មន្ត្រី​ពន្ធនាគារ​ថា ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ពពោះ​ជំនួស​ទាំង ១៣នាក់ មិន​ទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ

0:00 / 0:00

អានអត្ថបទជា ភាសាអង៉គ្លេស

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា ស្ត្រី​ជន​ជាតិ​ហ្វីលីពីន ពពោះ​ជំនួស ១៣នាក់ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ចំនួន ៤ឆ្នាំមិន​ទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ហើយ​ពួកគាត់​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ ១៦ ឧសភា។ សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឱ្យ​តុលាការ​កម្ពុជា ពិចារណា​លើ​សំណើ​របស់​ស្ថាន​ទូត​ហ្វីលីពីន ដែល​ស្នើ​ឱ្យ​ដោះលែង​ស្ត្រី​​ទាំង ១៣​នាក់​នោះ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ថា ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង ១៣នាក់ ដែល​តុលាការ​កាត់​ទោស​ពី​បទ «ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ។ លោក​ថា ទោះបី​សាលា​ដំបូង​ខេត្ត​កណ្ដាល​កាត់​ទោស​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង ១៣នាក់​ហើយ​ក្តី ប៉ុន្តែ​លោក​ថា សាលក្រម​កាត់​ទោស​ពួកគាត់ មិន​ទាន់​ចូល​ជា​ស្ថាពរ ហើយ​ក៏​មិន​ទាន់​មាន​ដីកា​បង្គាប់​ឱ្យ​ខាង​ពន្ធនាគារ​ ទទួល​យក​ស្ត្រី​ទាំង​នោះ មក​ឃុំ​និង​គ្រប់គ្រង​នៅ​ឡើយ​ទេ។

លោក ឃៀង សុណាឌីន៖ «អ៊ីចឹង​ប្រាកដ​ណាស់ ពួកគាត់​ទាំង១៣ នាក់​នេះ គឺ​មិន​ទាន់​មាន​ឋានៈ​ជា​ជន​ជាប់ឃុំ​នៅ​ឡើយ​ទេ ហើយ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​កន្លង​មក គឺ​ជន​ទាំង ១៣ នាក់​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​ពេទ្យ ១៦ ឧសភា»។

កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន ១៣នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ​ពី​បទ «ប៉ុនប៉ង​ក្នុង​អំពើ​លក់-ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន» ក៏​ប៉ុន្តែ​តុលាការ​ឱ្យ​ពួកគាត់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ២ឆ្នាំ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ នេះ​ជា​ករណី​ទី១ហើយ នៅ​ប្រទេស​កម្ពុជា ដែល​តុលាការ​កាត់​ទោស​ស្ត្រី​បរទេស ក្នុង​រឿង​ពពោះ​ជំនួស ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន។

ប៉ូលិស.jpg
សមត្ថកិច្ច​បង្ហាញ​ស្ត្រី​ដែល​ត្រូវបានចាប់​ខ្លួន​ករណីព​ពោះ​ជំនួស កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៨។ រូប៖ គេហទំព័រ​នគរបាលជាតិ

កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា នគរបាល​កម្ពុជា បាន​ជួយ​សង្គ្រោះ​ជន​បរទេស​មួយ​ក្រុម​ មាន​គ្នា​សរុប ២៤នាក់ ដែល​ក្រុម​ទុច្ចរិត​នាំ​ឱ្យ​មក​ពពោះ​ជំនួស នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​មេ​ដោះ​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់ ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង នៃ​បុរី​វិមាន​ភ្នំពេញ នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។ ស្ត្រី​បរទេស​ទាំង ៤នាក់ មាន​ជន​ជាតិ​ហ្វីលីពីន ចំនួន​២០នាក់ និង​ជន​ជាតិ​វៀតណាម ៤នាក់។

ស្ត្រី​ហ្វីលីពីន ២០នាក់ មាន ១៣នាក់ ដែល​ពេល​នោះ ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ដឹង​ថា មាន​ផ្ទៃ​ពោះ​ចន្លោះ​ពី ១ខែ ដល់៧ខែទៅ​ហើយ ហើយ​បន្ទាប់​មក ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ផ្ដន្ទាទោស។ រីឯ​ស្ត្រី​ហ្វីលីពីន ៤នាក់​ផ្សេង​ទៀត និង​ស្ត្រី​វៀតណាម ៤នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ដោយសារ​ពុំ​ទាន់​មាន​ផ្ទៃពោះ។

ស្ត្រី​ហ្វីលីពីន​ម្នាក់ បាន​សម្រាល​កូន​កាល​ពី​ថ្ងៃទី១ ខែ​ធ្នូ គឺ​មួយ​ថ្ងៃ មុន​ពេល​ ត្រូវ​បាន​តុលាការ​កាត់​ទោស។ រីឯ​ស្ត្រី​ហ្វីលីពីន​ជា​ច្រើន​រូប​ទៀត ទំនង​ជា​នឹង​ សម្រាល​កូន ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ ដែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ មាន​កូន​ភ្លោះ។

រដ្ឋាភិបាល​ហ្វីលីពីន​ធ្លាប់​បាន​អះអាង​ថា ហ្វីលីពីន​នឹង​ចាត់​ទុក​ទារក​ដែល​កើត​ពី​ស្ត្រី​ ពពោះ​ជំនួស​ទាំង​នោះ ជា​ពលរដ្ឋ​ហ្វីលីពីន ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​សញ្ជាតិ​របស់​កុមារ នៅ​តែ​ជា​សិទ្ធិ​របស់​ភាគី​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន

ឧសភា.jpg
មន្ទីរពេទ្យ​១៦ឧសភា នៅ​រាជធានីភ្នំពេញ។ RFA

​មន្ទីរពេទ្យ ១៦ ឧសភា ដើម្បី​សុំ​ការ​ អត្ថាធិប្បាយ ជុំវិញ​បញ្ហា​សុខភាព​ស្ត្រី​ហ្វីលីពីន​ទាំង ១៣នាក់ និង​ទារក ដែល​ទើប​តែ​ចាប់​កំណើត​ម្នាក់ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ។

ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ស្ត្រី​ហ្វីលីពីន​ទាំង ១៣​នាក់ គឺ​ជា​ជន​រងគ្រោះ ហើយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព តាំង​ពី​មុន​ពេល​តុលាការ​ខេត្ត​កណ្ដាល​ផ្ដន្ទាទោស។ យ៉ាងណា ច្បាប់​កម្ពុជា​កាត់​ទោស​អ្នក​ពពោះ​ជំនួស ជា​ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​លក់​កូន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ថា អង្គការ​សង្គម​ស៊ីវិល ដែល​​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស នៅ​តែ​ទទូច​ឱ្យ​តុលាការ​កម្ពុជា ពិចារណា​លើ​សំណើ​របស់​ស្ថាន​ទូត​ហ្វីលីពីន។ លោក​ថា តុលាការ គួរ​តែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ឱ្យ​បាន​ច្បាស់លាស់ លើ​ករណី​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ទាំង​នេះ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​​ពួកគាត់​ដែល​អាច​ជា​រងគ្រោះ​ពី​អំពើ​បោកប្រាស់​ហើយ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពួកគាត់​ថែម​ទៀត។

លោក អំ សំអាត៖ «ឥឡូវ​ហ្នឹង​ដោយសារ​តែ​តុលាការ​លោក​សម្រេច​ទៅ​ហើយ អ៊ីចឹង​មាន​តែ​រង​ចាំ​ឧទ្ធរណ៍ បើ​សិន​ជា​បណ្ដឹង​ឧទ្ធរណ៍​ភ្នំពេញ លោក​នឹង​ធ្វើ​ការ​សម្រេច​ជា​ថ្មី​ទៅ​លើ​ករណី​នេះ។ អ៊ីចឹង​មាន​តែ​ពន្លឿន​នីតិវិធី​រឿង​ហ្នឹង ហើយ​សូម​ឱ្យ​ពិនិត្យ និង​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ដើម្បី​កុំ​ឱ្យ​ចៀសវាង​ថា ស្ត្រី​ជនជាតិ​ហ្វីលីពីន​ជា​អ្នក​រងគ្រោះ ហើយ​ត្រូវ​រងគ្រោះ​ដោយសារ​ការ​ផ្ដន្ទាទោស​ទៀត»។

ក្រសួង​យុត្តិធម៌​ហ្វីលីពីន បាន​កំណត់​អត្តសញ្ញាណ​ទីភ្នាក់ងារ​មួយ នៅ​ក្នុង​ប្រទេស​ ហ្វីលីពីន ដែល​បាន​ជ្រើស​រើស​ស្ត្រី​ឱ្យ​ធ្វើការ​ជា​អ្នក​ពពោះ​ជំនួស។ យ៉ាងណា ក្រុម​មន្ត្រី​ហ្វីលីពីន មិន​បាន​បញ្ចេញ​ឈ្មោះ​អង្គការ​នោះ​ទេ។

កម្ពុជា គឺ​ជា​មជ្ឈមណ្ឌល​សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​ពពោះ​ជំនួស​រយៈពេល​ខ្លី បន្ទាប់​ពី​ប្រទេស​ថៃ ហាម​ឃាត់​អាជីវកម្ម​បែប​នេះ កាល​ពី​ឆ្នាំ​២០១៥។ មួយ​ឆ្នាំ​បន្ទាប់​មក រដ្ឋាភិបាល​កម្ពុជា ក៏​ហាម​ឃាត់​ជំនួញ​បែប​នេះ និង​មាន​វិធានការ​ចាប់​ខ្លួន​ ស្ត្រី​ពពោះ​ជំនួស និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង។

ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ ស្ត្រី​ខ្មែរ​ចំនួន ៣៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពពោះ ​ជំនួស​ម្ដាយ​ជន​ជាតិ​ចិន ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង ដោយ​ការ​ព្យួរ​ទោស​បន្ទាប់​ពី​ពួកគេ​យល់​ព្រម​ចិញ្ចឹម​កូន។ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដដែល ស្ត្រី​ពពោះ​ ជំនួស​ចំនួន ១១​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ។

ចំពោះ​ករណី​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន ទាំង១៣នាក់ ក្រុម​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ វិស័យ​សិទ្ធិ​មនុស្ស និង​ស្ថាន​ទូត​ហ្វីលីពីន​នៅ​ភ្នំពេញ បន្ត​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ដោះលែង ស្ត្រី​ហ្វីលីពីន​ទាំង​នោះ ឱ្យ​មាន​សេរីភាព ដូច​ករណី​មុនៗ​ដែរ ដោយ​លើក​ ហេតុ​ផល​ថា ពួកគាត់ គឺ​ជា​ជន​រងគ្រោះ​ពី​អំពើ​បោកប្រាស់​ស្រដៀង​គ្នា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។