មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិយាយថា ការដោះលែងម្ចាស់អគារ ៧ជាន់ដែលបានបាក់រលំបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួស នៅក្នុងខេត្តកែប កាលពីសប្ដាហ៍មុន គឺបានធ្វើឡើង ដោយប្រកាន់បក្សពួក និងមិនអនុវត្តទោសឱ្យមានភាពស្នើគ្នាចំពោះមុខច្បាប់។ ប៉ុន្តែ មន្ត្រីរបបក្រុងភ្នំពេញចាត់ទុកថា ការសម្រេចរបស់តុលាការគឺជារឿងត្រឹមត្រូវ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានរិះគន់ការសម្រេចដោះលែង លោក ឯក សារុន ម្ចាស់អគារ ៧ជាន់ដែលបានបាក់ដួលរលំធ្វើឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៥៩នាក់ថា ការដោះលែងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ។
លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួរតែទុករឿងក្តីនេះឱ្យមានការស៊ើបអង្កេតដើម្បីស្វែងរកយុត្តិធម៌ ដល់ជនរងគ្រោះមិនត្រូវសម្រេចដោះលែងនៅពេលដែលសាកសពជនរងគ្រោះមិនទាន់យកចេញពីគំនរបាក់បែកនោះឡើយ។
លោកសង្ស័យថា លោក ឯក សារុន អាចជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទើបតុលាការ មិនហ៊ានចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន៖ «គឺអាចនឹងមានជាប់សាច់ញាតិអ្វី ឬក៏អាចនឹងមាន ខ្សែស្រឡាយគណបក្សកាលទី៣ ខែមករា កន្លងទៅនេះ សំណង់អគារដែលមានកម្ពស់ ៧ជាន់ បានបាក់ដួលរលំរាបដល់ដី បណ្ដាលឱ្យមានមនុស្សចំនួន ៣៦នាក់ស្លាប់ និងរងរបួសចំនួន ២៣នាក់»។
តុលាការខេត្តកំពត ដំបូងឡើយ បានកោះហៅលោក ឯក សារុន ម្ចាស់ការដ្ឋានសំណង់៧ជាន់ និង ជាប្អូនប្រុសមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី៦ ខែមករា មកសាកសួរមិនបានប៉ុន្មានម៉ោងផង ក៏សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នតែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តកំពតលោក ម៉ាន់ បូរ៉េត ប្រាប់អាស៊ីសេរីថា តុលាការបានចោទប្រកាន់លោក ឯក សារុន ពីបទ មនុស្សឃាតដោយអចេតនា និង បង្ករបួសស្នាមដោយអចេតនា ដែលជាបទល្មើសមជ្ឈិមប៉ុណ្ណោះ មិនត្រូវបានឃុំខ្លួនទេ។ លោកថ្លែងការពារចំណាត់ការរបស់តុលាការថា រឿងត្រឹមត្រូវទៅតាមផ្លូវច្បាប់ដោយសារតែ តុលាការក៏បង្គាប់ឱ្យលោក ឯក សារុន បង់ប្រាក់ធានាចំនួន ៣៥៤លានរៀល គឺចំនួនជិត ៩ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំជាបណ្ដោះអាសន្ន៖ «អាហ្នឹងលោកគួរទុកសិទ្ធិឱ្យចៅក្រមស៊ើបសួរសិនទៅ មនុស្សគ្រាន់តែឱ្យនៅក្រៅឃុំអ៊ីចឹងមានជាប់កាតព្វកិច្ចហូរហែមិនអាចទៅណាបានទេ»។
ការបាក់ដួលរលំអគារនេះ មិនមែនជាលើកទីមួយទេ។ ក្នុងរយៈពេលជាង ៦ ខែកន្លងមកនេះមានករណីរលំបាក់អគារ បានកើតឡើងចំនួនបីលើក នឹងសម្លាប់មនុស្សអស់ជិត ៤០ នាក់ និងរបួស នាក់ផ្សេងទៀត។
កាលពីដើមខែធ្នូ ឆ្នាំ ២០១៩ កម្មករបីនាក់ស្លាប់ក្នុងករណីបាក់សាលាឆាន់ និងរងរបួសកម្មករជាង ១០នាក់នៅខេត្តសៀមរាប ហើយ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ អគារវិនិយោគរបស់ជនជាតិចិនកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុ បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។
លោក អំ សំអាត និយាយថា ការបាក់រលំអគារនៅខេត្តព្រះសីហនុអាជ្ញាធរ បានចាប់ជនសង្ស័យ ២នាក់ ដាក់ក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំជំនុំជម្រះទោស តែករណីដូចគ្នាកើតមានឡើងនៅក្នុងខេត្តកែប គ្មានជនសង្ស័យណាមួយត្រូវឃុំខ្លួននោះទេ។ លោកនិយាយថា កម្ពុជានៅតែអនុវត្តស្តង់ដារពីរដូច្នេះ លោកគ្មានសង្ឃឹមថា ប្រជាពលរដ្ឋទូទៅនឹងទទួលបានយុត្តិធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។