តុលាការ​ភ្នំពេញ​សម្រេច​ដាក់​លោក អាត់ ធន់ ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​មេ​ដឹក​នាំ​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​បន្ថែម​ទៀត បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​នៃ​ស្ថាប័ន​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា។ ការ​ចូល​ខ្លួន​របស់ លោក អាត់ ធន់ គឺ​តាម​ដីកា​កោះ​ហៅ​កាល​ថ្ងៃ​ទី​២ កញ្ញា។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ៨​ចំណុច និង​ហាម​មិន​ឱ្យ​ជួប​ជុំ​បង្កើត​ក្រុម និង​ធ្វើ​សកម្មភាព​នៅ​កន្លែង​សាធារណៈ ដែល​នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក អាត់ ធន់ ថ្លែង​បន្ទាប់​ពី​ការ​សាកសួរ​របស់​ចៅក្រម​ស៊ើបសួរ ជា សុខហៀង ថា សេចក្ដី​សម្រេច ៨​ចំណុច​នេះ គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​សម្ពាធ​លើ​ការងារ​របស់​លោក​បន្ថែម​ទៀត៖ «ដាក់​សម្ពាធ​មក​លើ​ខ្ញុំ​បន្ថែម​ទៀត ដោយសារ​លើក​មុន​ហាម​ខ្ញុំ ៩​ចំណុច ឥឡូវ ៨​ចំណុច​ទៀត។ អ៊ីចឹង ខ្ញុំ​គិត​ថា ជីវិត​ការងារ​យើង​ក្នុង​នាម​ជា​ប្រធាន​សហជីព យើង​ត្រូវ​បាន​ដីកា​ម្ដង​ហើយ​ម្ដង​ទៀត ហាម​សិទ្ធិ ហើយ​បើ​សិន​យើង​ធ្វើ​ត្រូវ​បាន​គេ​ចាប់។ អ៊ីចឹង​បាន​ន័យ​ថា សិទ្ធិ​របស់​យើង​ត្រូវ​បាន​ដក ដោយសារ​អាជ្ញាធរ​រដ្ឋ​ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​ថ្នាក់​ដឹក​នាំ​សហជីព ដែល​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ដក​សិទ្ធិ​ហ្នឹង​ទេ»

ក្នុង​ដីកា​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ចៅក្រម​ស៊ើបសួរ ជា សុខហៀង សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់ លោក អាត់ ធន់ ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ៨​ចំណុច ដូច​ជា មិន​ឱ្យ​ផ្លាស់​ប្ដូរ​លំនៅឋាន ត្រូវ​ឆ្លើយ​តប​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន បង្កើត​ជា​ក្រុម ធ្វើ​សកម្មភាព​នៅ​ទី​សាធារណៈ​នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ មិន​ត្រូវ​ទៅ​កាន់​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​មិន​ត្រូវ​ជួប​កម្មករ​រោងចក្រ​នៅ​ទី​នោះ ចៀសវាង​ការ​កើត​មាន​អំពើ​ហិង្សា ឬ​ហេតុការណ៍​ផ្សេងៗ មិន​ត្រូវ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ជុំវិញ​ទីធ្លា​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ត្រូវ​យក​អាវុធ​តាម​ខ្លួន និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងទំពន់ មួយ​ខែ​ម្ដង។

លោក​ចៅក្រម ជា សុខហៀង សំអាង​ហេតុ​ថា ការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ អាត់ ធន់ ឱ្យ​ជាប់​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ គឺ​ដើម្បី​ធានា​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះ​មុខ​តុលាការ និង​ដើម្បី​ចៀសវាង​ការ​រាំង​ស្ទះ​ក្នុង​ដំណើរ​នៃ​នីតិវិធី​ស៊ើបសួរ។

លោក អាត់ ធន់ ថ្លែង​ថា លោក​មិន​ជំទាស់​នឹង​ដីកា​នេះ​ទេ ប៉ុន្តែ​អនុវត្ត​តែ​លើ​អ្វី​ដែល​អនុវត្ត៖ «យើង​សូម​បញ្ជាក់​ថា ចំពោះ​ដីកា​ហាម​មក​យើងៗ មិន​ជំទាស់​ទេ។ បាន​ន័យ​ថា អ្វី​អនុវត្ត​បាន​យើង​អនុវត្ត អ្វី​អនុវត្ត​មិន​បាន យើង​មិន​អនុវត្ត។ ប៉ុន្តែ យើង​មិន​ជំទាស់​ទៅ​នឹង​ដីកា​ហ្នឹង​ទេ គ្រាន់​តែ​នៅ​ក្នុង​ច្បាប់ សិទ្ធិ​ឯកជន​របស់​សហជីព​យើង គឺ​មាន។ អ៊ីចឹង ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ដក​ទេ។ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង​ក៏​យើង​បាន​បញ្ជាក់​ដែរ ការងារ​សហជីព​មួយ​ចំនួន បើ​សិន​ជា​ដក​សិទ្ធិ​ទាំងអស់​អ៊ីចឹង តើ​យើង​ធ្វើ​ការ​យ៉ាង​ម៉េច​បាន ហើយ​ចៅក្រម​អម្បាញ់មិញ ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​ដក​តែ​សិទ្ធិ​មួយ​ចំនួន ដែល​ជួបជុំ​គ្នា​នៅ​សាធារណៈ។ ខ្ញុំ​បាន​សួរ ចុះ​ខ្ញុំ​ជួប​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ក៏​ខ្ញុំ​ជួប​គ្នា​នៅ​កន្លែង​សាធារណៈ ប៉ុន្តែ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​យ៉ាង​ម៉េច? តែ​គាត់​អត់​បាន​ឆ្លើយ​ប្រាប់​យើង​ឱ្យ​ច្បាស់​នៅ​កន្លែង​ហ្នឹង​ទេ»

សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក អាត់ ធន់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ការ​គំរាម​កំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ និង​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

លោក អាត់ ធន់ បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​ប្ដឹង​ដោយ​សមាគម​និយោជក និង​អាជ្ញាធរ​នគរបាល ៣​ខណ្ឌ។ លោក​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា លោក​មិន​បាន​បញ្ជា​គំរាម​កំហែង ឬ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ បង្ក​ហិង្សា ឬ​វាយ​តប់​នរណា​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ឱ្យ​ដឹង​ថា លោក​នៅ​ជាប់​បណ្ដឹង​ជា​ច្រើន​ទៀត ទាក់ទង​ទៅ​នឹង​សកម្មភាព​សហជីព​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។