តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​គ្រូបង្រៀន​ភាសា​អង់គ្លេស​បរទេស​​ម្នាក់ រឿង​បំពាន​ផ្លូវ​ភេទ​​កុមារី ២នាក់

តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​គ្រូបង្រៀន​ភាសា​អង់គ្លេស ជា​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​អំពើ​បំពាន​ផ្លូវ​ភេទ​លើ​កុមារី ២នាក់​មិន​ទាន់​គ្រប់​អាយុ​ពេញវ័យ។

អង្គការ​សកម្មភាព​ដើម្បី​កុមារ អាស្យុង ប៉ូលេ ហ្សង់ហ្វង់ (Action Pour Les Enfants) ហៅ​កាត់​ថា អេផល (APLE) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ឧសភា​ថា បុរស​ជនជាតិ​អង់គ្លេស​អាយុ​៣៧ឆ្នាំ​រូប​នេះ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​រំលោភ​សេពសន្ថវៈ​លើ​កុមារ​ពីរ​នាក់​បងប្អូន ម្នាក់​អាយុ ១៣ឆ្នាំ និង​ម្នាក់​អាយុ ១៧ឆ្នាំ។ បុរស​នេះ រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​តាម​តាម្រា​២៤៦ នៃ​ក្រមព្រហ្មទណ្ឌ ពី​បទ​ប្រទូស​កេរខ្មាស ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ១ឆ្នាំ​ដល់ ៣ឆ្នាំ។

សេចក្ដី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប សហការ​ជាមួយ​អង្គការ​នេះ បាន​ចាត់​វិធានការ​តាម​បណ្ដឹង​របស់​ម្ដាយ​ក្មេង​ស្រី​ទាំង​ពីរ។ តាម​ការ​សាកសួរ​ក្មេង​ស្រី​អាយុ ១៣ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា នាង​និង​បងស្រី​បាន​រងគ្រោះ​ដូច​គ្នា។

ករណី​នេះ​ជា​ជនបរទេស​ទី៣ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ២០២០។ អង្គការ​នេះ​រាយការណ៍​ថា ក្នុង​រយៈ​ពេល ២ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ២០១៨ មក មាន​ជនជាប់ចោទ ១៤នាក់​ហើយ ដែល​មាន​ជនជាតិ​អាមេរិក (American) អង់គ្លេស (British) ស៊ុយអែត (Swedish) អាល្លឺម៉ង់ (German) អូស្ត្រាលី (Australian) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្លូវ​ភេទ ក្នុង​បទ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។