មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ ហើយបញ្ជូនទៅតុលាការខេត្តនេះ ពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ។
ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងឈ្មួញម្នាក់ត្រូវរ៉ូវជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ម៉ឹង រដ្ឋា ដែលមន្ត្រីបរិស្ថានចាប់ខ្លួន តែងតែចេញមុខតវ៉ាមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរខេត្តនេះ ដែលអនុញ្ញាតឱ្យឈ្មួញមានឥទ្ធិពលម្នាក់ គឺអ្នកស្រី កែកុល សោភា ម្ចាស់ក្រុមហ៊ុន លឹម វត្តី ឈូសឆាយដីព្រៃអភិរក្ស ទំហំជាង ៣ ពាន់ហិកតារ (៣០៦៤) ប៉ះចំដីព្រៃសហគមន៍ដែនជម្រកសត្វ ប៉ះពាល់ប្រភពចំណូលសហគមន៍ និង ព្រៃឈើបន្សល់ចុងក្រោយទាក់ទាញភ្ញៀវទេសចរ។
ប្រពន្ធរបស់លោក ម៉ឹង រដ្ឋា គឺលោកស្រី លោន ណាវី ប្រាប់វិទ្យុអាស៊ីសេរីថា ប្តីរបស់លោកស្រី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។ លោកស្រីបញ្ជាក់ថា រឿងរ៉ាវកន្លងទៅ គាត់ចេញមុខតវ៉ា ជំទាស់នឹងក្រុមហ៊ុន លឹម វត្តី កាយក្រវាត់ព្រំដី និងឈូសឆាយរំលោភយកដីព្រៃសហគមន៍ដែនជម្រកសត្វ ដែលជាតួនាទីរបស់គាត់ ក្នុងនាមជាប្រធានសហគមន៍ការពារព្រៃឈើ ដែលអាជ្ញាធរ និងពលរដ្ឋផ្តល់សិទ្ធិឱ្យ។
លោកស្រី លោន ណាវី៖ «បញ្ហារឿងដីធ្លីអត់មានទេ តែកន្លងមកគាត់តវ៉ាជាមួយក្រុមហ៊ុនទេ។ តែដល់ពេលឥលូវវាទៅជាដាក់បន្ទុកថា គាត់រុករានដីព្រៃ ទម្លាក់កំហុសលើគាត់»។
កាលពីថ្ងៃទី១៦ ខែមិថុនា តំណាងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ក្រ បានចេញដីកាបញ្ជាឱ្យលោក ម៉ឹង រដ្ឋា ចូលខ្លួន បំភ្លឺនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿង កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលប្រព្រឹត្តក្នុងតំបន់ អតីតរបៀងអភិរក្សជីវចម្រុះការពារធម្មជាតិ ឋិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ តាមបណ្តឹងរបស់មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង។
មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់ខ្លួន លោក ម៉ឹង រដ្ឋា កាលពីយប់ ថ្ងៃទី២៤ មិថុនា ដោយបញ្ជូនទៅឃុំខ្លួនក្នុងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងបានបញ្ជូនគាត់ទៅសាកសួរនៅតុលាការពេញមួយថ្ងៃ នៅថ្ងៃទី២៥ មិថុនា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ក្រ បាននៅឡើយទេ នៅថ្ងៃទី២៥ មិថុនា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។ រីឯប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងលោក ស្រេង ជាហេង និងម្ចាស់ក្រុមហ៊ុនថ្មម៉ាប លឹម វត្តី អ្នកស្រី កែកុល សោភា ក៏មិនទាន់អាចទាក់ទងសុំការអធិប្បាយបានដែរនៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចឹក ចិត្រា ស្នើឱ្យតុលាការពិនិត្យឡើងវិញករណីនេះ ព្រោះទង្វើនេះជាការគំរាមកំហែង និងបំបាក់ទឹកចិត្តពលរដ្ឋ ដែលលះបង់ការពារធនធានធម្មជាតិ៖
លោក ចឹក ចិត្រា៖«លើកទឹកចិត្តគាត់វិញ ជាជាងមានចំណាត់ការផ្លូវច្បាប់ ដើម្បីធ្វើការគំរាមកំហែងផ្សេងៗ លើសហគមន៍ដែលហ៊ានចេញមុខ ក្នុងការការពារធនធានធម្មជាតិ»។
ថ្មីៗនេះ ប្រជាសហគមន៍ការពារព្រៃឈើទាំង៣ នាក់ គឺលោក ម៉ឹង រដ្ឋា លោក វង្ស កែន និង លោក អ៊ុក ម៉ៅ បានបង្ហាញខ្លួនឆ្លើយបំភ្លឺក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនថ្មម៉ាប លឹម វត្តី គឺអ្នកស្រី កែកុល សោភា ដែលមានរឿងអាស្រូវកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំក្នុងតំបន់អភិរក្សខុសច្បាប់។
កន្លងទៅមានឈ្មួញម្នាក់ ដែលអះអាងថា ជាតំណាងពលរដ្ឋ ១០គ្រួសារ រស់នៅរាជធានីភ្នំពេញ ឈ្មោះ កែកុល សោភា ជាម្ចាស់ក្រុមហ៊ុនថ្មម៉ាប លឹម វត្តី បានស្នើសុំអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ឈូសឆាយដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ ពាន់ហិកតារ (៣.០៦៤) ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឋិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។
ក្នុងលិខិតនោះ មានហត្ថលេខា អភិបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយលោក ស្វាយ សំអ៊ាង សរសេរថា បានឃើញ ជូនដល់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធពិនិត្យសម្រួលតាមនីតិវិធី។
អ្នកស្រី កែកុល សោភា គឺជានាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត និងត្រូវជាភរិយារបស់លោក ទូច គង្គា ជាមន្ត្រីប៉េអិម (PM) ពាក់ផ្កាយ ១ និងជាជំនួយការរបស់លោកឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។