តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ពីបទជួញដូរ ដឹកជញ្ជូន កែច្នៃ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ ចំណែកឯតុលាការ ខេត្តព្រះសីហនុវិញកំពុងបន្តនីតិវិធីស៊ើបសួរជនជាតិចិន ៤នាក់ផ្សេងទៀតពីបទសង្ស័យថា ចាប់ជំរិតមនុស្សទារប្រាក់។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង ប្រាប់អាស៊ីសេរីថា ក្រោយពីបានសាកសួរចំនួន ៣ថ្ងៃជាប់ៗគ្នារួចមក។ តុលាការបានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់់ចាំជំនុំជម្រះទោសពីបទជួញដូរថ្នាំញៀនខុសច្បាប់។
កម្លាំងមានសមត្ថកិច្ចនៅក្នុងទីក្រុងភ្នំពេញបានចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ កាលពីថ្ងៃទី៥មិថុនាកន្លងទៅនេះ និងបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួនជាង ៧គីឡូក្រាម និងសម្ភារៈកែច្នែប្រមាណជាង ១០០គីឡូក្រាមទៀតពេលដែលជនសង្ស័យកំពុងបើកបររថយន្តនៅតាមផ្លូវ និងបានរកឃើញថា បានលាក់ទុកនៅនៅផ្ទះជួលមួយ នៅក្នុងសង្កាត់ទន្លេបាសាក់ក្រុងភ្នំពេញ ហើយសមត្ថកិច្ចក៏បានរករឹបអូសសម្ភារៈកែច្នៃ និងគ្រឿងសម្រាប់ផ្សំសារធាតុគ្រឿងញៀនជាង១០០គីឡូក្រាម។
ដោយឡែកនៅខេត្តព្រះសីហនុ ឯណោះវិញ តុលាការកំពុងបន្តនីតិវិធីសាកសួរជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់មិនបានសម្រេចទៅលើជនជាតិចិនដូចគ្នាកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។
កងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួនជនជាតិចិនទាំង ៤នាក់ កាលពីថ្ងៃទី០៩ មិថុនា ក្រោយពីមិត្តភ័ក្ដិជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចថា ជនរងគ្រោះម្នាក់ ត្រូវបានគេចាប់ជំរិតក្រោយពីជនសង្ស័យមួយក្រុមបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីជំរិតទារប្រាក់ពីក្រុមគ្រួសារនៅក្នុងប្រទេសចិនចំនួន ៥០ម៉ឺនយ័ន គឺប្រមាណជិត ៧ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។