នាទីច្បាប់៖ ព្រះរាជអាជ្ញា​មាន​បន្ទុក​បង្ហាញ​ភស្តុតាង​ឱ្យ​លើស​ពី​វិមតិសង្ស័យ

ដោយ ជី វិតា
2021-09-02
Share
នាទីច្បាប់៖ ព្រះរាជអាជ្ញា​មាន​បន្ទុក​បង្ហាញ​ភស្តុតាង​ឱ្យ​លើស​ពី​វិមតិសង្ស័យ លោក គង់ សំអុន ជា​មេធាវី និង​ជា​សាស្ត្រា​ច្បាប់​
រូប៖ ហ្វេសប៊ុកលោក គង់ សំអុន

ច្បាប់​កម្ពុជា​តម្រូវ​ឱ្យ​ព្រះរាជអាជ្ញា​ជា​អ្នក​មាន​បន្ទុក​ក្នុង​ការ​បង្ហាញ​ភស្តុតាង​រឹងមាំ ឬ​ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ នៅ​ពេល​ចោទ​ប្រកាន់​ជន​ណា​ម្នាក់​ពី​បទ​ល្មើស​អ្វី​មួយ ។ ចំណែក​ជន​ជាប់​ចោទ​វិញ ជា​ទូទៅ​មិន​មាន​បន្ទុក​បង្ហាញ​ភស្តុតាង​ពី​ភាព​បរិសុទ្ធ​របស់​ខ្លួន​នោះ​ទេ។

តើ​ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ​មាន​ន័យ​ដូច​ម្ដេច និង​មាន​សារ​សំខាន់​បែប​ណា?

ក្រោម​ច្បាប់​កម្ពុជា ព្រះរាជអាជ្ញា ដែល​តំណាង​ឱ្យ​ស្ថាប័ន​អយ្យការ មាន​តួនាទី​ប្ដឹង​ចោទ​ប្រកាន់​ជន​ទាំង​ឡាយ​ណា ដែល​ជាប់​សង្ស័យ​ថា បាន​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ត្រូវ​បង្ហាញ​ដល់​ចៅក្រម​នូវ​ភស្តុតាង​រឹងមាំ។ ចំណែក​ជន​ជាប់​ចោទ​វិញ ច្បាប់​មិន​តម្រូវ​ឱ្យ​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​មក​លើ​ខ្លួន​ឯង​នោះ​ទេ។
និយាយ​ឱ្យ​ងាយ​ស្ដាប់​ទៅ គឺ​អ្នក​ណា​ចោទ​ប្រកាន់​គេ អ្នក​នោះ​ឯង​ជា​អ្នក​មាន​បន្ទុក​ក្នុង​ការ​រក និង​បង្ហាញ​ភស្តុតាង​ឱ្យ​លើស​ពី​វិមតិ​សង្ស័យ។ ភស្តុតាង​លើស ឬ​ហួស​ពី​វិមតិ​សង្ស័យ គឺ​ជា​ភស្តុតាង​ច្បាស់លាស់ អត់​មាន​ការ​សង្ស័យ សម្រាប់​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ។

លោក គង់ សំអុន ដែល​ជា​មេធាវី និង​ជា​សាស្ត្រា​ច្បាប់​ផង​នោះ ពន្យល់​ថា ចៅក្រម​ដែល​ឯករាជ​នឹង​មិន​ទទួល​យក​ភស្តុតាង​ទាំង​ឡាយ​ណា ដែល​មាន​មន្ទិល​សង្ស័យ មក​ធ្វើ​ជា​មូលដ្ឋាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ឡើយ៖ «នៅ​ក្នុង​តុលាការ​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ បើ​កាល​ណា​សំណុំរឿង​មួយ ព្រះរាជអាជ្ញា​គាត់​បង្ហាញ​ភស្តុតាង​មិន​បាន​លើស​ពី​វិមតិ​សង្ស័យ​ទេ ចៅក្រម​ហ្នឹង​មិន​ចាំបាច់​ឱ្យ​មេធាវី មិន​ចាំបាច់​ឱ្យ​ភាគី​ខាង​ជន​ជាប់​ចោទ​ហ្នឹង​ឡើង​បក​ស្រាយ ឡើង​ការពារ​អី​ទេ គឺ​គេ (ចៅក្រម) ទាត់​ចោល​ភ្លាម ពី​ព្រោះ​ការ​បង្ហាញ​ភស្តុតាង​របស់​ព្រះរាជអាជ្ញា​វា​អត់​លើស​ពី​វិមតិ​សង្ស័យ​ផង អត់​លើស​ពី​កម្រិត​ដែល​ច្បាប់​ត្រូវ​ការ​ផង។ អ៊ីចឹង​គេ​ត្រូវ​ដោះ​លែង​ហើយ គេ​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​ហើយ នេះ​បើ​តាម​ច្បាប់»

នៅ​បើ​តាម​ច្បាប់ ប៉ុន្តែ​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា ច្បាប់​និយាយ​ផ្សេង​ឯ​ការ​អនុវត្ត​ធ្វើ​ផ្សេង។

ជាក់​ស្ដែង មនុស្ស​រាប់​សិប​នាក់​ហើយ រួមមាន អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​សំដែង​មតិ ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ។ ភាគ​ច្រើន​នៃ​បទ​ចោទ​ទៅ​លើ​ពួក​គេ​គឺ បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ជារឿយៗ មេធាវី​ការពារ​ជន​ជាប់​ចោទ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​មន្ត្រី​ទូត​បរទេស ដែល​បាន​ចូលរួម​សង្កេត​សវនាការ​នៃ​សកម្មជន​បក្ស​ប្រឆាំង​ក្ដី សកម្មជន​បរិស្ថាន​ក្ដី ពួក​គេ​តែង​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ព្រះរាជអាជ្ញា​មិន​បាន​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​ឱ្យ​ហួស​ពី​វិមតិ​សង្ស័យ​ក៏​ដោយ ក៏​ចៅក្រម​មិន​ខ្វល់ និង​មិន​សួរ​នាំ​ព្រះរាជអាជ្ញា ប៉ុន្តែ​សម្រេច​ឱ្យ​ជន​ជាប់​ចោទ​មាន​ទោស​តែ​ម្ដង។

ការ​សម្រេច​ក្ដី​របស់​ចៅក្រម​បែប​នេះ តែង​រង​ការ​ថ្កោល​ទោស​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ។ សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ពួក​គេ​តែង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម សំដែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ផ្ដន្ទាទោស​បែប​នោះ។ សម្រាប់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​វិញ ពួក​គេ​តែង​ចេញ​តវ៉ា​តាម​ផ្លូវ​ថ្នល់​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​ដោះ​លែង​សាច់​ញាតិ​របស់​ខ្លួន។ ប៉ុន្តែ​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំង​អស់​នេះ ត្រូវ​ក្រុម​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋ​ចោទ​ថា ជា​អំពើ​ខុស​ច្បាប់។ ក្រុម​អ្នក​នាំ​ពាក្យ រាប់​ចាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ រហូត​ដល់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល ចោទ​ថា ការ​តវ៉ា​ទាំង​អស់​នោះ ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ។ លើស​ពី​នេះ ដោយ​មិន​ខ្វល់​ពី​ការ​ចោទ​ប្រកាន់​ខ្វះ​ភស្តុតាង​របស់​ព្រះរាជអាជ្ញា ក្រុម​អ្នក​នាំ​ពាក្យ​តែង​បង្ហោះ​សារ​ថា បើ​អ្នក​ណា​ចង់​ឱ្យ​ជន​ជាប់​ចោទ​រួច​ពី​ការ​ជាប់​ឃុំ ត្រូវ​ខំ​រក​ភស្តុតាង​រឹងមាំ​មក​បង្ហាញ​តុលាការ ដើម្បី​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់​ពួក​គេ៖ «កាលពីថ្ងៃទី១៨ សីហា ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ទៅ​លើ​តុលាការ​ដែល​បាន​កាត់​ទោស​មេ​សហជីព លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគី​ណា​ក៏​ដោយ​ដែល​ចង់​ជួយ​ដល់​ជន​ជាប់​ចោទ គឺ​គួរ​ចូលរួម​ក្នុង​នីតិវិធី​តុលាការ ហើយ​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​ជន​ជាប់​ចោទ»

ក្នុង​ន័យ​នេះ គឺ​ស​ឱ្យ​ឃើញ​ថា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិន​ខ្វល់​ពី​ការ​ដែល​ព្រះរាជអាជ្ញា​ខ្វះ​ភស្តុតាង​លើស​ពី​វិមតិ​សង្ស័យ​សម្រាប់​ចោទ​ប្រកាន់ ប៉ុន្តែ​បែរ​ជា​លោក​ដាក់​សម្ពាធ​លើ​សាច់​ញាតិ និង​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ដែល​តវ៉ា​ស្រប​ច្បាប់ ឱ្យ​ខំ​រក​ភស្តុតាង​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់​លោក រ៉ុង ឈុន ទៅ​វិញ។

លោក សំ សុគង់ ដែល​ជា​មេធាវី​ពូកែ​តែ​មិន​ដែល​ឈ្នះ​ក្ដី​ក្នុង​សំណុំរឿង​នយោបាយ​នោះ មាន​ប្រសាសន៍​ក្រោយ​សវនាការ​ប្រកាស​សាលក្រម ថ្ងៃ​ទី១៨ សីហា​ថា ក្នុង​អង្គ​ជំនុំជម្រះ​កន្លង​ទៅ ព្រះរាជអាជ្ញា​មិន​មាន​ភស្តុតាង​រឹងមាំ ហួស​ពី​វិមតិ​សង្ស័យ​យក​មក​បង្ហាញ​តុលាការ​ទេ ប៉ុន្តែ​ទោះ​បែប​នោះ​ក្ដី ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក លិ សុខា នៅ​តែ​ប្រកាស​សាល​ក្រម ឱ្យ​កូន​ក្ដី​របស់​លោក គឺ​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ពីរ​នាក់​ផ្សេង​ទៀត​មាន​ទោស​កំហុស​ទៅ​វិញ«សាលក្រម​កាល​ពី​ព្រឹក​មិញ​នេះ ខ្ញុំ​ជា​មេធាវី​មាន​ការ​ខក​ចិត្ត ដោយសារ​មេធាវី​យល់​ឃើញ​ថា ទាក់ទង​ទៅ​នឹង​អង្គហេតុ និង​អង្គ​ច្បាប់ គឺ​កូន​ក្តី​គួរ​តែ​បាន​រួច​ផុត​ពី​បទ​ចោទប្រកាន់។ ប៉ុន្តែ​សាលក្រម​ដែល​ប្រកាស​ព្រឹក​មិញ​នេះ គឺ​ផ្ដន្ទាទោស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ដល់​ជា​អតិបរមា​ដែល​មេធាវី​ពុំ​ដែល​បាន​ជួប​ប្រទះ ហើយ​និង​មាន​ការ​សម្រេច​ឱ្យ​សង​សំណង​ខូច​ខាត​ទៅ​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក៏​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​មិន​ស៊ី​ជា​មួយ​នឹង​ការ​ខូច​ខាត ឬ​ក៏​ព្យសនកម្ម​នៅ​ក្នុង​អង្គហេតុ​នេះ​ទេ»

ចំណែក​លោក​មេធាវី គង់ សំអុន ដែល​មាន​បទ​ពិសោធន៍​តតាំង​ក្ដី​ទាំង​ក្នុង​សវនាការ​តុលាការ​ជាតិ ទាំង​ក្នុង​តុលាការ​ខ្មែរ​ក្រហម ​ឱ្យ​ដឹង​ថា លោក​ក៏​តែង​ជួប​ប្រទះ​កំហុស​ផ្លូវ​ច្បាប់​របស់​ព្រះរាជអាជ្ញា​ដែរ។ លោក​បញ្ជាក់​ថា មាន​ករណី​ជា​ច្រើន ដែល​ព្រះរាជអាជ្ញា​គ្មាន​ភស្តុតាង​រឹងមាំ​សម្រាប់​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ ប៉ុន្តែ​ចៅក្រម​បែរ​ជា​ទទួល​យក​ការ​ចោទ​បែប​នេះ ហើយ​សម្រេច​ឱ្យ​ជន​ជាប់​ចោទ​មាន​ទោស។

លោក​មេធាវី គង់ សំអុន បន្ថែម​ថា យុត្តិធម៌​សំខាន់​ណាស់​សម្រាប់​ជន​ជាប់​ចោទ សម្រាប់​គ្រួសារ​របស់​ពួក​គេ និង​សម្រាប់​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​ជាតិ​ទាំង​មូល។ ហេតុ​ដូច​នេះ លោក​ថា ព្រះរាជអាជ្ញា​មិន​អាច​គ្រាន់​តែ​អាន​អង្គហេតុ​មួយ​ម៉ាត់​ពីរ​ម៉ាត់ រួច​ចោទ​ថា ជន​ជាប់​ចោទ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​ចៅក្រម​ធ្វើ​តាម​សម្ដី​របស់​ព្រះរាជអាជ្ញា​នោះ​ទេ៖ «បើ​យើង​ផ្ដោត​ថា ឱ្យ​តែ​ចោទ ដឹង​ថា​ជាប់ ដឹង​ថា​មាន​ទោស អា​នេះ​ជា​ការ​យល់​ច្រឡំ ជា​កំហុស​មួយ ហើយ​ក្នុង​ការ​អនុវត្ត​តួនាទី​សមត្ថកិច្ច​របស់​អយ្យការ។ ពី​ព្រោះ​ជា​ទូទៅ ខ្ញុំ​ឃើញ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​វា​មាន​អ៊ីចឹង​ដែរ គឺ​ថា អយ្យការ​គាត់​អត់​ព្រម​ដក​ការ​ចោទ​ប្រកាន់ សម្ដី​របស់​គាត់ៗ ថា សុំ​រក្សា​ការ​ចោទ​ប្រកាន់ តែ​ប៉ុណ្ណឹង ហើយ​អត់​បាច់​បង្ហាញ​ភស្តុតាង​អី​ច្រើន នៅ​ក្នុង​ពេល​ជំនុំជម្រះ​ខ្ញុំ​ជួប​តែ​ញឹក។ អា​នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ហ្នឹង​វា​មាន​ការ​ខ្វះខាត»

ចំណែក​ចៅក្រម ជា​អាជ្ញា​កណ្ដាល​មាន​តួនាទី​ត្រួត​ពិនិត្យ​មើល​ថា តើ​ព្រះរាជអាជ្ញា​មាន​ភស្តុតាង​ឬ​ទេ ហើយ​បើ​មាន តើ​ភស្តុតាង​ទាំង​នោះ​ជា​ភស្តុតាង​ត្រឹមត្រូវ ហួស​ពី​វិមតិសង្ស័យ​ឬ​ទេ។ លោក​មេធាវី គង់ សំអុន ពន្យល់​បន្ថែម​ថា ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ ជា​ភស្តុតាង​រឹងមាំ ជាក់​ច្បាស់​សម្រាប់​គាំទ្រ​ដល់​ការ​ចោទ​ប្រកាន់។ លោក​ថា ចៅក្រម​ត្រូវ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ជន​ជាប់​ចោទ បើ​កាល​ណា​ព្រះរាជអាជ្ញា​មិន​មាន​ភស្តុតាង​ហួស​ពី​វិមតិ​សង្ស័យ​ទេ​នោះ៖ «ពាក្យ​ថា លើស​ពី​វិមតិ​សង្ស័យ​ហ្នឹង បាន​ន័យ​ថា ជា​ភស្តុតាង​ច្បាស់​ក្រឡែត នេះ​បើ​តាម​ច្បាប់។ ភស្តុតាង​ច្បាស់ ជា​ភស្តុតាង​ដែល​អស់​ការ​សង្ស័យ កាល​ណា​អស់​សង្ស័យ​វា​ច្បាស់​ហើយ។ អ៊ីចឹង​បើ​បុគ្គល​ម្នាក់​សម្លាប់​គេ វា​ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​សម្លាប់​ហ្នឹង។ ឧទាហរណ៍៖ មាន​សាក្សី​ឃើញ​បុគ្គល​ហ្នឹង​ឯង​ធ្វើ​សកម្មភាព​សម្លាប់​អ៊ីចឹង។ បើ​ថា ប្រើ​កាំបិត​សម្លាប់ វា​ត្រូវ​មាន​កាំបិត ហើយ​បើ​ប្រើ​កាំភ្លើង វា​ត្រូវ​មាន​កាំភ្លើង​យក​មក​ធ្វើ​ជា​ភស្តុតាង​ទៀត។ ហើយ​វា​មាន​កាលៈទេសៈ ហេតុ​អី​ត្រូវ​សម្លាប់ ឧទាហរណ៍ ហើយ​វា​មាន​មូលហេតុ​ដែល​នាំ​ឱ្យ​ស្លាប់​ហ្នឹង។ អ៊ីចឹង​កម្រិត​នៃ​ការ​បង្ហាញ​ភស្តុតាង​ហ្នឹង​មិន​អាច​បែប​ព្រាលៗ ទេ មិន​អាច​ស្មានៗ គ្រាន់​តែ​ថា អូ​អា​ហ្នឹង​វា​ធ្លាប់​ឈ្លោះ​គ្នា​ពី​មុន​មក អ៊ីចឹង​សង្ស័យ​ថា អា​មួយ​ហ្នឹង​ជា​អ្នក​សម្លាប់​ហើយ ឧទាហរណ៍​អ៊ីចឹង អា​ហ្នឹង​អត់​បាន​ទេ អត់​យក​ទេ»

គោលការណ៍​បង្ហាញ​ភស្តុតាង​ឱ្យ​ហួស​ពី​វិមតិ​សង្ស័យ គឺ​ជា​គោល​ការណ៍​សាកល ដែល​មាន​បំណង​ទប់​ស្កាត់​ការ​បង្ហាញ​អង្គហេតុ​ខុស និង​ភស្តុតាង​មិន​ត្រឹមត្រូវ ដែល​អាច​នាំ​ឱ្យ​មាន​ការ​ផ្ដន្ទាទោស​ខុស ឬ​ចាប់​មនុស្ស​គ្មាន​កំហុស​ដាក់​គុក​តាម​អំពើ​ចិត្ត។

អំពើ​អយុត្តិធម៌​កើត​មាន​ឡើង​កាល​ណា​មាន​ការ​កាត់​ទោស​ខុស ព្រោះ​ជន​ជាប់​ឃុំ​ក្លាយ​ជា​ជន​រង​គ្រោះ​ពី​ការ​អនុវត្ត​ច្បាប់​ខ្ជីខ្ជា​របស់​តុលាការ។ លើស​ពី​នេះ ជន​ជាប់​ឃុំ​មិន​ត្រឹម​តែ​ខូចខាត​នូវ​កិត្តិយស​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាត់​បង់​សិទ្ធិ​សេរីភាព ព្រាត់​ប្រាស់​គ្រួសារ និង​ខាត​បង់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ប៉ះពាល់​សុខភាព​រហូត​ដល់​អាយុ​ជីវិត​ទទេៗ ទៀត​ផង។ ហេតុ​ដូច​នេះ​ហើយ ទើប​បាន​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា៣៨ ចែង​ថា «វិមតិ​សង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ»។ នេះ​មាន​ន័យ​ថា បើ​ភស្តុតាង​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​មិន​ច្បាស់ នៅ​មាន​ការ​សង្ស័យ ចៅក្រម​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ និង​ផ្ដល់​សេរីភាព​ដល់​ពួក​គេ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល