
ពលរដ្ឋកម្ពុជាត្រៀមទៅបោះឆ្នោត ខណៈលទ្ធផលនៃការបោះឆ្នោតនេះត្រូវបានគេសម្រេចរួចបាត់ទៅហើយ។ ជៀសមិនផុតទេដែលកម្ពុជាដើរមកដល់ចំណុចនេះ។
កាលពីចុងខែមិថុនាកន្លងទៅ នៅពេលចាប់ផ្ដើមយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំកម្ពុជាជាយូរមកហើយនោះ បានសម្រេចចិត្តឈប់ប្រើទំព័រហ្វេសប៊ុក (Facebook) របស់លោក ដែលមានអ្នកតាមដានជាង ១៤លាននាក់។ លោក ហ៊ុន សែន ធ្វើដូច្នេះឱ្យបានមុន ក្រោយដឹងយ៉ាងច្បាស់ថា ទំព័រហ្វេសប៊ុករបស់លោកប្រឈមនឹងការដាក់ពិន័យព្យួរមិនឱ្យប្រើរយៈពេល៦ខែ តាមការសម្រេចរបស់ក្រុមប្រឹក្សាត្រួតពិនិត្យខ្លឹមសារអនឡាញរបស់ក្រុមហ៊ុនមេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វេសប៊ុក។ នេះគឺដោយសារតែលោកបានប្រើប្រាស់បណ្ដាញសង្គមមួយនេះបង្ហោះវីដេអូគំរាមកំហែងប្រើអំពើហិង្សាលើគណបក្សប្រឆាំង។ លោក ហ៊ុន សែន បានប្រាប់ឲ្យក្រុមអ្នកគាំទ្រលោកងាកទៅប្រើប្រាស់បណ្ដាញសង្គមមួយផ្សេងទៀតឈ្មោះ តេឡេក្រាម (Telegram)។
ការជ្រើសរើសរបស់លោក ហ៊ុន សែន ចាកចេញពីការជជែកដោយចំហទោះតាមរយៈមធ្យោបាយមិនល្អប្រសើរដូចជា ហ្វេសប៊ុក ទៅប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម ដែលមានតែម្ខាងនោះ សមនឹងការប្រៀបប្រដូចមួយទៅនឹងការបោះឆ្នោតអាណត្តិទី៧នេះ ដែលថា៖ ជាការបោះឆ្នោតមួយដោយគ្មានគណបក្សប្រឆាំងដែលមានសមត្ថភាព និងគ្មានផ្លូវតវ៉ា។ ការបោះឆ្នោតបែបនេះ តំណាងឱ្យចុងបញ្ចប់នៃបទពិសោធន៍ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យរយៈពេលបីទសវត្សកន្លងមកនេះនៅកម្ពុជា។
បច្ចុប្បន្ននេះ គណបក្សកាន់អំណាចកំពុងគ្រប់គ្រងអំណាចនីតិប្បញ្ញត្តិ អំណាចតុលាការ និងអំណាចនីតិប្រតិបត្តិនៅតាមក្រសួងស្ថាប័នរដ្ឋនានា ខណៈសហគមន៍អន្តរជាតិកំពុងផ្ដោតការយកចិត្តទុកដាក់នឹងបញ្ហាចម្បងនៅទីកន្លែងផ្សេងទៀត។ ចំណែកអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យកំពុងត្រូវបានគេបំបិទមាត់។ ដូច្នោះហើយ លោក ហ៊ុន សែន មិនត្រូវការរៀបចំការបោះឆ្នោតមួយដែលលោកមិនអាចសម្រេចទុកជាមុននូវលទ្ធផលបោះឆ្នោតទាំងស្រុងបាននោះទេ។ ហើយលោកក៏មិនត្រូវការធ្វើដូច្នេះនៅមុនពេលបោះជំហានប្រកបដោយល្បិចកលមួយទៀត គឺការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។
លទ្ធិប្រជាធិបតេយ្យ៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន
កាលពី៣០ឆ្នាំមុន ពលរដ្ឋខ្មែរប្រមាណ ៤លានមួយសែននាក់បានបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងក្នុងប្រទេសនេះក្រោយបញ្ចប់សង្គ្រាម។ ទោះបីមានការវាយប្រហារពីក្រុមឧទ្ទាមខ្មែរក្រហម ការបាញ់គ្រាប់ផ្លោងជាប្រចាំ ការគំរាមកំហែង ហេដ្ឋារចនាសម្ពន្ធក្នុងស្រុកត្រូវបានបំផ្លិចបំផ្លាញដោយសារតែសង្គ្រាមស៊ីវិលអស់ជាច្រើនឆ្នាំមកហើយក៏ដោយក្តី ក៏ពលរដ្ឋកម្ពុជាអន្ទះសាចង់ឲ្យសំឡេងរបស់ពួកគេក្នុងការជ្រើសរើសមេដឹកនាំ ត្រូវបានគេដឹងឮ។
អ្នកបោះឆ្នោតប្រមាណជាង៨៦,៨ភាគរយក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត បានបោះឆ្នោតក្នុងរយៈពេលជាង ៦ថ្ងៃ កាលពីខែឧសភាឆ្នាំ១៩៩៣។ ពេលនោះ គណបក្សរាជនិយមហ៊្វុនស៊ិនប៉ិចបានឈ្នះគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានតវ៉ាពីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយបានគំរាមបង្កើតចលនាផ្ដាច់ខ្លួន និងទាមទារធ្វើជាសហនាយករដ្ឋមន្ត្រី។

ពលរដ្ឋពិនិត្យមើលលទ្ធផលបោះឆ្នោតជាតិ កាលពីថ្ងៃទី៣១ ឧសភា ១៩៩៣។ AFP
មិនខុសពីពលរដ្ឋកម្ពុជាជាច្រើននាក់ផ្សេងទៀតដែរ លោកស្រី ទៀប ចាន់ធូ រស់នៅខេត្តប៉ៃលិន បញ្ជាក់ថា ការបោះឆ្នោតកាលពីឆ្នាំ១៩៩៣គឺជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌តែមួយគត់នៅកម្ពុជា។ លោកស្រីថា ការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ មានភាពស្របច្បាប់ច្រើនជាងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះទៀត។
លោកស្រីនិយាយថា៖«កាលពីមុន គ្មានការទិញសន្លឹកឆ្នោតទេ។ ប៉ុន្តែឥឡូវនេះ មនុស្សប្រើប្រាស់ទឹកលុយ»។
កាលពីឧសភាកន្លងទៅ គណបក្សប្រឆាំងធំជាងគេគឺគណបក្សភ្លើងទៀន ត្រូវគេផាត់ចេញពីការបោះឆ្នោតដោយសារតែការិយាធិបតេយ្យផ្នែកបច្ចេកទេស ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយ។ កាលពីខែមិថុនា រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីផាកពិន័យ ដាក់ទោសទណ្ឌ ឬហាមប្រាមមិនឲ្យឈរឈ្មោះឱ្យពលរដ្ឋបោះឆ្នោតឱ្យ ប្រសិនបើអ្នកណាហ៊ានជំរុញឲ្យអ្នកបោះឆ្នោតធ្វើពហិការការបោះឆ្នោត។ ការណ៍នេះស្មើនឹងការហាមឃាត់មធ្យោបាយតែមួយគត់សម្រាប់ការតវ៉ាដំណើរការនៃការបោះឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី៣ កក្កដា ២០២២។ AFP
បន្ថែមពីលើនេះ ក្រែងលោវិសោធនកម្មច្បាប់ទាំងនោះមិនទទួលបានជោគជ័យ សមាជិកគណបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ និងមនុស្សផ្សេងទៀត ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន ចាប់ដាក់គុក និងវាយដំ។
សកម្មជននយោបាយរាប់រយនាក់បានចុះចូលនឹងគណបក្សកាន់អំណាចដោយសារតែនយោបាយវាយផងលួងលោមផង មានដូចជាការចាប់ខ្លួន ការលើកលែងទោស និងការផ្ដល់តួនាទីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ជាដើម។ ក្រោយពេលលោក ហ៊ុន សែន បញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីខែកុម្ភៈ រដ្ឋាភិបាលរបស់លោកបានសន្យាផ្ដល់ការងាររដ្ឋឲ្យអតីតអ្នកសារព័ត៌មាន VOD។
ទោះបីជាមានគណបក្សនយោបាយចំនួន១៧ផ្សេងទៀតចូលរួមប្រកួតប្រជែងក៏ដោយ ក៏គណបក្សទាំងនោះជាគណបក្សតូចតាច គ្មានថវិកាគ្រប់គ្រាន់ ឬជាគណបក្សគ្មានសកម្មភាព។ គណបក្សទាំងនោះអាចនឹងទទួលបានសំឡេងឆ្នោតបន្តិចបន្តួចតែប៉ុណ្ណោះ។ ស្របពេលដែលមានអ្នកសង្កេតការណ៍បោះឆ្នោតបរទេសមួយចំនួនត្រូវបានគេអនុញ្ញាតឲ្យសង្កេតការណ៍ការបោះឆ្នោតនេះក៏ដោយ ក៏ក្រុមអ្នកជំនាញមើលឃើញថា អ្នកសង្កេតការណ៍ទាំងនោះជាអ្នកសង្កេតការណ៍ក្លែងក្លាយ ដែលការប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់ពួកគេពិបាកឱ្យគេជឿទុកចិត្តបាន។
បុរសខ្លាំងប៉ុន្តែទន់ខ្សោយក្នុងការគ្រប់គ្រងអំណាច
ប្រព័ន្ធនយោបាយ ដែលគ្រប់គ្រងអំណាចយ៉ាងតឹងរ៉ឹង និងបានចាក់ឫសរាប់ទសវត្សមកហើយនោះ ត្រូវបានគេតុបតែងលម្អឲ្យដូចទៅនឹងលទ្ធិប្រជាធិបតេយ្យយ៉ាងដូច្នោះដែរ ខណៈឧបាយកលទុច្ចរិតរបស់លោក ហ៊ុន សែន ធានាការគ្រប់គ្រងក្ដោបក្ដាប់អំណាច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ AFP
ទោះបីជាយ៉ាងណា លោក ហ៊ុន សែន កំពុងអនុវត្តប្រព័ន្ធនយោបាយនេះប្រកបដោយការភ័យខ្លាចក្នុងឆាកជីវិតនយោបាយរបស់លោក។
«នៅពេលដែលអ្នកធ្វើការងារនៅក្នុងបរិយាកាសនយោបាយដែលគ្មានភាពប្រាកដប្រជា និងគ្មានភាពជឿជាក់លើខ្លួនឯងនោះ អ្នកព្យាយាមច្បាមអំណាចទាំងស្រុងដោយលះបង់ទោះក្នុងតម្លៃណាក៏ដោយ»។
នេះបើតាមការពន្យល់របស់អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Ryerson នៃក្រុង Toronto បណ្ឌិត ពៅ សូរពង្ស។
គ្រោះថ្នាក់សម្រាប់លោក ហ៊ុន សែន បានបង្ហាញច្បាស់ក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ
នៅពេលដែលគណបក្សប្រឆាំងពីរបានច្របាច់បញ្ចូលគ្នានៅមុនពេលបោះឆ្នោតឆ្នាំ២០១៣ អ្នកសង្កេតការណ៍ខ្លះរំពឹងថា ភាគីនិយម និងជម្លោះផ្ទៃក្នុង នឹងមិនបណ្តាលឲ្យគណបក្សប្រឆាំងកើនសំឡេងឆ្នោតឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោត ៤៤ភាគរយ។ ចំណែកគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ៤៨ភាគរយ។ ការណ៍នេះធ្វើឲ្យលោក ហ៊ុន សែន និងអ្នកនយោបាយសំខាន់ៗភ្ញាក់ផ្អើលដោយគ្មានត្រៀមខ្លួនទុកជាមុន។

ពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ រុះរើរនាំងរបស់សមត្ថកិច្ច ពេលកំពុងតវ៉ានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ កញ្ញា ២០១៣។ AP
ដោយជឿជាក់ថា គណបក្សកាន់អំណាចលួចសន្លឹកឆ្នោត ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានធ្វើការតវ៉ាទ្រង់ទ្រាយធំ និងបង្កើតឲ្យមានវិបត្តិនយោបាយក្រោយការតវ៉ានោះ។ ការតវ៉ានោះត្រូវបានបង្ក្រាបដោយហិង្សា ដែលបង្កឡើងដោយសមត្ថកិច្ចប៉ូលិស ការចាប់ខ្លួន និងការផ្ដន្ទាទោស។ ក្នុងពេលដែលលោក ហ៊ុន សែន កំពុងច្បាមអំណាចក្នុងដៃ លោកបានរៀនសូត្រពីមេរៀននៃការមិនអាចរំពឹងទុកបានជុំវិញការបើកលំហនៃការបោះឆ្នោត។
នៅពេលដែលគណបក្សសង្គ្រោះជាតិកើនសំឡេងខ្លាំងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលប្រាប់ឱ្យដឹងមុនពីលទ្ធផលនៃការបោះឆ្នោតជាតិនាពេលខាងមុខ រដ្ឋាភិបាលបានបង្កើនរលកនៃការគាបសង្កត់ ដែលបង្ហាញឲ្យឃើញច្បាស់ពីភាពចាស់ទុំនៃម៉ាស៊ីននយោបាយរបស់លោក ហ៊ុន សែន។
«ចាប់ពីឆ្នាំ១៩៩៨ដល់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ យ៉ាងហោចណាស់គណបក្សប្រឆាំងអាចមានលទ្ធភាពចូលរួមបាន ហើយសារព័ត៌មានឯករាជ្យក៏អាចប្រតិបត្តិការនៅកម្ពុជាបាន»។ នេះបើតាមលោក គល់ បញ្ញា មន្ត្រីឃ្លាំមើលការបោះឆ្នោតឯករាជ្យឈានមុខគេមួយរូប។ លោក គល់ បញ្ញា បានបង្ខំចិត្តសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសកាណាដា (Canada) កាលពីឆ្នាំ២០១៨ ក្នុងពេលមានការបង្ក្រាបដ៏ធ្ងន់ធ្ងរ។
លោក គល់ បញ្ញា និយាយកាលពីពេលដែលលោកនៅកម្ពុជាថា៖ « ទោះបីវាមានបរិយាកាសសម្លុតបំភ័យ យើងនៅតែអាចធ្វើសកម្មភាពបានខ្លះ »។ លោកបន្តថា « ប៉ុន្តែចាប់ពីឆ្នាំ២០១៨មក ស្ថានភាពនិងការប្រកួតប្រជែងនយោបាយបានធ្លាក់ចុះដុនដាបខ្លាំង រហូតដល់លែងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ »។
ប៉ុន្តែឥឡូវនេះស្ថាប័នតុលាការ ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នរៀបចំការបោះឆ្នោត ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សកាន់អំណាច។ លោក ហ៊ុន សែន មានលទ្ធភាពកម្ចាត់គណបក្សប្រឆាំងដោយយកច្បាប់ធ្វើជាអាវុធ។

លោក គល់ បញ្ញា អតីតនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (CONFREL)។ RFA File
ចាប់តាំងពីឆ្នាំ២០១៧មក ក្រោយតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដោយចោទប្រកាន់ថា គណបក្សនេះបានឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទ«ក្បត់ជាតិ»។ រីឯ សមាជិកគណបក្សលោកជាច្រើននាក់ទៀតបានភៀសខ្លួនចេញពីប្រទេស។ រួចហើយក៏មានការចាប់ខ្លួនជាបន្តបន្ទាប់ បណ្តាលឲ្យមានការកាត់ទោសទ្រង់ទ្រាយធំ និងការផ្តន្ទាទោសមនុស្សជាច្រើននាក់។
ដោយសារតែគ្មានមធ្យោបាយដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅកម្ពុជា គណបក្សប្រឆាំងរស់នៅក្រៅប្រទេសបានប្រមូលផ្តុំគ្នាតវ៉ា ដូចជានៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) ជាដើម។ ពួកគេបានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទទូចឲ្យគូសវាសសន្លឹកឆ្នោតចោល។
«យើងអំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ឱ្យទៅបោះឆ្នោត ប៉ុន្តែបំផ្លាញសន្លឹកឆ្នោតចោល»។
នេះបើតាមសម្ដីអ្នកស្រី មូរ សុខហួរ ដែលមិនខុសពីក្រុមមន្រ្តីគណបក្សប្រឆាំងផ្សេងទៀតដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។ អ្នកស្រីចោទសួរថា៖ « តើយើងទទួលបានប្រយោជន៍អ្វីខ្លះពីការបំផ្លាញសន្លឹកឆ្នោត ? ការបំផ្លាញសន្លឹកឆ្នោតមានន័យថា លោក ហ៊ុន សែន នឹងមិនទទួលបានភាពស្របច្បាប់ ហើយលោក ហ៊ុន ម៉ាណែត ក៏មិនទទួលបានភាពស្របច្បាប់ដែរ »។
ការបង្កើតឲ្យមានអ្នកស្នងដំណែង
ភាពស្របច្បាប់ជាការចាប់អារម្មណ៍ចម្បងបំផុតរបស់លោក ហ៊ុន សែន ដើម្បីការពារកុំឲ្យកេរ្តិ៍ឈ្មោះលោកខូចបង់ តាមរយៈការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងឱ្យលោក ហ៊ុន ម៉ាណែត ស្នងដំណែងជំនួសលោក ក្នុងចន្លោះឆ្នាំ២០២៨ និងឆ្នាំ២០៣០ ដែលគណបក្សកាន់អំណាចនឹងទទួលស្គាល់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់លោកជាផ្លូវការ។
ឧត្ដមសេនីយ៍ផ្កាយ៤ ដែលទទួលបានការអប់រំពីលោកខាងលិច លោក ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំបរទេសមួយចំនួន ចាប់តាំងពីលោកត្រូវបានជ្រើសរើសជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ស្របពេលដែលលោក ហ៊ុន ម៉ាណែត កំពុងត្រូវបានគេរៀបចំឲ្យស្នងដំណែងពីឪពុកលោកនោះ ការផ្ទេរអំណាចបែបនេះជាចលនាដ៏គ្រោះថ្នាក់មួយក្នុងរបបផ្ដាច់ការ។ លោក ហ៊ុន សែន ក៏បានលើកបន្តុបកូនៗរបស់មន្ត្រីផ្សេងៗទៀតក្នុងជួររដ្ឋាភិបាលរបស់លោកដែរ ឱ្យឡើងកាន់អំណាចដើម្បីឲ្យពួកគេសប្បាយចិត្ត និងដើម្បីទទួលបាននូវការទទួលស្គាល់ពីពលរដ្ឋទូទៅ។

ដោយមិនអាចបាត់បង់ឱកាសសូម្បីតែបន្តិចសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ លោក ហ៊ុន សែនបានផ្ដោតលើកូនប្រុសរបស់លោកឱ្យធ្វើជាអ្នកនាំមុខគេក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោកចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដោយប្រគល់ទង់គណបក្សទៅឲ្យលោក ហ៊ុន ម៉ាណែត។ ជារៀងរាល់ពីរទៅបីថ្ងៃម្តងនៅលើបណ្ដាញសង្គមតេឡេក្រាមរបស់ឪពុកលោក លោក ហ៊ុន ម៉ាណែត បានបញ្ជូនសុន្ទរកថារបស់លោកចេញពីក្បួនយុទ្ធនាការឃោសនាបោះឆ្នោត មកបង្ហោះបន្ត។ លោកបានផុសនៅលើតេឡេក្រាមកាលពីពេលថ្មីៗនេះថា៖ «ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានតួនាទីបម្រើរាស្រ្ត គណបក្សប្រជាជនកម្ពុជាគ្មានសិទ្ធិឈប់សម្រាកឡើយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។