តុលាការ​នឹង​បើក​សវនាការ​ជា​លើក​ទី៣ រឿង​ក្រសួង​អប់រំ​លុប​ឈ្មោះ​គ្រូបង្រៀន​ចេញ​ពី​ក្របខ័ណ្ឌ

ដោយ ហេង រស្មី
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ដែល​បាន​ប្ដឹង​ករណី​ក្រសួង​អប់រំ​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​នោះ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​លើក​ទី​ពីរ​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ ទី២៧ មីនា។ ក្រុម​គ្រូបង្រៀន​អះអាង​ថា ប្រសិន​បើ​តុលាការ​សម្រេច​រឿង​ក្ដី​នេះ​ដោយ​យុត្តិធម៌ ពួក​គាត់​នឹង​ទទួល​បាន​ក្របខ័ណ្ឌ​ដូច​ដើម​វិញ។

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​លោក រស់ ពិសិដ្ឋ បាន​ធ្វើ​នីតិវិធី​ផ្សះផ្សា​ជាថ្មី​ម្ដង​ទៀត ប៉ុន្តែ​ភាគី​ទាំងពីរ​ជាពិសេស​ខាង​ក្រសួង​អប់រំ មិន​ព្រម​សះ​ជា​នឹង​គ្នា​វិញ​ឡើយ ដូច្នេះ​ចៅក្រម​ក៏​បាន​បន្ត​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញ​ហេតុផល។

ក្រោយ​ការ​ដេញដោល​ជាង ២ម៉ោង តុលាការ​ក្រុង​ភ្នំពេញ​បាន​កំណត់​រយៈ​ពេល ៣សប្ដាហ៍​ ក្នុង​ការ​សម្រេច ចំពោះ​សំណើ​របស់​ភាគី​ក្រសួង​អប់រំ ដែល​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​បណ្ដឹង​របស់​ក្រុម​គ្រូ​បង្រៀន។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​ស្ដីពី​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញ​ហេតុ​ផល​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​អាស៊ី​សេរី​ទទួល​បាន​ បន្ទាប់ពី​តុលាការ​បាន​បញ្ចប់​សវនាការ​រឿង​នេះ​នៅ​ថ្ងៃ​ទី២៧ មីនា។

តំណាង​ក្រសួង​អប់រំ​បន្ត​លើក​យក​ហេតុ​ផល​ដែល​ថា បណ្ដឹង​របស់​ក្រុម​គ្រូ​បង្រៀន​ ធ្វើ​ឡើង​ហួស​រយៈពេល​កំណត់​ដែល​មាន​ចែង​ក្នុង​ប្រកាស​របស់​ក្រសួង​អប់រំ​ស្ដីពី​នីតិវិធី​នៃ​ការ​ប្ដឹង​តវ៉ា។ នីតិវិធី​នោះ គឺ​បើក​សិទ្ធិ​ឱ្យ​មាន​ការ​ប្ដឹង​តវ៉ា​ទៅ​នឹង​ការ​សម្រេច​របស់​ក្រសួង​ ត្រឹម​រយៈ​ពេល ៦០ថ្ងៃ គិត​ពី​ថ្ងៃ​ចេញ​សេចក្ដី​សម្រេច​នោះ។ តំណាង​ក្រសួង​អប់រំ​បន្ត​ថា នៅ​ក្នុង​ករណី​នេះ ក្រសួង​បាន​លុប​ឈ្មោះ​ក្រុម​គ្រូបង្រៀន​តាំងពី​ចុង​ខែ​មករា ឆ្នាំ២០១៨ ក៏​ប៉ុន្តែ​ពួក​គេ​ទើបតែ​ប្ដឹង​តវ៉ា​នៅ​ខែ​មករា ឆ្នាំ២០១៩ នេះ​ទៅ​វិញ។

ក៏​ប៉ុន្តែ​ខាង​ក្រុម​គ្រូ​បង្រៀន​អះអាង​ថា ពួក​គាត់​​មិន​បាន​ធ្វើ​ផ្ទុយ​នឹង​ប្រកាស​នេះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូ​បង្រៀន​លោក រ៉ុង ឈុន ថ្លែង​ថា ពួក​លោក​​បាន​ដាក់​លិខិត​​ទៅ​ក្រសួង​អប់រំ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​បន្ត​បន្ទាប់ តាម​រយៈ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​នេះ​ និង​ស្នើ​​សុំ​ឱ្យ​ក្រសួង​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ពួក​លោក​​ឡើង​វិញ។ ក៏​ប៉ុន្តែ​សំណើ​ទាំងនោះ មិន​ត្រូវ​បាន​ទទួល​យក​ទៅ​ពិចារណា​ដោះស្រាយ​ឡើយ ដូច្នេះ​ហើយ​ទើប​ក្រុម​គ្រូ​បង្រៀន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ នៅ​ខែ​មករា ឆ្នាំ២០១៩៖ «យើង​បាន​ប្ដឹង​ទៅ​ក្រសួង​អប់រំ​ ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហើយ។ ដូច្នេះ​អត់មាន​និយាយ​រឿង​ ៦០ថ្ងៃ​ទេ​ ពីព្រោះ​នីតិវិធី ​កំពុងតែ​ដំណើរ​ការ​ អ៊ីចឹង​យើង​ទុក​ឲ្យ​នីតិវិធី​អន្តរាគមន៍​ហ្នឹង​ឲ្យ​ក្រសួង​ដោះ​ស្រាយ​ អោយ​នាយក​រដ្ឋមន្ត្រី​ដោះ​ស្រាយ​ប៉ុន្តែ​នៅ​ពេល​ជិត​១០​ខែ ហ្នឹង​យើង​ពុំ​ឃើញ​មាន​ការ​ឆ្លើយ​តប​ពុំ​ឃើញ​មាន​ការ​ដំណោះ​ស្រាយ​ពី​ក្រសួង​ពី​នាយករដ្ឋមន្ត្រី។សម្រេច​ចិត្ត​ចុង​ក្រោយ​ ពួក​យើង​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង​។ នេះ​អត់​មាន​ខុស​ទៅ​នឹង​នីតិវិធី​ឬមួយ​លើស​ថ្ងៃ​ដូច​ការ អះអាង​របស់​ក្រសួង​អប់រំ»

ទោះ​ជា​យ៉ាង​ណា តំណាង​ក្រសួង​អប់រំ​បាន​ចាត់​ទុក​ ការ​ធ្វើ​បែបនេះ​ថា ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ករណី​នេះ​ក្រុម​គ្រូ​បង្រៀន​ត្រូវ​ធ្វើ​បណ្ដឹង​ទាស់​ដោយ​ខ្លួន​ឯង មិន​អាច​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ធ្វើ​ជា​តំណាង​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត តំណាង​ក្រសួង​អប់រំ​បញ្ជាក់​ថា បណ្ដឹង​នេះ​ត្រូវ​ដាក់​មក​តុលាការ​មិន​មែន​ដាក់​ទៅ​នាយក​រដ្ឋ​មន្ត្រី ឬ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូ​បង្រៀន​លោក រ៉ុង ឈុន អះអាង​ថា ក្រុម​គ្រូ​បង្រៀន​គឺ​ជា​សមាជិក​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដូច្នេះ​សមាគម​មាន​សិទ្ធិ​ជា​តំណាង​ស្រប​ច្បាប់​ក្នុង​ការ​អន្តរាគមន៍​ករណី​នេះ។ លោក​សង្កត់​ធ្ងន់​ថា ប្រកាស​របស់​ក្រសួង​គ្មាន​ឥទ្ធិពល​លើ​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នោះ​ឡើយ ដូច្នេះ​បើ​យោង​តាម​ច្បាប់​ ក្រសួង​អាច​ត្រឹម​តែ​ស្ដីបន្ទោស​ ឬ​ណែនាំ​ក្រុម​គ្រូ​បង្រៀន​តែប៉ុណ្ណោះ មិន​អាច​លុប​ឈ្មោះ​ពួក​លោក​ចេញ​ពី​ក្របខ័ណ្ឌ​ដោយ​អយុត្តិធម៌​បែប​នេះ​ឡើយ។ ​លោក​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោ​ក តាម​រយៈ​ការ​​ផ្ដល់​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ដល់​ពួក​លោក​ឡើងវិញ៖ «ក្រុម​គ្រូបង្រៀន​យើង​ប្រកាន់​គោលជំហរ​ទន់​ភ្លន់​ក្នុង​នាម​យើង​ជា​គ្រូ​បង្រៀន​យើង​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ហើយ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​តែ​ដោយឡែក​ក្រសួង​អប់រំ​ជា​អាណាព្យាបាល​របស់​គ្រូ​ផង​បែរ​ជា​ប្រកាន់​ចរិត​មិន​ល្អ​ចំពោះ​គ្រូ​បង្រៀន​ហើយ​គ្រូបង្រៀន​មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​អប់រំ​នោះ​ទេ»

កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុប​ឈ្មោះ​ក្រុម​​គ្រូ​បង្រៀន​ចំនួន​ ១៣នាក់ ​​ចេញ​ពី​ក្របខ័ណ្ឌ​ ក្រោម​ហេតុ​ផល​ថា ពួក​គេ​បាន​​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​ អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះ​ជា​យ៉ាង​ណា ក្រុម​គ្រូបង្រៀន​​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​ថា​ក្រសួង​អប់រំ​បាន​អនុវត្ត​ផ្ទុយ​ទៅ​​នឹង​​​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល។ ពួក​គេ​យល់​ថា ចំណាត់​ការ​របស់​ក្រសួង​នេះ​ គឺ​ជា​រឿង​នយោបាយ​​សុទ្ធសាធ ព្រោះ​ពួក​គេ​គឺ​ជា​អតីត​សកម្មជន គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ដែល​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​គណនេយ្យ​ភាព​សង្គម ស្នើសុំ​ក្រសួង​អប់រំ​ឲ្យ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូ​បង្រៀន​​វិញ ព្រោះ​​ពួក​គេ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល