន​ខ្ញុំ​ទាំង​ដៃ​ជាប់​ខ្នោះ​​ទៀត​ ដោយ​អត់​គោរព​សិទ្ធិ​កុមារ​អី​ទាំង​អស់​។ អីចឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រទេស​មួយ​ហ្នឹង​ សូម្បី​តែ​សិទ្ធិ​កុមារ​​ក៏​គាត់​អត់​មាន​លើក​ស្ទួយ​កុមារ​ទាំង​អស់​ សូម្បី​តែ​កុមារ​ក៏​គាត់​ចាប់​ដែរ​ ដើម្បី​បំបាក់​ស្មារតី​កុំ​ឱ្យ​មាន​ទំពាំង​ស្នង​ឫស្សី មិន​ឱ្យ​គាត់​ក្រោក​ឈរ​ងើប​បាន»

លោក​ស្រី ព្រំ ចន្ថា ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស បាន​បង្ខំ​ឱ្យ​កូន​ប្រុស​របស់​លោក​ស្រី​ឱ្យ​ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា និង​ថត​បង្ហោះ​វីដេអូ​សុំទោស​ជា​សាធារណៈ​ ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង។ នៅ​ក្នុង​កិច្ច​សន្យា​ទាំង​នោះ មាន​ដូច​ជា​ការ​ ឱ្យ​កុមារ​ កាក់ សុវណ្ណ​ច្ឆ័យ ទទួល​យក​កំហុស​ដែល​បាន​ចូល​ទៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រឆាំង និង​ឱ្យ​ទទួល​យក​កំហុស​​ថា ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​កាត់​ត​ សំឡេង​ជេរ​ប្រមាថ​ថ្នាក់​ដឹក​រដ្ឋាភិបាល។ កិច្ចសន្យា​ឱ្យ​ឈប់​ចូល​ទៅ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង ឈប់​រិះគន់​រដ្ឋាភិបាល​និង​បង្ខំ​ឱ្យ​សន្យា​ថា ប្រសិន​បើ​ថ្ងៃ​ក្រោយ​សមត្ថកិច្ច​កោះ​ហៅ នឹង​ចូល​បំភ្លឺ​តាម​ពេល​កំណត់​ជា​ដើម។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស​ចាប់​ខ្លួន​កុមារ​កាក់ សុវណ្ណ​ច្ឆ័យ យក​ទៅ​សាកសួរ​អំពី​ដំណើរ​រឿង ដែល​កុមារ​រូប​នេះ​លួច​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ទីតាំង​តុលាការ​បាន​ហាម​ឃាត់។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ ដោយសារ​ព្រួយបារម្ភ​​ខ្លាច​បាត់​សម្ភារៈ​នៅ​ក្នុង​អាគារ​បក្ស​ប្រឆាំង​នោះ។

ចំណែក​ឯ​ការ​ចោទ​ប្រកាន់​ដែល​ថា ប៉ូលិស​វាយ​ដុំ​លើ​រាងកាយ​របស់​កុមារ​កាក់ សុវណ្ណ​ច្ឆ័យ ​នោះ​ ត្រូវ​បាន​លោក​បដិសេធ។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​អត្ថាធិប្បាយ​លំអិត​អំពី​មូលហេតុ​ដែល​បាន​​ឃុំ​ខ្លួន​កុមារ​រូប​នេះ​អស់​​​​​រយៈ​ពេល​អស់ ២យប់​នោះ​ឡើយ៖ «អត់​ទេ! អា​ហ្នឹង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​ ២​ថ្ងៃ​នេះ​ខ្ញុំ​ប្រជុំ​ដែរ ប៉ុន្តែ​មិន​មែន​ជា​ការ​យក​មក​នេះ​អី​ទេ​ បញ្ហា​សំខាន់​គឺ អ្វី​ដែល​សមត្ថកិច្ច​បាន​យក​មក​ភ្លាម​ហ្នឹង​គឺ​ធ្វើ​ការ​សួរនាំ​ទៅ​ ហើយ​ប្រសិន​នៅ​ពេល​ដែល​យើង​សួរ​នាំ​ថា អត់​មាន​ពាក់ព័ន្ធ​ករណី​លួច​អី​ផ្សេង​ហ្នឹង​ក៏​បាន​ដោះលែង​វិញ​ទៅ​ព្រឹក​មិញ​នេះ»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ​កិច្ចសន្យា​​ ដែល​ជា​ថ្នូរ​ឱ្យ​មាន​ការ​ដោះលែង​នេះ​​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​លោក​ចាត់​ទុក​រឿង​នេះ​ ជា​ការ​ដាក់​សម្ពាធ​និង​ការ​​គំរាមកំហែង​​បិទ​សិទ្ធិ​សេរីភាព​​កុមារ​ដោយ​ខុស​ច្បាប់៖ «ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ទៅ​ឃាត់​ខ្លួន​គេ​​ដែល​គ្មាន​កំហុស​ហ្នឹង​ខុស​ទៅ​វិញ​ទេ​ មិន​មែន​​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទេ។ អីចឹង​រឿង​អី​​ដែល​ត្រូវ​ឱ្យ​គេ​ដែល​មិន​បាន​ចាប់​ខ្លួន​ត្រឹមត្រូវ​នោះ​​ឱ្យ​ធ្វើ​កិច្ចសន្យា​ អា​ហ្នឹង​វា​ជា​រឿង​មួយ​​ខុស​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់​ទៅ​ហើយ ពីព្រោះ​យើង​ចាប់​ខ្លួន​គេ​ដោយ​គ្មាន​កំហុស​ហើយ​​ឱ្យ​គេ​ធ្វើ​កិច្ចសន្យា​ត្រឡប់​មក​វិញ​។ពីព្រោះ​ថា ជា​ទូទៅ​បើ​សិន​ជា​មាន​កំហុស​ខាង​ព្រហ្មទណ្ឌ​​មិន​អាច​ទៅ​ធ្វើ​កិច្ចសន្យា​ឱ្យ​រួច​ខ្លួន​​ទេ​ ពីព្រោះ​កំហុស​ព្រហ្មទណ្ឌ​អត់​មាន​កំហុស​ណាមួយ​​ដែល​ត្រូវ​ធ្វើ​កិច្ចសន្យា​​ហើយ​រួច​ខ្លួន​ទេ»

កុមារា​ កាក់ សុវណ្ណ​ច្ឆ័យ អាយុ ១៥ឆ្នាំ ​​ជា​កូន​ប្រុស​​សកម្មជន​គណបក្ស​ប្រឆាំង​លោក​កាក់ កុម្ភារ ដែល​តុលាការ​ចាប់ខ្លួន​កាល​ថ្ងៃ​ទី៣១​ ខែ​ឧសភា ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ កុមារា​​កាក់ សុវណ្ណ​ច្ឆ័យ មាន​ជំងឺ​អូទីហ្សឹម (Autism) តាំងពី​កំណើត និង​​​មាន​ខួរក្បាល​ខុស​ប្រក្រតី​​ជា​ញឹក​ញាប់​ ដែល​និយាយ​ប្របិចប្របោច​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​។​ កុមារ​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ចាប់​​យក​​ទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ កាល​ពី​​រសៀល​ថ្ងៃ​ទី៤ តុលា​ក្នុង​ពេល​រូប​គេ​​ចូល​ទៅ​​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្នាក់​ការ​​កណ្ដាល​គណបក្ស​​​នេះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល