មេធាវី ​​មាន​ស្នាដៃ​​​ជ្រោមជ្រែង​​រំលាយ​បក្ស​ប្រឆាំង ទទួល​​​បាន​ការ​គាំទ្រ​​​​​​ផ្ដាច់​មុខ​ ពី​រដ្ឋាភិបាល​​​ ក្នុង​​ការ​ប្រកួត​តំណែង ​​ប្រធាន​គណៈ​មេធាវី

ដោយ វ៉ែន សុមេធ
2020-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មេធាវី​ម្នាក់​ ក្នុង​ចំណោម​៥នាក់​ ដែល​ធ្លាប់​​​មាន​ស្នាដៃ​​​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​ក្ដី​ ​រំលាយ​​គណបក្ស​ប្រឆាំង ​​​ទទួល​​​បាន​ការ​គាំទ្រ​​ពេញ​ទំហឹង​​​ពី​មន្ត្រី​​រដ្ឋាភិបាល​​​​​ ក្នុង​ការ​ឈរ​​ឈ្មោះ ជា​បេក្ខភាព​ប្រធាន​​គណៈ​មេធាវី អាណត្តិ​ទី​១៣។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ច្បាប់ ​ព្រួយ​បារម្ភ​ថា វិស័យ​យុត្តិធម៌ និង​វិជ្ជា​ជីវៈ​សេរី​ ​​​កាន់​តែ​ធ្លាក់​ចុះ​ ដោយសារ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈ​មេធាវី ធ្វើ​ឡើង​មិន​យុត្តិធម៌ ខ្វះ​តម្លា​ភាព និង ខ្វះការ​ប្រកួត​ប្រជែង​សមត្ថភាព​ដឹក​នាំ​ត្រឹមត្រូវ។

​​​​​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ និង​ក្រុម​អ្នក​ច្បាប់ នៅ​​ក្រៅ​រដ្ឋ​សភា​ មើល​ឃើញ​​ថា រដ្ឋាភិបាល​ ​ខិត​ខំ​​ជួយ​លោក​​មេធាវី លី ច័ន្ទ​តុលា ដើម្បី​ឲ្យ​ក្លាយ​ជា​ប្រធាន​គណៈ​មេធាវី នៅ​អាណត្តិ​ទី​១៣ ដោយសារ​​​​មេធាវី​រូប​នេះ​ ធ្លាប់​មាន​ស្នាដៃ​​​ជួយ​ជ្រោមជ្រែង​​​ក្នុង​រឿង​ក្ដី រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត មណ្ឌល​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង យល់​ថា ​ការ​​ជ្រើសរើស​ប្រធាន​គណៈ​​មេធាវី​រាល់​អាណត្តិ​កន្លង​មក​ ធ្វើ​​​​មិន​ត្រឹមត្រូវ ​ខ្វះ​​តម្លាភាព ហើយ​លើក​​បន្តុប​បក្ខពួក​របស់​គណបក្ស​កាន់​អំណាច ដោយ​បិទ​មេធាវី​​ពូកែៗ មិន​ឲ្យ​មាន​ឱកាស​ ក្លាយ​ជា​អ្នក​​ដឹកនាំ​នៅ​ស្ថាប័ន​នេះ​។ លោក​បន្ត​ថា អាណត្តិ​នេះ ក៏​​ដូច​គ្នា​ដែរ គឺ​របប​ក្រុង​ភ្នំពេញ នឹង​លើក​បន្តុប​មេធាវី លី ច័ន្ទ​តុលា ដើម្បី​​សង​គុណ និង​ងាយ​បញ្ជា​ដោយ​ផ្ទាល់។

លោក ងឹម ញ៉េង ​​ថា ការ​ធ្វើ​បែប​នេះ នឹង​បណ្ដាល​ឲ្យ​​វិជ្ជា​ជីវៈ​​មេធាវី​ធ្លាក់​ចុះ​ ​ហើយ​បញ្ញវន្ត​ មិន​មាន​ឱកាស​​ប្រើ​​ចំណេះ​​អស់​ពី​សមត្ថភាព​ទេ។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​រូប​នេះ បន្ត​ថា ប្រធាន​គណៈ​មេធាវី​​ ១២ អាណត្តិ​ ភាគ​ច្រើន​ជា​មនុស្ស​ជំនិត និង​ជា​អ្នក​បម្រើ​ការងារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ហេតុ​ដូច្នេះ​ទើប​គណៈ​មេធាវី​ ខកខាន​តវ៉ា​នឹង​ច្បាប់​មួយ​ចំនួន ដែល​​អ​ធម្មនុញ្ញភាព​ទៅ​រដ្ឋ​សភា ឬ​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ។

ម្យ៉ាង​ទៀត លោក​ថា គណៈ​មេធាវី​ ក៏​មិន​ដែល​​ស្នើ​សុំ​ពិគ្រោះ​យោបល់​ ពិនិត្យ​​មើល​​ខ្លឹមសារ​​ច្បាប់ ជាមួយ​រដ្ឋសភា​ទេ ដែល​បណ្ដាល​ឲ្យ​វិជ្ជា​ជីវៈ​មេធាវី មិន​រីក​ចម្រើន គឺ​ខុស​ពី​អង្គការ​សមាគម​ផ្សេងៗ ដែល​តែងតែ​ស្នើសុំ​ ឲ្យ​រដ្ឋសភា សើរើ ឬ​ពិនិត្យ​មើល​ខ្លឹមសារ​ច្បាប់ ដែល​ប្រាសចាក​ពី​ច្បាប់​កំពូល។

លោក ងឹម ញ៉េង ព្រួយ​បារម្ភ​ថា វិស័យ​យុត្តិធម៌ និង​វិជ្ជា​ជីវៈ​មេធាវី កាន់​តែ​ធ្លាក់​ដុនដាប​ជាង​មុន​ទៀត នៅ​ពេល​ លោក​មេធាវី លី ច័ន្ទ​តុលា ជាប់​ជា​ប្រធាន​គណៈ​មេធាវី ព្រោះ​ ​មេធាវី​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​​​ជា​អ្នក​ជ្រោមជ្រែង​ ​ការ​រំលាយ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា៖ «បុគ្គល​សម្រាប់​ ការ​បោះឆ្នោត​ជ្រើស​រើស​(ប្រធាន​គណៈ​មេធាវី) ឈ្មោះ លី ច័ន្ទ​តុលា ហ្នឹង បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ជា​ដើម​បណ្ដឹង​ឬ​ការពារ​ក្ដី​ដើម្បី​ឲ្យ​​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​ជា​អំពើ​ទុច្ចរិត​មួយ​ ដែល​រដ្ឋាភិបាល លោក​ ហ៊ុន សែន ហ្នឹង បាន​ធ្វើ​ពី​មុន​មក គឺ​រំលាយ​ឆន្ទៈ​ប្រជារាស្ត្រ​ហើយ ហើយ​មេធាវី ដែល​ចូលរួម​ការពារ​ក្ដី​ហ្នឹង បាន​ន័យ​ថា មេធាវី​ទាំង​អស់​ហ្នឹង បាន​ចូលរួម​​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត ក្នុង​ការ​រំលាយ​ឆន្ទៈ​​របស់​ប្រជាពលរដ្ឋ​ហ្នឹង។ អ៊ីចឹង សួរ​ថា​តើ នៅ​ពេល គាត់​ទទួល​តួនាទី​ ជា​ប្រធាន​គណៈ​មេធាវី​ ប្រជាពលរដ្ឋ​ខ្មែរ ​មាន​សង្ឃឹម​ថា គាត់​(​លី ច័ន្ទ​តុលា)​ហ្នឹង​ ប្រព្រឹត្តិ​អំពើ​សុចរិត​ឬ​អត់ វា​អត់។ ដូច្នេះ​សម្រាប់​ខ្ញុំ គណៈ​មេធាវី ដរាប​ណា មិន​ទាន់​មាន​ឯករាជ្យ​មិន​ទាន់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន»

លោក​ លី ច័ន្ទ​តុលា គឺ​ជា​​​មេធាវី​​ម្នាក់ ក្នុង​ចំណោម​មេធាវី​​​៥​នាក់ ក្រោម​ការ​ដឹកនាំ​របស់​ លោក​មេធាវី គី តិច ​បាន​ជ្រោមជ្រែង​រឿង​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ចុង​ឆ្នាំ​២០១៧ និង​បាន​​រៀបចំ​ឯកសារ ​ស្នើសុំ​​​តុលាការ​កំពូល ​​បំបិទ​សិទ្ធិ​​​​ធ្វើ​នយោបាយ របស់​មន្ត្រី​បក្ស​ប្រឆាំង​​ ជាង​មួយ​រយ​នាក់ (១១៨)​នាក់ ​រយៈ​ពេល​ ៥​ឆ្នាំ។

លោក លី ច័ន្ទ​តុលា ជា​មេធាវី​ឯកទេសខាង​នីតិ​​ឯកជន​ លោកច្រើន​តែ​កាន់​សំណុំ​រឿង​ទាក់ទងនឹង​​​វិស័យ​​ការងារ​។ ​កូន​ក្ដី របស់​លោក លី ច័ន្ទ​តុលា ជា​ច្រើន គឺ​ជា​ថៅកែ​ក្រុម​ហ៊ុន ឬ ​និយោជក​​ធំៗ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក លី ច័ន្ទតុលា កើត​នៅ​ឆ្នាំ​១៩៧៨។ លោក​គឺ​ជា​កូន​​ពៅ ​ក្នុង​គ្រួសារ​ដែល​មាន​កូន ១០នាក់។ ​ឪពុក​របស់​លោក គឺ​ជា​អតីត​មេឃុំ និង​ម្ដាយ​ជា​កសិករ។ ​គ្រួសារ​របស់​លោក​មាន​ជីវភាព​មធ្យម​នៅ​ជាយ​ក្រុង​ភ្នំពេញ លោក លី ច័ន្ទតុលា ​បញ្ចប់​ការ​សិក្សា​ថា្នក់​បាក់​ឌុប​នៅ​វិទ្យាល័យ​ច្បារ​អំពៅ ក្នុង​​ឆ្នាំ​១៩៩៥ ហើយ​បន្ត​ការ​សិក្សា​ឧត្ដម​សិក្សា ជំនាញ​​ច្បាប់​ឯកជន នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

នៅ​ឆ្នាំ​១៩៩៩ លោក លី ច័ន្ទ​តុលា បាន​អាហារូបករណ៍​​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ ​នៅ​សាកល​វិទ្យា​ល័យ លីយ៉ុង២ (Université Lumière Lyon 2 Berges du Rhone) និង​ ​សកល​វិទ្យាល័យ​ លីយ៉ុង​៣ (Université Jean Moulin Lyon 3)​ នៅ​ប្រទេស​បារាំង។ នៅ​ទី​នោះ លោក លី ច័ន្ទ​តុលា រៀន​ជាមួយ​​​​អ្នកស្រី ឈីវ ភារម្យ បច្ចុប្បន្ន ជា​ភរិយា​របស់ លោក និង​រៀន​ជាមួយ​ លោក កើត​ រិទ្ធិ បច្ចុប្បន្ន​​ គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌។

ក្រោយ​មក លោក​ លី ច័ន្ទ​តុលា ចូល​ធ្វើ​​ការងារ​​ ជា​ក្រឡា​បញ្ជី​នៃ​សហ​ចៅក្រមក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម និង​ជា​​សាស្ត្រាចារ្យ​ច្បាប់ នៅ​ឆ្នាំ​២០០៦។ នៅ​ឆ្នាំ២០១៧ លោក ធ្វើ​ជា​មេធាវី​របស់​ក្រសួង​មហាផ្ទៃ​ ចូលរួម​​ប្ដឹង​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយ​​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល ឲ្យ​ឈ្នះ​​ក្ដី​នយោបាយ​នេះ​រួច​ លោក លី ច័ន្ទ​តុលា ទទួល​បាន​ការ​តែងតាំង​ជា​បន្ត​បន្ទាប់ ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​នៅ​​​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ព្រះ​មហាក្សត្រ តែង​តាំង​លោក  ​ពី​សមាជិក​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មក​ជា​អនុ​ប្រធាន​ មាន​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី ខណៈ​លោក គី តិច ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ នៅ​ពេល​នោះ​ដែរ​​។ នៅ​ឆ្នាំ​២០១៩ ព្រះ​មហាក្សត្រ​ បន្ត​តែងតាំង លោក​ លី ច័ន្ទ​តុលា ​ជា​​មេធាវី​​តំណាង​ដោយ​អាណត្តិ​របស់​រដ្ឋាភិបាល​បន្ថែម​លើ​មុខងារ​ចាស់។

លោក​មេធាវី លី ច័ន្ទ​តុលា ប្រាប់​អាស៊ី​សេរី​ ថា ការ​តតាំង​រឿង​ក្ដី រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ងារ​ទាក់ទង ​នឹង​សមត្ថភាព​របស់​លោក ក្នុង​​វិជ្ជាជីវៈ​មេធាវី ដែល​ត្រូវ​ការពារ​ផល​ប្រយោជន៍​ជូន​កូន​ក្ដី។ ចំណែក​ការ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល ​គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មេធាវី​ទាំង​អស់៖ «ខ្ញុំ​គិត​ថា អា​នេះ​វា​ជា​ការ​ងារ​ទាក់ទង​នឹង​សមត្ថភាព​របស់​បុគ្គល​ ព្រោះ​នៅ​ក្នុង​នេះ ខ្ញុំ​មាន​ប្រជាប្រិយភាព​អ៊ីចឹង​ហើយ ទើប​បាន​យើង ធម្មតា​គឺ​ស្ថាប័ន​គណៈ​មេធាវី គឺ​យើង​​ឯករាជ្យ។​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​បំពេញ​ការងារ​របស់​ខ្ញុំ​នេះ ត្រូវ​គិត​ពី​ចំណុច​ហ្នឹង​ដែរ ដើម្បី​យើង​ធ្វើ​យ៉ាង​ម្ដេច​គឺ​ យើង​រក្សា​ឯករាជ្យ​របស់​យើង។ ប៉ុន្តែ​ទំនាក់ទំនង​អន្តរ​ស្ថាប័ន​យើង​ត្រូវ​រក្សា​ទុក​ដដែល ដើម្បី​ជា​ប្រយោជន៍​របស់​មេធាវី​យើង​ទាំង​អស់​គ្នា»

និស្សិត​ច្បាប់ និង​​​កិច្ចការ​រដ្ឋបាល​សាធារណៈ លោក​ ឃី​ ពិសី យល់​ថា រឿង​ក្ដី​រំលាយ​គណបក្ស​ប្រឆាំង កាល​ពី​ឆ្នាំ​២០១៧​ ជា​ផ្នែក​មួយ ជួយ​ឲ្យ​ លោក លី ច័ន្ទ​តុលា ​មាន​​ឱកាស​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​វិញ ឲ្យ​ក្លាយ​ជា​ប្រធាន​គណៈ​មេធាវី។ លោក ឃី ពិសី សង្កេត​ឃើញ​ថា លោក លី ច័ន្ទ​តុលា បាន​​បង្កើត​កម្មវិធី​ជប់​លៀង ទិញ​ទឹក​ចិត្ត​មេធាវី និង​ទទួល​បាន​ការ​ជ្រោមជ្រែង​​ពី​មន្ត្រី​រដ្ឋាភិបាល​ខ្លាំង​ក្លា រាប់​ចាប់​តាំង​ពី​នាយក​រដ្ឋមន្ត្រី កូន​ប្រុស​ទាំង​បី​របស់​នាយករដ្ឋមន្ត្រី មន្ត្រី​ធំៗ ក្នុង​ជួរ​រាជការ គណៈ​មេធាវី ​ជាដើម ហើយ​ខណៈ​ដែល​លោក លី ច័ន្ទតុលា ជា​មនុស្ស​របស់​រដ្ឋាភិបាល​ស្រាប់​ផង​នោះ ​​​ងាយ​ស្រួល​​គ្រប់​គ្រង និង​បញ្ជា ដូច្នេះ​លោក លី ច័ន្ទ​តុលា មាន​សង្ឃឹម​ច្រើន​ជាង​គេ អាច​​ជាប់​ជា​ប្រធាន​គណៈ​មេធាវី​ នៅ​អាណត្តិ​នេះ៖ «ប្រាកដ​ណាស់ បើ​សិន​ណា​ (ប្រធាន)​គណៈ​មេធាវី ដែល​ឡើង​មក​ហ្នឹង មិន​មែន​ឡើង​ដោយ​​មាន​គោល​នយោបាយ​ច្បាស់លាស់​ទេ គឺ​ប្រាកដ​ណាស់​ វិស័យ​យុត្តិធម៌ នឹង​​វិវឌ្ឍន៍​ទៅ​រក​ភាព​លំបាក​មែន​ទែន​ហើយ ដោយសារ​តែ​យើង​មើល​ឃើញ​ លោក លី ច័ន្ទ​តុលា គាត់​រាង​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល អាច​នឹង​យក​វិស័យ​ហ្នឹង គេ​ហៅ​ថា និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ដើម្បី​ធ្វើ​ជា​ឧបករណ៍ ជា​លេស​បំបិទ​សំឡេង​ណា ដែល​ផ្ទុយ​ណា»

ក្នុង​ចំណោម​បេក្ខភាព​​មេធាវី​ឈរ​ឈ្មោះ ៥នាក់ គឺ មាន​តែ​ លោក លី ច័ន្ទ​តុលា តែ​ម្នាក់​គត់ ដែល​បង្កើត​កម្មវិធី​ជប់លៀង​ ស្វែង​រក​ការ​គាំទ្រ​ពី​មេធាវី​គ្នា​ឯង ឬ​ហៅ​ថា សហភាតា និង​មាន​មន្ត្រី​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​ឃោសនា​ឲ្យ​តាម​គ្រប់​មធ្យោបាយ​ រាប់​ទាំង​តាម​បណ្ដាញ​សង្គម។ ចំណែក​មេធាវី​៤នាក់​ផ្សេង​ទៀត​មាន ២នាក់ គឺ​ជា​មេធាវី​ កាន់​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង គឺ​ លោក​​ កែត ឃី និង​ លោក សំ សុគង់។ បេក្ខជន​ពីរ​នាក់​ទៀត គឺ​​មេធាវី​កាន់​ក្ដី​ឲ្យ​សង្គម​ស៊ីវិល និង​សហគមន៍​ជម្លោះ​ដីធ្លី លោក​មេធាវី សេក សោភ័ណ និង​​មេធាវី​ជើង​ចាស់ លោក ស សូវ៉ាន។

បេក្ខជន​ទាំង​ ៤នាក់ ក៏​មិន​ទទួល​បាន​ការ​គាំទ្រ​ ជា​ចំហ​ពី​មន្ត្រី​​ជាន់​ខ្ពស់​រដ្ឋាភិបាល​ណា​ម្នាក់​ដែរ។ ក្នុង​ចំណោម​អ្នក​ទាំង ៤ អ្នក​ខ្លះ​ ប្រាប់​អាស៊ី​សេរី​ថា ពួក​លោក ​​មិន​មាន​ថវិកា និង​មិន​មាន​​​​លទ្ធភាព​​បង្កើត​កម្មវិធី​ជប់លៀង ច្រៀង​រាំ រក​សំឡេង​គាំទ្រ​ទេ គឺ​មានតែ​ទឹក​ចិត្ត និង​ឆន្ទៈ​ ជួយ​អភិវឌ្ឍន៍​វិស័យ​យុត្តិធម៌ និង​វិជ្ជា​ជីវៈ​មេធាវី។ មេធាវី​ខ្លះ ហៅ​ការ​ជប់លៀង​​ស្វែង​រក​សំឡេង​គាំទ្រ ជា​ការ​ទិញ​​ទឹកចិត្ត។

សមាជិក​គណៈ​មេធាវី លោក សុក សំអឿន សង្កេតឃើញ​​ថា លោក លី ច័ន្ទ​តុលា មាន​ឱកាស​ជាប់​ជា​ប្រធាន​គណៈ​មេធាវី​ច្រើន​ជាង​គេ ដោយសារ​​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ដោយសារ​​ ដៃគូ​ប្រកួត​ប្រជែង នៅ​អាណត្តិ​នេះ​មិន​សូវ​ល្បីឈ្មោះ។

លោក​មេធាវី សុក សំអឿន បន្ត​ថា​ ទោះ​ជា ​លោក លី ច័ន្ទ​តុលា អាច​ជាប់​​ជា​ប្រធាន ហើយ​អាច​​មាន​សមត្ថភាព​​​ពូកែ ឬ​មិន​ពូកែ​ ក៏សុទ្ធ​តែ​មិន​អាច ដឹកនាំ​ស្ថាប័ន​គណៈ​មេធាវី​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​បាន​ដែរ ព្រោះ​អាណត្តិ​ប្រធាន​នេះ មាន​រយៈ​ពេល​ខ្លី​ពេក​ ហើយ​ប្រធាន​នៅ​តែ​បន្ត​យក​ចិត្ត​សហភាតា ដើម្បី​ទទួល​បាន​ការ​គាំទ្រ​នៅ​អាណត្តិ​បន្ទាប់។ លោក មេធាវី សុក សំអឿន​​ ជំរុញ​ឲ្យ​កែប្រែ​លក្ខខណ្ឌ​អាណត្តិ ​​ប្រធាន​គណៈ​មេធាវី ឲ្យ​បាន​​យូរ​ដល់​ ៥​ឆ្នាំ​ ហើយ​គួរ​តែ​អនុញ្ញាត​​ឲ្យ​ឈរ​ឈ្មោះ ត្រឹម​តែ​មួយ​អាណត្តិ​បាន​ហើយ៖ «ពិបាក​ដែល​ហើយ ព្រោះ​អ៊ីចឹង ប្រធាន​គណៈ​មេធាវី គិត​ទៅ គាត់​អាណត្តិ​វា​ខ្លី​​ពេក​។ អាណត្តិ​២​ឆ្នាំ អ៊ីចឹង អាច​នឹង​មាន​ការ​ពិបាក​ (ក្នុង​ការអភិវឌ្ឍន៍)​ដែរ ហើយ​២ឆ្នាំ​ ដូច្នេះ​អា​២​ឆ្នាំ​ដំបូង បើ​សិន​ជា​ចង់​ជាប់​២​ឆ្នាំ​ទៀត ទាល់​តែ​ទាក់ទាញ​ទឹក​ចិត្ត​មេធាវី​ណា។ តែ​បើ​សិន​ជា​អា​២ឆ្នាំ ដំបូង​គាត់​រាង​បន្តឹង​​ៗ​តិច អាច​នឹង​រង្គោះ​រង្គើ​សម្រាប់​គេ​មាន​បោះ​ឆ្នោត​លើក​ទី​២ (អាណត្តិ​ទី​២)។ ដល់​អ៊ីចឹង អាណត្តិ​បេក្ខជន អាច​មាន​ការ​លំបាក​(ការ​អភិវឌ្ឍន៍) សម្រាប់​ពួក​គាត់​ហើយ។ ខ្ញុំ​គិត​ថា ឲ្យ​អាណត្តិ​យូរ​បន្តិច​ទៅ តែ​មិន​បាច់​​មាន​២​អាណត្តិ​ទេ តែ​មួយ​អាណត្តិ​ក៏​បាន​ដែរ។ តែ​អាណត្តិ​យូរ​តែ​ម្ដង​ទៅ ដូច្នេះ​គាត់​មិន​ខ្វល់​រឿង​អាណត្តិ​មួយ​ទៀត​ទេ គឺ​មួយ​អាណត្តិ​រយៈ​ពេល​៥​ឆ្នាំ​ល្អ​ណាស់»

ការ​បោះឆ្នោត​ ជ្រើស​រើស​ប្រធាន​អាណត្តិ​ទី​១៣ នឹង​​ប្រព្រឹត្តិ​ទៅ​ នៅ​ថ្ងៃ​ទី១៦ តុលា​ ខាង​មុខ។ បេក្ខភាព​ទាំង ៥នាក់ កំពុង​ឃោសនា​​​រក​ការ​គាំទ្រ រយៈ​ពេល ១ខែ ចាប់​ពី​ថ្ងៃ​ទី១៥ កញ្ញា ដល់​ថ្ងៃ​ទី​១៤ តុលា។ បច្ចុប្បន្ន គណៈ​មេធាវី​ មាន​សមាជិក ១.៥៧៩នាក់

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល