ប៉ូលិសក្រសួងមហាផ្ទៃហៅជនរងគ្រោះមកសាកសួររឿងប៉េអិមធ្វើទារុណកម្ម
2020.01.22
សាក្សីនិងជាជនរងគ្រោះ៣នាក់ក្នុងសំណុំរឿងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ វាយដំធ្វើទារុណកម្មបណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់បានចូលបំភ្លឺ តាមការកោះហៅរបស់ប៉ូលិសក្រសួងមហាផ្ទៃ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២១ មករា។ មន្ត្រីអង្គការសង្គមស៊ីវិល នៅតែទាមទារឱ្យតុលាការចាប់អ្នកពាក់ព័ន្ធបន្ថែមទៀត ដាក់ទោសតាមច្បាប់។
ជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ដែលបានប្ដឹងទៅតុលាការរកយុត្តិធម៌ គឺ លោក អាន រួន ថ្លែងថា ប៉ូលិស ៣នាក់បានសាកសួរពួកលោកប្រមាណកន្លះម៉ោង អំពីរឿងដែលកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវាយដំពួកលោក និងធ្វើទារុណកម្មលោក ទុយ ស្រស់ រហូតដល់ស្លាប់។ លោកបញ្ជាក់ថា លោកនិយាយការពិតទាំងអស់អំពីទង្វើហិង្សារបស់មន្ត្រីកងរាជអាវុធហត្ថដូចដែលលោកបានប្រាប់គណៈកម្មការមុនៗរួចមកហើយដែរ៖ «ដែលខ្ញុំឃើញផ្ទាល់គឺពេលខ្ញុំភ្ញាក់កាលណាលឺអូយៗ វាយចូលមកវាយ ហើយវាយគ្របអាវវាយផង វាខ្ទប់ច្រមុះ បិទមាត់វាយ ហើយអុកនឹងក្បាលជង្គង់ត្រង់ចុងដង្ហើមរហូតសន្លប់បាត់មាត់ប្រហែល ២០នាទី ជនរងគ្រោះស្រែអូយៗ ហើយគេចាប់វាយបន្តទៀត។ ឈ្មោះសឿង ហ្នឹងអ្នកវាយជនរងគ្រោះ ហើយយកកាំភ្លើងខ្លីមកភ្ជង់គំរាមថា ឯងចង់ងាប់អត់ អញយកខ្មោចចេញពីកន្លែងនេះ ១១នាក់ហើយ ឯងចង់មួយទៀតបាន ១២នាក់ ឬអីចឹងបើឯងចង់ងាប់យប់នេះ បានតើមិនអីទេ ជាមួយអញស្គាល់អាសឿង៣៨ហើយនៅ ថាអញកាន់គុកតាំងពីប៉ោយប៉ែតរហូតដល់បន្ទាយមានជ័យណាស់ ឯងមានស្គាល់អញអត់?»។
ពលរដ្ឋរូបនេះនៅតែអះអាងថា តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ គឺលោក ទុយ ស្រស់ ដែលជាប់ឃុំជាមួយពួកលោក នៅកន្លែងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្លាប់នៅថ្ងៃទី១ មករា គឺដោយសារការវាយវាយដំ ធ្វើទារុណកម្មបណ្ដាលឱ្យគ្រាំខ្លួន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ លោកបន្តថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ទើបមន្ត្រីអាវុធហត្ថបញ្ជូនបន្តទៅពន្ធនាគារខេត្ត ហើយបានស្លាប់នៅថ្ងៃបន្ទាប់។ រីឯជនរងគ្រោះ ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ ខែមករា។
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ពលរដ្ឋទាំង ៥នាក់ យកទៅឃុំ និងវាយដំ បន្ទាប់ពីពលរដ្ឋជាង ១០០នាក់ បានតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំរកដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់នៅស្រុកស្វាយចេក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់បញ្ជូនខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង និងជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តនេះ គឺលោក ឆយ រដ្ឋនា ទៅតុលាការបន្ទាប់ពីមានបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស៊ើបអង្កេតរឿងនេះ។ តំណាងអយ្យការអមតុលាការខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនមន្ត្រីប៉េអិមទាំងពីររូបនេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។
កងរាជអាវុធហត្ថអះអាងថា មន្ត្រីទាំងពីររូបធ្វេសប្រហែសក្នុងការបំពេញមុខងារ ដោយបានឃាត់ខ្លួនជនសង្ស័យឃុំជាមួយក្រុមក្មេងដែលកំពុងបន្សាបថ្នាំញៀន និងបណ្ដាលឱ្យជនទាំងនោះវាយធ្វើបាបពលរដ្ឋដែលបានចាប់ខ្លួននោះ ធ្វើឱ្យលោក ទុយ ស្រស់ បានស្លាប់។
ផ្ទុយពីការលើកឡើងនេះ លោក អាន រួន អះអាងថា មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានវាយដំទាត់ធាក់ជនរងគ្រោះវង្វេងស្មារតីរួចហើយបានបញ្ជូនទៅឱ្យក្រុមមនុស្សក្បាលត្រងោលដែលកំពុងបន្សាបថ្នាំញៀននៅទីនោះវាយដំធ្វើទារុណកម្មបន្ត។ លោកថា ក្រុមអ្នកញៀនថ្នាំទាំងនោះក៏ពុំមែនជាកូនក្មេងដូចក្នុងរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចនោះឡើយ គឺជាមនុស្សពេញកម្លាំងអាយុចន្លោះពី២០ទៅ៥០ឆ្នាំ៖ «អត់មានក្មេងណាម្នាក់ទេបង សុទ្ធតែមនុស្សធំមានសាក់ពេញខ្លួន ពេលឃើញពួកវាខ្លាចណាស់។ ខ្ញុំថាបងអើយរកយុត្តិធម៌បងឯងធ្វើយ៉ាងណារកឱ្យអស់ឱ្យខ្ញុំផង ខ្ញុំមិនសុខចិត្តទេ ព្រោះអីវាធ្វើបាបខ្ញុំដូចវាហួសហេតុពេក។ គាត់និយាយធ្វើដូចចោរលួចវាយណាតាមអំពើចិត្តអីចឹង ហើយគាត់ថា ចាំគាត់រកយុត្តិធម៌ឱ្យ គាត់នឹងស្រាវជ្រាវ ពេលនេះគាត់ទៅស្រាវជ្រាវនៅកន្លែងពួកអាត្រងោលវាយជនរងគ្រោះដែលបន្សាបគ្រឿងញៀន»។
លោករំពឹងថា ប៉ូលិសអាចនឹងជួយរកយុត្តិធម៌ជូនពួកលោកបាន ពីព្រោះប៉ូលិសបានពិនិត្យមើលស្នាមរបួសនៅលើរាងកាយរបស់លោករួចហើយ។
អាស៊ីសេរីមិនអាចទាក់ទងប៉ូលិសក្រសួងមហាផ្ទៃដែលចុះស៊ើបអង្កេតរឿងនេះ ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃ ទី២១ មករា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា មូលហេតុដែលប៉ូលិសសាកសួរជនរងគ្រោះអំពីរឿងធ្វើទារុណកម្ម គឺដោយសារមានមហាជនចាប់អារម្មណ៍ច្រើន ហើយទំនងជាស្ថាប័ននីមួយៗចង់បង្ហាញថ្វីដៃរៀងៗ ខ្លួន។ ទោះជាយ៉ាងណាលោកថា ការចាប់ខ្លួនជនប្រព្រឹត្តតែ ២នាក់មិនទាន់គ្រប់គ្រាន់នោះទេ ហើយលោកទាមទារឱ្យតុលាការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត៖ «ខ្ញុំថាវាជារឿងល្អដែលដែលមានសមត្ថកិច្ចចុះបំពេញតួនាទីទាំងអស់មានភាពក្លាហានបកអាក្រាតដែលខ្លួនបានរកឃើញជាជាងដែលខ្លួនរកឃើញហើយមិនហ៊ានឬក៏ចេញរបាយការណ៍មួយការពារសមត្ថកិច្ចជាមួយអីជាដើមអីចឹង។យើងអត់ចង់បានថាចេញរបាយការណ៍ដែលមានបញ្ហាអីចឹងទេ ប៉ុន្តែបើសិនជាមានក្រុមចម្រុះដែលបានទៅកិច្ចការងាររឿងនេះ ហ្នឹងអាចមានតម្លាភាព ឬក៏កម្រិតនៃការអនុវត្តច្បាប់ហ្នឹងវាកាន់តែខ្លាំង ហើយច្បាស់លាស់ជាងយើងបណ្ដែតបណ្ដោយឱ្យតែមួយក្រុមធ្វើការ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែទទូចឱ្យតុលាការពន្លឿននីតិវិធីឱ្យបានឆាប់ ដើម្បីរកអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវបន្ថែមទៀត។ លោកថា អង្គការរបស់លោកនឹងតាមដានសំណុំរឿងនេះបន្តទៀត ដើម្បីជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីកុំឱ្យមន្ត្រីមានអំណាចចាប់ពលរដ្ឋវាយធ្វើបាបតាមទំនើងចិត្តតទៅទៀត៕