លោក សួន សេរីរដ្ឋា ថា​ការ​ប្ដឹង​លោក ហោ ណាំហុង មិន​មែន​ជា​ឆាក​ល្ខោន

0:00 / 0:00

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា លើក​ឡើង​ថា ការ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​មិន​មែន​ជា​ឆាក​ល្ខោន​ឡើយ ហើយ​លោក​នឹង​នៅ​តែ​បន្ត​ប្ដឹង ទោះ​បី​សង្ឃឹម​បាន​យុត្តិធម៌​តិចតួច​ក្តី។ ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

លោក សួន សេរីរដ្ឋា អះអាង​ថា លោក ហោ ណាំហុង អស់​ឱកាស​សម្រប​សម្រួល​ជាមួយ​លោក​ហើយ​នៅ​ពេល​នេះ ដោយ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។

ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ជាង ១​ម៉ោង ក្រោម​ការ​សាកសួរ​របស់​ព្រះរាជអាជ្ញា​រង លោក មាស ច័ន្ទពិសិដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា លោក សួន សេរីរដ្ឋា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​បន្ទាប់​ពី លោក ហោ ណាំហុង បាន​ចោទ​ថា គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ​នោះ​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ជំនឿ​នយោបាយ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ដូច្នេះ សាច់​រឿង​នេះ​លោក​បញ្ជាក់​ថា មិន​មែន​ជា​ឈុត​ឆាក​សម្ដែង​ឡើយ ហើយ​លោក​ក៏​មិន​ព្រម​លែង​ដៃ​ឲ្យ លោក ហោ ណាំហុង រួច​ខ្លួន​ដែរ៖ «បើ​យើង​មិន​ទទួល​បាន​យុត្តិធម៌​ពី​សាលា​ដំបូង គឺ​យើង​នឹង​ឈាន​មួយ​ដំណាក់​កាល​ទៀត គឺ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល»

លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី លោក ហោ ណាំហុង បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ថា​គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ។

កន្លង​មក មេធាវី​ការពារ​ក្តី​ឲ្យ លោក ហោ ណាំហុង គឺ​លោក កា សាវុធ បញ្ជាក់​ថា លោក ហោ ណាំហុង គ្មាន​កំហុស​នោះ​ទេ ដោយ​គ្រាន់​តែ​និយាយ​ទៅ​តាម​សាលក្រម​របស់​តុលាការ​ដែល​សម្រេច​ឲ្យ លោក សួន សេរីរដ្ឋា និង​បក្ខពួក ៣​នាក់​ជា​ទណ្ឌិត ក្នុង​ទោស​ក្បត់​ជាតិ មុន​ពេល​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែង​ទោស។ ប៉ុន្តែ លោក សួន សេរីរដ្ឋា ពន្យល់​ថា តុលាការ​ពិត​ជា​បាន​ចោទ​លោក​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ក៏ប៉ុន្តែ​តុលាការ​មិន​បាន​ចោទ​លោក​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​នោះ​ទេ៖ «យើង​មិន​ដែល​ប្រព្រឹត្ត​ភេរវកម្ម ហើយ​តុលាការ​មិន​ដែល​កាត់​ទោស​យើង​អំពី​ភេរវកម្ម​ដែរ។ ដូច្នេះ​ករណី​នេះ គឺ​ខុស​គ្នា ព្រោះ លោក ហោ ណាំហុង ធ្លាប់​បាន​លើក​ឡើង​ថា ពួក​យើង​ធ្លាប់​បាន​ធ្វើ​ភេរវកម្ម គឺ​ជា​រឿង​មួយ​ដែល​ខុស»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក កា សាវុធ អះអាង​ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់ លោក ហោ ណាំហុង ថា​ភេរវករ​នោះ គឺ​សមរម្យ​ណាស់​ទៅ​ហើយ​សម្រាប់ លោក សួន សេរីរដ្ឋា។ ទន្ទឹម​នេះ លោក​បញ្ជាក់​ថា ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ៖ «ការ​ពិត​ទៅ​គាត់​ថា​ភេរវករ​នេះ គឺ​វា​ស្រាល​ជាង​ក្បត់​ជាតិ​ទៀត ព្រោះ​គាត់​អ្នក​ការទូត គាត់​មិន​ហ៊ាន​ប្រើ​ពាក្យ​ក្បត់​ជាតិ​ទេ គាត់​ប្រើ​ពាក្យ​ភេរវករ តាម​ពិត​រឿង​នេះ​គេ​ដាក់​រួម​ក្បត់​ជាតិ។ បើ​គ្មាន​សាល​ដីកា អា​ហ្នឹង​ទើប ហោ ណាំហុង និយាយ​ទៅ​ខុស»

លោក សួន សេរីរដ្ឋា ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី លោក ហោ ណាំហុង ចំនួន ៥០០​លាន​រៀល ហើយ​បើ​ឈ្នះ​ក្ដី សំណង​ជំងឺ​ចិត្ត​នេះ លោក​នឹង​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុង​ពេល​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​សារព័ត៌មាន​នោះ លោក សួន សេរីរដ្ឋា បាន​ឆ្លៀត​បរិហារ​ថា តុលាការ​ខ្មែរ​មិន​មាន​លទ្ធភាព​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ដែល​គ្មាន​អំណាច​ឡើយ។

ទាក់ទិន​នឹង​ទំនាស់​ក្ដីក្ដាំ​នេះ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មិន​អាច​បញ្ជាក់​បាន​ទេ​ថា ភាគី​ណា​មាន​ប្រៀប​ឈ្នះ​ជាង​នោះ ប៉ុន្តែ​លោក​ពន្យល់​ថា ទោះ​បី​ជា​តុលាការ​មិន​បាន​ចោទ លោក សួន សេរីរដ្ឋា ពី​បទ​ភេរវកម្ម​ក៏ដោយ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​អង្គ​ហេតុ​ផ្សេងៗ អាច​ជាប់​ពាក់ព័ន្ធ​ដែរ៖ «យោង​តាម​អង្គ​ហេតុ​យើង​ទាំងអស់​គ្នា​ពិចារណា​បាន​ហើយ​ថា ការ​ចែក​អាវ​យឺត ចែក​នាឡិកា និង​ចែក​វិទ្យុ​ដូច្នេះ​ភេរវកម្ម​អត់? អា​ហ្នឹង​វា​រឿង​នយោបាយ​ទេ»

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើក​លែង​ទោស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ដែល​ជា​ការ​បើក​ច្រក​ឲ្យ​លោក​អាច​ចូល​ប្រឡូក​នយោបាយ​នៅ​កម្ពុជា វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ និង​រារាំង​អ្នក​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។