សាលាដំបូងខេត្តរតនគិរីពន្យារពេលសាកសួរមន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ទៅថ្ងៃក្រោយវិញ ដោយសារតែចៅក្រមស៊ើបសួរមានធុរៈផ្ទាល់ខ្លួន។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ ឱ្យអាស៊ីសេរីដឹងថា លោកបានចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការនៅព្រឹកថ្ងៃទី៣ កញ្ញា ក៏ប៉ុន្តែពេលលោកទៅដល់បន្ទប់សវនាការ ក្រឡាបញ្ជីតុលាការបានប្រាប់ថា ចៅក្រមអវត្តមាន មិនអាចដំណើរការនីតិវិធីសាកសួរបានឡើយ។ លោកបញ្ជាក់ថា ក្រឡាបញ្ជីរូបនោះ បានប្រាប់លោកឱ្យរង់ចាំដីកាកោះហៅជាថ្មីទៀតនៅពេលក្រោយ។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក ប៉ែន ប៊ុណ្ណារ៍ និងពលរដ្ឋ៧ នាក់ផ្សេងទៀត ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ដែលប្រព្រឹត្តនៅចំណុចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។ ការប្ដឹងផ្ដល់មន្ត្រីសិទ្ធិមនុស្សរូបនេះ កើតមានឡើងក្រោយពេលរូបលោកបានចូលរួមជាមួយប្រជាសហគមន៍ភូមិសមុទ្រក្រោម ដាក់បណ្ដឹងបរិហារករណីកាប់រានដីព្រៃជាង៨០០ ហិកតារ នៅស្រុកលំផាត់ ទៅតុលាការខេត្តរតនគិរី។
បណ្ដឹងបរិហារនោះ គឺពលរដ្ឋបានប្តឹងអាជ្ញាធរតាំងពីថ្នាក់ភូមិរហូតដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តដែលបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសកើតឡើង ហើយមិនចាត់ការលើក្រុមឧក្រិដ្ឋជន។ ទោះជាយ៉ាងណា បណ្ដឹងបរិហារនោះត្រូវបានស្ថាប័នអយ្យការតម្កល់ទុកឥតចាត់ការ ក៏ប៉ុន្តែបែរជាមានបណ្ដឹងប្រឆាំងមន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋទៅតុលាការពាក់ព័ន្ធនឹងបទញុះញង់ទៅវិញ។
លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យដឹងថា ចៅក្រមស៊ើបសួរបានកោះហៅពលរដ្ឋ ៥នាក់រួចមកហើយឱ្យចូលខ្លួនឆ្លើយបំភ្លឺរឿងនេះ រួចក៏បានដាក់ពួកគាត់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកមិនមានការបារម្ភអំពីរឿងនេះឡើយ ព្រោះលោកជឿជាក់លើសុចរិតភាព និងភាពស្អាតស្អំរបស់ខ្លួន។ លោកបន្ថែមថា មានតែការមិនប្ដឹងបរិហារករណីកាប់រានដីព្រៃទេ ទើបជារឿងខុសច្បាប់ និងសោកស្ដាយសម្រាប់រូបលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។