អធិការ​រង​នគរបាល​ស្រុកកូនមុំ ត្រូវ​បាន​ព្យួរ​តំណែង ដោយសារ​រៀបចំ​កន្លែង​ជល់​មាន់​នៅ​ផ្ទះ​លោក​ផ្ទាល់

អធិការ​រង​នគរបាល​ស្រុកកូនមុំ​ម្នាក់ ត្រូវ​បាន​ព្យួរ​ការងារ​ កាល​ពី​ពេល​ថ្មីៗ នេះ ពី​បទ​ចោទ​ប្រកាន់​ថា បាន​ចាត់ចែង​កន្លែង​ជល់​មាន់​នៅ​ផ្ទះ​លោក​ផ្ទាល់ ដែល​ជា​ទង្វើ​ខុស​ច្បាប់។

ស្នងការ​រង​នគរបាល​ខេត្តរតនគីរី​ លោក​វរសេនីយ៍ឯក ឡេង វិចិតត្រ ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក អ៊ិត សឿង អធិការ​រង​នគរបាល​ស្រុកកូនមុំ ត្រូវ​បាន​ព្យួរ​ការងារ កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា ដោយសារ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ រំលោភបំពាន​តួនាទី វិន័យ និង​បទបញ្ជា​របស់​នគរបាល​ជាតិ ដោយ​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​ជល់​មាន់​ភ្នាល់​គ្នា។

បន្ថែម​ពី​នេះ លោក អ៊ិត សឿង ក៏​បាន​គំរាម​ដល់​ប៉ូលិស​ផ្សេង​ទៀត នៅ​ពេល​ដែល​ពួក​គេ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ជល់​មាន់​ខុស​ច្បាប់ ដោយ​ធ្វើ​អន្តរាគមន៍ មិន​ឱ្យ​ឃាត់​ខ្លួន និង​អនុញ្ញាត​ឲ្យ​អ្នក​លេង​ល្បែង​ទាំង​នោះ រត់​ចេញ​បាត់​អស់ កាល​ពី​ថ្ងៃ​ទី៣០ ខែមេសា​កន្លង​មក​នេះ៕