មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង ដែល​ដោះ​លែង​ជនជាតិ​ចិន ៨នាក់​ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់​ការ​អ្វី​ឡើយ

ដោយ យ៉ង ចាន់តារា
2024.08.14
មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង ដែល​ដោះ​លែង​ជនជាតិ​ចិន ៨នាក់​ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់​ការ​អ្វី​ឡើយ រូបថតឯកសារ បង្ហាញ​ជនជាតិ​ចិន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ ៨នាក់ ដែល​នគរបាល​អន្តោប្រវេសន៍​ខេត្តស្ទឹងត្រែង​ចាប់​បាន កាល​ពី​ខែមករា ឆ្នាំ២០២៤។
រូប៖ រដ្ឋបាលខេត្តព្រះវិហារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​តុលាការ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​រង គឺ​លោក ជា សុភ័ក្រ ដែល​បង្គាប់​ឱ្យ​ដោះ​លែង​ជនជាតិ​ចិន ៨នាក់​រឿង​ឆ្លង​ដែន​ខុស​ច្បាប់ ពុំ​ទទួល​រង​ទណ្ឌកម្ម និង​ចំណាត់​អ្វី​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ករណី​អនុវត្ត​ច្បាប់​ធូរ​រលុង ចំពោះ​មន្ត្រី ដែល​ជាប់​សង្ស័យ​រឿង​ពុករលួយ​នេះ​ថា ជា​គំរូ​អាក្រក់។

អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ ខែសីហា​ថា ទោះ​បី​ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ ដើម្បី​ស្រាវជ្រាវ​ករណី​ដោះ​លែង​ជនជាតិ​ចិន​ចំនួន ៨នាក់ ដែល​មិន​ប្រក្រតី​នា​ពេល​កន្លង​មក​ក្ដី ប៉ុន្តែ មក​ទល់​ពេល​នេះ ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំ​រឿង និង​បង្គាប់​ឱ្យ​ដោះ​លែង​ជនជាតិ​ចិន​ទាំង ៨នាក់​នៅ​មាន​សេរីភាព និង​បម្រើ​ការងារ​ជា​ធម្មតា។

លោក សុំ ស៊ាងហាក់៖ «ព្រោះ​អី​គេ​បង្កើត [គណៈកម្មការ] នៅ​ក្រសួង ខ្ញុំ​អ្នកនាំពាក្យ​នៅ​សាលាដំបូង​អត់​មាន​សិទ្ធ​ដឹង​រឿង​ហ្នឹង​ទេ គេ​អត់​ឱ្យ​ដឹង​ទេ ព្រោះ​អី​ការងារ​ហ្នឹង​ដោះស្រាយ​នៅ​ក្រសួង ខ្ញុំ​នៅ​សាលាដំបូង​នៅ​ថ្នាក់​ក្រោម​ម៉េច​ដឹង​ថ្នាក់​លើ»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ខែឧសភា បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែល​មាន​ការ​ចូល​រួម​ដោយ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នគរបាល​ថ្នាក់​ជាតិ និង​កម្លាំង​អាវុធហត្ថ​ជា​ដើម ដើម្បី​ស៊ើប​អង្កេត​លើ​ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង និង​មន្ត្រី​ពន្ធនាគារ​ខេត្ត ដែល​បាន​ដោះ​លែង​ជនជាតិ​ចិន​ទាំង ៨នាក់ ដោយ​ពុំ​បាន​ធ្វើ​លិខិត និង​ប្រគល់​ជនជាតិ​ចិន​ទាំង​នោះ មក​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ដើម្បី​បណ្ដេញ​ចេញ​ពី​កម្ពុជា។

តុលាការ​ខេត្តស្ទឹងត្រែង​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន​ទាំង ៨នាក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ខែ ​ពី​បទ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី១០ កុម្ភៈ។ ប៉ុន្តែ ជាប់​គុក​បាន​ប្រមាណ​ជាង ១០ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង គឺ​លោក ជា សុភ័ក្រ បង្គាប់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ឱ្យ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់។

ចំណែក​ឯ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​លទ្ធភាព​ស្រាវជ្រាវ​ករណី​ដោះលែង​ជនជាតិ​ចិន​ទាំង ៨នាក់​នេះ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​នេះ​បាន​បិទ​បញ្ចប់​ច្រើន​ខែ​មក​ហើយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៣ ខែសីហា។

ទាក់ទង​នឹង​រឿង​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា សង្ស័យ​ថា ករណី​នេះ​អាច​ជា​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ហើយ​ប្រសិន​ជា​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ល្មើស​ច្បាប់​ទេ​នោះ លោក បារម្ភ​ថា ករណី​មន្ត្រី​តុលាការ​ដោះលែង​ជនល្មើស​ឱ្យ​រស់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​អាច​បន្ត​កើត​ឡើង​ដដែល។

លោក ចឹក ចិត្រា៖ «យើង​ទទូច​ឱ្យ​អាជ្ញាធរ ជាពិសេស គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ដោះ​លែង [ជនជាតិ​ចិន ៨នាក់] គួរ​តែ​មាន​ចំណាត់​ការ​ឱ្យ​តឹងរ៉ឹង ចំពោះ​មន្ត្រី​ទាំង​អស់​ហ្នឹង គួរណា​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​មាន​ភាព​តឹងរ៉ឹង ចំពោះ​ភារកិច្ច ក៏​ដូចជា ការ​បំពេញ​តួនាទី ចំពោះ​មន្ត្រី​ដែល​រំលោភ​ច្បាប់ ជាពិសេស មន្ត្រី​ផ្សេងៗ ដែល​គាត់​រំលោភ​ច្បាប់​មិន​ថា តែ​ករណី​ជនជាតិ​ចិន​ហ្នឹង​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ បោស​សម្អាត ឬ​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​ការ​សម្រួល​ឱ្យ​ជនល្មើស​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។