អាជ្ញាធរ​បញ្ជូន​ជនសង្ស័យ ២នាក់​ទៅ​តុលាការ ករណី​បាញ់​អ្នក​រត់​កង់​បី​ម្នាក់​ស្លាប់ នៅ​ខេត្ត​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2020.09.28

អាជ្ញាធរ​អះអាង​ថា​ ជន​សង្ស័យ​ ២នាក់​ក្នុង​ចំណោម​ ៣នាក់ ដែល​បាញ់​បោះ​សេរី​នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​បណ្ដាល​ឲ្យ​បុរស​អ្នក​រត់​កង់បី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នឹង​បញ្ជូន​ទៅ​តុលាការ។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ស្រាវជ្រាវ​លើ​ការ​​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ដោយ​ជនសង្ស័យ​ ដើម្បី​គ្រួសារ​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ និង​សំណង។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹមខឿន​​ ប្រាប់​អាស៊ី​សេរី​ថា ជន​បង្ក​ការ​បាញ់​បោះ ដែល​បណ្ដាល​ស្លាប់​មនុស្ស​ម្នាក់​នោះ មិន​មែន​ជា​ជន​ជាតិ​ចិន​ទេ។ លោក​បញ្ជាក់​ថា ​អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ ២នាក់​ក្នុង​ចំណោម​ ៣នាក់​ជា​ជន​ជាតិ​ខ្មែរ ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បាញ់​បោះ​សេរី​​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ។

លោក​អះអាង​ថា ជន​សង្ស័យ​ទាំង​នេះ ធ្វើ​ការ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ចិន ដែល​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​នៅ​ខែត្រ​ព្រះសីហនុ។ លោក​ថា​ ជន​សង្ស័យ​ទាំង​ពីរ ឥឡូវ​នេះ​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ហើយ រីឯ​ម្នាក់​ទៀត​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន៖ «

ព្រឹត្តិការណ៍​បាញ់​បោះ​សេរី​នៅ​ក្នុង​ខែត្រ​ព្រះសីហនុ​នេះ បាន​ធ្វើ​ឲ្យ​បុរស​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម្នាក់​ស្លាប់​ភ្លាមៗ ក្នុង​ពេល​លោក​កំពុង​អង្គុយ​លើ​រ៉ឺម៉ក​កង់​បី​របស់​ខ្លួន​ ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧ ខែ​កញ្ញា។ ចំណែក​ប្រពន្ធ​​ជន​​រង​គ្រោះ​ ​ទាមទារ​​យុត្តិធម៌​ ​និង​​សង្ឃឹម​​ថា​​ អាជ្ញាធរ​​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ទោះបីជាអ្នកនាំពាក្យអគ្គស្នងការ​នគរបាល​ជាតិ អះអាង​ថា ជន​សង្ស័យ​បាញ់​បោះ​សេរី ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ស្លាប់​នៅ​ខែត្រ​ព្រះសីហនុ​នេះ​ថា ជន​ជាតិ​ខ្មែរ​ក្ដី ប៉ុន្តែ​អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​អះអាង​ថា មាន​ការ​សង្ស័យ​ជា​ច្រើន​ទៀត អំពី​ករណី​នេះ។

នាយក​រង​ អង្គការ​លីកាដូ ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក ​អំ ​សំអាត​ ព្រួយ​បារម្ភ ចំពោះ​សុវត្ថិភាព​ពលរដ្ឋ ​ដែល​រស់​នៅ​ខេត្ត​ព្រះ​សីហនុ។ ​លោក​ថា​ ការ​បង្ក​ហិង្សា​ និង​ជម្លោះ​បាញ់​បោះ​កើត​មាន​ញឹកញាប់។ លោក អំ សំអាត លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​សន្តិសុខ​ជនជាតិ​ខ្មែរ​ អាច​មាន​អាវុធ​ប្រើប្រាស់​ ដែល​គ្រាន់​តែ​បំពេញ​ការងារ​ជា​សន្តិសុខ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នៅ​ខែត្រ​ព្រះសីហនុ​នោះ?។​ លោក​ស្នើ​ឱ្យ​ អាជ្ញាធរ​​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ និង​ចាត់​វិធាន​ការ​តាម​ច្បាប់​ឱ្យបានឆាប់ ដើម្បី​​គ្រួសារ​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌ និង​សំណង​សមរម្យ៖ «

មាត្រា៤ ​នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ហាម​ឃាត់​ចំពោះ​ការ​ប្រើប្រាស់​ ការ​បំពាក់​ ការ​​កាន់​កាប់ ​និង​ការ​យក​តាម​ខ្លួន​ អាវុធ​ និង​គ្រឿង​ផ្ទុះ​ ចំពោះ​ជន​ស៊ីវិល​ទាំង​ឡាយ​ ដែល​មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ ជា​កង​កម្លាំង​ឯក​សណ្ឋាន​ សំដៅ​ដល់​កង​កម្លាំង​នគរបាល​ជាតិ​ និង​កង​ យោធពល​ខេមរភូមិន្ទ​ និង​មន្ត្រី​ ក្នុង​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ​ទាំង​ឡាយ​ មន្ត្រី​តុលាការ​ និង​មន្ត្រី​ស្ថាប័ន​កំពូល​របស់​ជាតិ​ជា​ដើម។

តាម​មាត្រា​២១​ ចែង​ថា​ ជន​ណា​ដែល​ធ្វេស​ប្រហែស​ឲ្យ​ជន​ដទៃ​ យក​អាវុធ​ គ្រឿង​ផ្ទុះ​ និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ​ដែល​ខ្លួន​កាន់កាប់​ទៅ​ប្រើប្រាស់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ដល់ ២ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​ពី ៧០ម៉ឺន​រៀល ដល់​ (៧០០.០០០,០០) ដល់ ២លានរៀល (.០០០.០០០,០០)

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។