ព្រះរាជអាជ្ញាក្រុងភ្នំពេញបង្គាប់ទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ករណីក្រុមជនសង្ស័យបន្លំខ្លួនជាសមត្ថកិច្ចទៅជំរិតទារប្រាក់ពីពលរដ្ឋ។ ព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ លោក កែវ សុធា ស្នើទៅក្រសួង មហាផ្ទៃបញ្ជូនរបាយការណ៍ ឬជនសង្ស័យមកតុលាការឲ្យឆាប់រហ័សក្រោយពេលស៊ើបអង្កេត។
សំណើរបស់ព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញបែបនេះ ក្រោយជនសង្ស័យមួយក្រុមជិះរថយន្តទំនើបម៉ាកឡង់គ្រីស័រ (Land Cruiser) ទៅជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនមួយកន្លែងក្នុងក្រុងភ្នំពេញ។ ដីកាចុះថ្ងៃទី២២ ខែកុម្ភៈ បង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតលើជនសង្ស័យឈ្មោះ គង់ ភាសិត និងបក្ខពួកពាក់ព័ន្ធបទល្មើស ដោយមានស្ថានទម្ងន់ទោស បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយកប្រាក់។
សារព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីថ្ងៃទី២៣ កុម្ភៈ បានផ្សាយថា អគ្គនាយិកាក្រុមហ៊ុន គ្រួសារកក់ក្ដៅ អ្នកស្រី ហ៊ឹម សុភ័ក្រ បានដាក់ពាក្យប្ដឹងមកតុលាការក្រុងភ្នំពេញដោយចោទ ប្រកាន់ថា ក្រុមជនសង្ស័យបានបន្លំខ្លួនជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលក្នុងឃ្លាំងទំនិញលោកស្រីសម្លុតទារប្រាក់កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុគ័គ ប្រកាសមិនផ្ដល់បទសម្ភាសឲ្យអាស៊ីសេរីឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា សព្វថ្ងៃ សម្បូរជនក្លែងបន្លំធ្វើជាសមត្ថកិច្ច យោធា ឬឧកញ៉ាដើរជំរិតទារប្រាក់ពីក្រុមឈ្មួញ និងបោកប្រាស់ពលរដ្ឋ។ លោកបន្តថា មូលហេតុដែលពួកគេងាយស្រួលក្នុងបន្លំខ្លួនបែបនេះ ព្រោះឯកសណ្ឋានសមត្ថកិច្ច គឺអាចរកទិញនៅទីផ្សារបាន៖ «»
តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅបានបង្ហាញឲ្យឃើញពីមុខមាត់ក្រុមជនសង្ស័យ និងស្លាកលេខរថយន្តរបស់ពួកគេ ដែលបានជិះទៅកន្លែងឃ្លាំងក្រុមហ៊ុននេះ។
លោក សន ជ័យ រិះគន់ថា ក្រៅពីមានជនក្លែងបន្លំធ្វើជាសមត្ថកិច្ចដើរជំរិតទារលុយពីពលរដ្ឋ ក៏មានសមត្ថកិច្ចខ្លះយកតួនាទីរបស់ខ្លួនទៅជំរិតមកប្រាក់ កន្លែងលក់ដូរ ក្រុមហ៊ុនឯកជន និងពលរដ្ឋ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យស្ថាប័នអនុវត្តច្បាប់ អនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
