មេធាវីការពារក្តីឱលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ចោទតុលាការរបបក្រុងភ្នំពេញថា កំពុងរំលោកលើនីតិវិធីនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធ មិនបានឆ្លើយតបទៅនឹងការស្នើសុំឱ្យកូនក្តីរបស់លោកទាំងពីរនាក់ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សថា រាល់សំណុំរឿងណាឱ្យតែពាក់ព័ន្ធនឹងរឿងនយោបាយតុលាការមិនដែលហ៊ានចាត់វិធានការដោយឯករាជ្យនោះទេ។
មេធាវីការពារក្តី សំ សុគង់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ កក្កដាថា មកទល់ពេលនេះតុលាការក្រុងភ្នំពេញមិនទាន់បានឆ្លើយតបចំពោះសំណើស្នើសុំឱកូនក្តីពីរនាក់គឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅឡើយទេ។ លោកបញ្ជាក់ថា លោកបានដាក់ពាក្យស្នើសុំឱកូនក្តីរបស់លោកទាំងពីរបាននៅក្រៅឃុំកាលពីថ្ងៃទី១៩ សប្ដាហ៍មុន តែមកដល់ពេលនេះដល់រយៈពេល៥ថ្ងៃហើយ តុលាការនៅមិនទាន់ឆ្លើយតបនៅឡើយ។
លោកបានចោទប្រកាន់ថា តុលាការបានរំលោភទៅលើនីតិវិធីក្រមព្រហ្មទណ្ឌពីព្រោះថា តុលាការត្រូវតែឆ្លើយរាល់សំណើស្នើសុំរបស់មេធាវីក្នុងរយៈពេលយ៉ាងយូរបំផុតចំនួន៥ថ្ងៃ ដើម្បីសម្រេចថា តើតុលាការឱ្យ ឬមិនឱ្យចំពោះសំណើរបស់មេធាវីការពារជនជាប់ចោទ៖ «ដោយសារក្រុមមេធាវីយល់ឃើញថា កូនក្តីរបស់ខ្លួនហ្នឹងមិនបានប្រព្រឹត្តដូចបទចោទប្រកាន់ទេនេះ ជាចំណុចទី១។ ហើយចំណុចទី២ទាក់ទិនទៅនឹងលក្ខណដែលមានបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹងគឺបើសិនជាបាននៅក្រៅឃុំជាបណ្ដោះអាសន្នហ្នឹង ក៏មិនមានការព្រួយបារម្ភអ្វីដែរ ដោយសារកូនក្តីទាំងពីរនាក់បានសន្យាចំពោះមុខតុលាការថា មិនបង្កការលំបាកដល់ការស៊ើបសួរហើយក៏មិនធ្វើឱមានការរាំងស្ទះ»។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនគង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធដាច់ដោយឡែកៗពីគ្នាកាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ នៅក្នុងខណៈដែលពួកគេបានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប ៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នៅស្ថានីយប្រេងសាំងកាល់តិចជិតស្តុបបូកគោ ក្រុងភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី២៣ កក្កដា នេះ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែន ករុណា បញ្ជាក់ថា ទាំងអ្នកទោសនយោបាយ និងអ្នកទោសសកម្មជនសិទ្ធិមនុស្សតុលាការរបបក្រុងភ្នំពេញកម្រនឹងចាត់វិធានការដោយឯករាជ្យណាស់។ លោកបញ្ជាក់ថា បើតុលាការបន្តឃុំខ្លួនអ្នកទាំងពីរបន្តទៀតនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ខាងផ្លូវច្បាប់៖ «អ្នកទោសមនសិការ ទាំងអ្នកទោស ឬក៏អ្នកទោសសកម្មជនសិទ្ធិមនុស្សឬក៏សកម្មជនដីធ្លីអីជាដើមយើងឃើញថា ឧកាសនៃការបាននៅក្រៅឃុំនេះឃើញថា មានការគិតគូរតិចតួចមែនទែន។ មានន័យថា វាជាជម្រើសមួយក្នុងការដាក់ទុក្ខទោសសម្រាប់ការដាក់ទណ្ឌកម្មផ្លូវចិត្តក្នុងន័យគំរាមកំហែងមិនឱ្យមានការបន្តទៅលើសកម្មភាព ឬក៏សេរីភាពក្នុងការចូលរួមជីវភាពនយោបាយអីទាំងអស់ហ្នឹង»។
លោក គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងយកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១១ ខែកក្កដា។ ទោសទណ្ឌដែលរហូតដល់ឃុំខ្លួននេះ ដោយសារតែលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី។ ចំណែកយុវជន សួង នាគព័ន្ធ វិញ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី១២ ខែកក្កដា ដូចលោក គង់ រ៉ៃយ៉ា ដែរ ដោយសារតែលោកបានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងកាន់ខិត្តប័ណ្ណអំពាវនាវឱ្យបញ្ឈប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
អ្នកស្រី សុខ ស្រីនិច ភរិយារបស់លោក គង់ រ៉ៃយ៉ា បញ្ជាក់ថា អ្នកស្រីព្រួយបារម្ភថា ចំពោះសុខភាពអាចនឹងប៉ះពាល់បន្តទៀត ប្រសិនបើតុលាការនៅតែបន្តឃុំខ្លួននៅក្នុងពន្ធនាគារនោះ៖ «ចា៎គាត់មានផលប៉ះពាល់ខ្លាំងមែនទែន ដោយសារតែក្នុងពន្ធនាគារមានភាពចង្អៀតខ្លាំង ហើយដូចថាឃើញផ្ទាល់ហើយនៅក្នុងពន្ធនាគារ គឺគាត់ធ្លាប់ប្រាប់ខ្ញុំថា នៅហ្នឹងមានអ្នកជក់បារីច្រើនអ៊ីចឹង។ បើសិនជាតុលាការឆ្លើយតបមកអ៊ីចឹងមានផលប៉ះពាល់ច្រើនជុំវិញបញ្ហាសុខភាពគាត់»។
អង្គការជាតិ និងអន្តរជាតិ លើកឡើងថា អ្នកទាំងពីរ គ្រាន់តែជាអ្នកអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិតាមច្បាប់ប៉ុណ្ណោះ គ្មានចំណុចណាមួយជាបទល្មើសនោះទេ ដូច្នេះការចោទប្រកាន់ និងឃុំខ្លួននេះ គឺធ្វើឡើងទាំងបំពានច្បាប់ និងជាការរឹតត្បិតសិទ្ធិសេរីភាពដល់ពួកគេ។
មេធាវីការពារក្តីជនជាប់សង្ស័យទាំងពីរបញ្ជាក់ថា តុលាការក្រុងភ្នំពេញគួរតែអនុញ្ញាតឱ្យកូនក្តីបាននៅក្រៅឃុំដើម្បីចៀសវាងការចោទប្រកាន់ថា តុលាការមានភាពលំអៀង និងអនុវត្តច្បាប់តាមស្តង់ដារពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។