តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា នៅថ្ងៃទី៤ ខែវិច្ឆិកា។ ភរិយារបស់លោក គង់ រ៉ៃយ៉ា និងមន្ត្រីសិទ្ធិមនុស្ស ចាត់ទុកសេចក្តីសម្រេចរបស់តុលាការកំពូលថា អយុត្តិធម៌ និងមិនអាចទទួលយកបាន។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ប្រាប់អាស៊ីសេរីថា សេចក្ដីសម្រេចរបស់តុលាការ កំពូលលើសំណុំរឿងសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ពុំមានអ្វីប្រែប្រួល ខុសពីការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ឡើយ ពោលគឺយុវជនកែមឡីនិយមរូបនេះត្រូវជាប់ឃុំបន្តទៅទៀត។ ទោះយ៉ាងណា លោកសុំមិនបកស្រាយ អំពីមូលហេតុ ដែលតុលាការកំពូល មិនអនុញ្ញាតឲ្យយុវជន គង់ រ៉ៃយ៉ា នៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំនោះទេ៖ «មកដល់តុលាការកំពូលគឺតុលាការកំពូលតម្កល់សាដីការបស់ សាលាឧទ្ធរណ៍។ ខ្ញុំសុំមិនបញ្ជាក់អំពីសំអាងហេតុរបស់តុលាការទេណា ព្រោះវាវែង ខ្ញុំចង់បញ្ជាក់ ជូនតែលទ្ធផលទេ»។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ដែលបានចូលស្តាប់ការប្រកាសសាលដីកា រៀបរាប់ថា មូលហេតុដែលតុលាការកំពូលមិនអនុញ្ញាតឲ្យប្តីរបស់លោកស្រីបាននៅក្រៅឃុំបណ្តោះអាសន្ននោះ គឺដោយសារចៅក្រមស៊ើបសួរសាលាដំបូងគ្រោងបិទបញ្ចប់ការស៊ើបសួរ និងបញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជម្រះ ហើយម្យ៉ាងទៀតលក្ខខណ្ឌស្នើសុំនៅក្រៅឃុំ គឺមិនសមរម្យ។ លោកស្រី សុខ ស្រីនិច ខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចនេះ ព្រោះលោកស្រី សង្ឃឹម ១០០ភាគរយថា តុលាការនឹងដោះលែងប្ដីលោកស្រី ដែលគ្មានកំហុសទាល់តែសោះ។ លោកស្រី ថ្កោលទោសតុលាការកំពូលថា មិនបំពេញការងាររបស់ខ្លួនដោយវិជ្ជាជីវៈត្រឹមត្រូវឡើយ៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងស្វាមីខ្ញុំវិញ ជាបន្ទាន់ព្រោះទោះបីជារុញទៅជំនុំជម្រះក៏ដោយ ក៏គាត់គ្មានរឿងទៅជំនុំជម្រះដែរ ព្រោះគាត់អត់ មានបទល្មើសជាក់ស្តែងសម្រាប់ចាប់ចងគាត់នោះទេ។ ការដែលតុលាការបន្តឃុំខ្លួនេះ គឺបង្ហាញឲ្យ ឃើញថា តុលាការអយុត្តិធម៌មែនទែន»។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែ
កក្កដា ក្នុងផ្ទះជួលរបស់គាត់ ជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសាររបស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ក្រោយត្រូវបង្ខំឲ្យស៊ីញ៉េលើក្រដាស់ សន្យាឈប់រំលោភច្បាប់។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ច បានចាប់ខ្លួនលោក សួង នាគព័ន្ធ ដោយចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់ពីលោកចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណ ស្ថានីយ៍ប្រេងឥន្ធនៈកាលតិចស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី និងបានចែកខិតប័ណ្ណអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ តុលាការកំពូល គ្រោងជំនុំជម្រះសំណុំរឿងសុំនៅក្រៅឃុំរបស់លោក សួង នាគព័ន្ធនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា លោក គង់ រ៉ៃយ៉ា មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិរស់នៅក្រៅឃុំ បណ្តោះអាស្ន ព្រោះយុវជនរូបនេះ មានទីកន្លែងស្នាក់នៅ និងមុខរបរពិតប្រាកដ សន្យាមិនគេចខ្លួន និងសហការគ្រប់ដំណាក់កាលនីតិវិធីតុលាការ ហើយលោកគ្រាន់តែជាជនសង្ស័យក្នុងបទល្មើស មជ្ឈិមប៉ុណ្ណោះ។ លោកបន្តថា ការដោះលែងឲ្យនៅក្រៅឃុំនេះ ក៏អាចឲ្យលោក គង់ រ៉ៃយ៉ា មានឱកាសរកចំណូលផ្គត់ផ្គង់គ្រួសារ និងជួយកាត់បន្ថយបន្ទុកផ្សេងៗ របស់ពន្ធនាគារផងដែរ។ ម្យ៉ាងវិញទៀត មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ប្រសិនបើសាលាដំបូងបិទបញ្ចប់ការស៊ើបសួរ ហើយនោះ ដូច្នេះគ្មានភាពចាំបាច់ ដើម្បីឃុំខ្លួនលោក គង់ រ៉ៃយ៉ា ទៀតនោះទេ៖ «ក្រោយពីការឃាត់ខ្លួន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ មក គឺមានអង្គការជាតិនិងអត្តរជាតិចំនួន៨៧ ទាមទារឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកទាំងពីរ ព្រោះការចាប់ខ្លួន និងការចោទប្រកាន់ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញដែលជាការមួយធ្វើឲ្យមានការរិះគន់ធ្ងន់ធ្ងរពីសហគមន៍ជាតិ និងជាតិ។ ការបន្តឃុំខ្លួនទៀតនេះ វានាំឲ្យមានការរិះគន់បន្តទៅទៀត»។
កាលពីថ្ងៃទី២៧ ខែតុលា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញ សេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាអ្នកទោសមនសិកា និងអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់ លើអ្នកទាំងពីរជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះ ពិនិត្យឃើញថា ការចាប់ ឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារតែពួកគេអនុវត្តសិទ្ធិបញ្ចេញមតិ និងសិទ្ធិ ជួបជុំដោយសន្តិវីធីស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម។
អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា ការឃុំខ្លួនយុវជនទាំងពីរនាក់ក្នុងពន្ធនាគារព្រៃស ជាង ៣ខែមកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌរំលោភសិទ្ធិរបស់ពួកគេ ដោយសារអ្នកទាំងពីរ ត្រូវបាន ដាក់ឃុំឃាំងក្នុងបន្ទប់ទំហំ ៤ គុណ ៥ម៉ែត្រ ដែលផ្ទុកអ្នកទោសចាប់ពី ២៥ ទៅ ២៧នាក់ ដូច្នេះមាន ន័យថា ពួកគេត្រូវចែកកន្លែងគ្នារស់នៅក្នុងម្នាក់តិចជាង ០.៧៥ម៉ែត្រការ៉េ។ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ករណីនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត និងសុខភាពរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
