តុលាការកំពូល ជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយមមួយរូប គឺលោក គង់ រ៉ៃយ៉ា ហើយគ្រោងនឹងប្រកាសសាលក្រមនៅសប្ដាហ៍ក្រោយ។ ចំណែកសំណុំរឿងរបស់យុវជន សួង នាគព័ន្ធ តុលាការកំពូល គ្រោងនឹងជំនុំជម្រះនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ នៅមុនការ ជំនុំជម្រះនេះមួយថ្ងៃ អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) បានអំពាវនាវ ដល់របបក្រុងភ្នំពេញ ឲ្យដោះលែងអ្នកទោសមនសិការទាំងពីរនេះ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
ក្រោយបើកសវនាការជំនុំជម្រះរយៈពេលជាងកន្លះម៉ោងនៅព្រឹកថ្ងៃទី២៨ ខែតុលា តុលាការកំពូល គ្រោងប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា នៅថ្ងៃចន្ទទី៤ ខែវិច្ឆិកា ខាងមុខ។ ចំណែកសំណុំរឿងរបស់យុវជន សួង នាគព័ន្ធ វិញ តុលាការកំពូល សម្រេចលើកពេលទៅ ជំនុំជម្រះនៅថ្ងៃទី១៥ ខែវិច្ឆិកា។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ប្រាប់អាស៊ីសេរីថា ក្នុងបន្ទប់ជំនុំជម្រះ តុលាការ បានចោទសួរស្វាមីរបស់លោកស្រី អំពីមូលហេតុ ដែលស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ ស្វាមីរបស់លោកស្រី បានឆ្លើយតបថា ការស្នើសុំនៅក្រៅឃុំនេះ ព្រោះលោកមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះទេ ហើយលោកចង់ទៅមើលថែម្ដាយចាស់ជរាដែលជាស្ត្រីមេម៉ាយ ព្រមទាំងជួយរកស៊ីចិញ្ចឹមភរិយា និងកូនតូច។ លោក គង់ រ៉ៃយ៉ា បានសន្យាចំពោះមុខតុលាការថា នឹងមិនរត់គេច ហើយសហការគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ។ លោកស្រី សុខ ស្រីនិច ដែលបីកូនតូចទៅ ជួបប្ដីក្នុងតុលាការកំពូល រៀបរាប់ទៀតថា លោកស្រីនៅតែរឹងមាំ ហើយសង្ឃឹមថា តុលាការកំពូលនឹងសម្រេចឲ្យប្តីរបស់លោកស្រីបានរស់នៅក្រៅឃុំតាមការស្នើសុំ ព្រោះប្ដីលោកស្រីជាមនុស្សស្អាតស្អំ៖ «តុលាការគ្មានភស្តុតាងចាប់ខ្លួនស្វាមីខ្ញុំទេ ដូច្នេះគាត់គ្មានកំហុសទេ។ ខ្ញុំសង្ឃឹមថា តុលាការនឹងប្រើសមត្ថភាព តួនាទី ឆន្ទៈតាមវិជ្ជាជីវៈរបស់គាត់ ដើម្បីដោះស្រាយសំណុំរឿងស្វាមីរបស់ខ្ញុំ ដោយមិនត្រឹមតែឲ្យមានសេរីភាពបណ្ដោះអាសន្នប៉ុណ្ណោះទេ តែសូមឲ្យទម្លាក់ចោលការចោទប្រកាន់លើស្វាមីខ្ញុំតែម្តង » ។
ក្រុមសហគមន៍រងគ្រោះដីធ្លីនៅភ្នំពេញមួយចំនួន ដូចជា លោកស្រី ច្រាយ នីម ក៏បានទៅតុលាការ កំពូល ដើម្បីបង្ហាញការគាំទ្រដល់យុវជន គង់ រ៉ៃយ៉ា និងក្រុមគ្រួសារដែរ។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយជាមួយអាស៊ីសេរីទេ ក្រោម មូលហេតុថា លោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ជុំវិញការជុំនំជម្រះសំណុំរឿងសុំនៅ ក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា លោក គង់ រ៉ៃយ៉ា មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិរស់នៅក្រៅឃុំបណ្ដោះអាសន្នព្រោះ យុវជនរូបនេះ មានទីកន្លែងស្នាក់នៅ និងមុខរបរពិតប្រាកដ ហើយលោកគ្រាន់តែជាជនសង្ស័យក្នុង បទល្មើសមជ្ឈិមប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើតុលាការ នៅតែបន្តឃុំខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ គឺនឹងបណ្ដាលឲ្យមានការរិះគន់កាន់តែខ្លាំងថា ជាការគំរាមកំហែងបំបាក់ស្មារតី យុវជនកុំឲ្យចូលរួមក្នុងការងារសង្គម ព្រមទាំងជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងជួបជុំដោយសន្តិវិធី៖ «បទល្មើសនេះជាបទល្មើសមជ្ឈិម ដូច្នេះខ្ញុំនៅតែសង្ឃឹមថា តុលាការ កំពូលនឹងពិចារណានឹងពិចារណាឲ្យលោក គង់ រ៉ៃយ៉ា បាននៅក្រៅឃុំ ដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារតទៅទៀត។ វានឹងមានផលលំបាករបស់សង្គមដែរ ប្រសិនបើអ្នកជំហរគ្រួសារទាំងមូល ត្រូវបានជាប់ពន្ធនាគារ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ក្នុងផ្ទះជួលរបស់គាត់ ជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសារ របស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ក្រោយត្រូវបង្ខំឲ្យស៊ីញេលើក្រដាស សន្យាឈប់រំលោភច្បាប់។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ច បានចាប់ ខ្លួនលោក សួង នាគព័ន្ធ ដោយ ចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់ពីលោកចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណ ស្ថានីយប្រេងឥន្ធនៈ កាល់តិច (Caltex) ស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី និងបានចែកខិត្តប័ណ្ណអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
ជុំវិញការលើកយកបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំងពីរមកជំនុំជម្រះនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកទោសមនសិការទាំងពីរនាក់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះ ពិនិត្យឃើញថា ការចាប់ឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារតែពួកគេអនុវត្តសិទ្ធិបញ្ចេញមតិ និង សិទ្ធិជួបជុំដោយសន្តិវិធីស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សជាដើម។
អង្គការលើកលែងទោសអន្តរជាតិរកឃើញថា ការឃុំខ្លួនយុវជនទាំងពីរនាក់ក្នុងពន្ធនាគារព្រៃស ជាង ៣ខែមកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌរំលោភសិទ្ធិរបស់ពួកគេ ដោយសារអ្នកទាំងពីរ ត្រូវបានដាក់ឃុំឃាំងក្នុងបន្ទប់ទំហំ៤គុណ៥ម៉ែត្រដែលផ្ទុកអ្នកទោសចាប់ពី២៥ទៅ២៧នាក់ ដូច្នេះមានន័យថា ពួកគេត្រូវចែកកន្លែងគ្នារស់នៅក្នុងម្នាក់តិចជាង0.៧៥ម៉ែត្រការ៉េ។ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ករណីនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត និងសុខភាពរបស់ពួកគេ ដូច្នេះហើយទើបកន្លងមក លោក គង់ រ៉ៃយ៉ា ធ្វើកូដកម្មបង្អត់អាហារ ៤ថ្ងៃ ដើម្បីស្នើសុំឲ្យសម្រួល បន្ទប់ឃុំឃាំងឲ្យបានទូលាយបន្តិច។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា តាមផ្លូវច្បាប់រដ្ឋាភិបាលគ្មានសមត្ថកិច្ចទៅដោះលែងជនជាប់ឃុំ ដែលកំពុងដំណើរការនីតិវិធីក្នុងតុលាការបានទេ គឺមានតែតុលាការប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចក្នុងករណីនេះ៖ «តាមផ្លូវច្បាប់ មធ្យោបាយមានតែមួយទេ គឺការចូលរួមតាមនីតិវិធីរបស់តុលាការ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ។យើងមិនដឹងថា តុលាការកំពូលសម្រេចយ៉ាងម៉េចទេ ប៉ុន្តែបើសិនជាសម្រេចមិនឲ្យនៅក្រៅឃុំ គឺជនជាប់ឃុំ អាចប្ដឹងសុំនៅក្រៅឃុំពេលណាក៏បាន។ ការសម្រេចថា អ្នកណាមានពិរុទ្ធភាព ឬក៏គ្មាន អ្នកណាខុស ឬក៏ត្រូវ គឺមានតែតុលាការជាអ្នកសម្រេច ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងសក្ខីកម្ម ដែលមានជាធរមាន»។
កន្លងមក អង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងថា ករណីដែលមានចរិតនយោបាយបែបនេះ ទោះបីជាពួកគេមានមេធាវីពូកែយ៉ាងណា និងមានភស្តុតាងគ្រប់គ្រាន់បែបណាក្តី ក៏មិនអាចតតាំងក្តីឈ្នះបានដែរ។
ករណីឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នេះ ខាងអង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ដែរថា របបក្រុងភ្នំពេញកំពុងមានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ អង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអំពាវនាវឱ្យរបបក្រុងភ្នំពេញ ដោះលែងយុវជនទាំងពីរនាក់ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត។
ភរិយារបស់លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច លើកឡើងថា ប្រសិនបើតុលាការកំពូល មិនដោះលែងស្វាមីរបស់លោកស្រីទេ តុលាការនឹងកាន់តែមានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំងបំផុតក្នុងការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។
ទន្ទឹមគ្នានេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏ជំរុញរបបក្រុងភ្នំពេញឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងយុវជន កែម ឡីនិយមដែរ។
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) សម្តែងការខកចិត្តដែលតុលាការកំពូលលើកពេលប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ។ អង្គការនេះជំរុញទៅអាជ្ញាធររបបក្រុងភ្នំពេញ ឲ្យដោះលែងពួកគេទាំងពីររូបជាបន្ទាន់ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងពួកគេ ព្រមទាំងបុគ្គលដទៃទៀត ដែលរបបនេះឃុំខ្លួនពួកគេដោយសារតែការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។
អង្គការ APHR ហៅការលើកពេលប្រកាសសាលដីកាទៅថ្ងៃទី៤ ខែវិច្ឆិកាវិញនេះថាជា ឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញថា អាជ្ញាធរកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីឃុំខ្លួនអ្នកហ៊ានរិះគន់នឹងរបបនេះ។ តំណាងរាស្ត្រឥណ្ឌូនេស៊ី និងជាសមាជិកក្រុមប្រឹក្សានាយកនៃអង្គការ APHR អ្នកស្រី អេវ៉ា ស៊ុនដារី (Eva Sundari) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ APHR ចេញផ្សាយនៅថ្ងៃទី២៨ តុលាថា បទចោទប្រឆាំងនឹងយុវជនទាំងពីររូបនេះ គឺជារឿងមិនសមហេតុផលទាល់តែសោះ។ អ្នកស្រីថា សំណុំរឿងរបស់ពួកគេ ឆ្លុះបញ្ចាំងឲ្យឃើញថា នៅកម្ពុជាសព្វថ្ងៃនេះ អ្នកទាំងឡាយណាដែលហ៊ានបញ្ចេញមតិរបស់ពួកគេតាមទម្រង់ណាមួយក៏ដោយ ដើម្បីគាំទ្រអ្នកដែលហ៊ាននិយាយរិះគន់លោក ហ៊ុន សែន នឹងត្រូវជាប់ពន្ធនាគារ។
ប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR និងជាតំណាងរាស្ត្រម៉ាឡេស៊ី លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែងថា ចៀសជាងចាប់ខ្លួនសកម្មជនដែលជាអ្នកអំពាវនាវរកយុត្តិធម៌ រដ្ឋាភិបាលកម្ពុជា គួរតែបើកការស៊ើបអង្កេតប្រកបដោយតម្លាភាព និងយុត្តិធម៌ ចំពោះករណីឃាតកម្មលោក កែម ឡី។ លោកថា ការស៊ើបអង្កេតមួយប្រកបដោយឯករាជ្យ តម្លាភាព និងដោយមិនលម្អៀង ត្រូវតែធ្វើឡើង ដើម្បីធ្វើឲ្យជ្រះស្រឡះនូវរាល់ចម្ងល់ជាច្រើនជុំវិញករណីឃាតកម្មនេះ។
ដោយឡែក តំណាងរាស្ត្រហ្វីលីពីន និងជាសមាជិក្រុមប្រឹក្សានាយកនៃអង្គការ APHR លោក វលឌែន បេឡូ (Walden Bello) ថ្លែងថា ដោយគ្មានគណបក្សប្រឆាំងជាយន្តការត្រួតពិនិត្យ ការគ្រប់គ្រងបែបផ្តាច់ការរបស់លោក ហ៊ុន សែន កំពុងតែគំរាមកំហែងដល់ការអភិវឌ្ឍន៍កម្ពុជា ហើយកំពុងតែនាំមកនូវគ្រោះថ្នាក់ ដល់ពលរដ្ឋរបស់ខ្លួន។ លោកថា ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូបនៅកម្ពុជា លោក ហ៊ុន សែន គួរតែអនុញ្ញាតឲ្យអ្នកនយោបាយបក្សប្រឆាំងកំពុងភៀសខ្លួននៅក្រៅប្រទេស អាចវិលត្រលប់មកកម្ពុជាវិញបានដោយសន្តិវិធី ដើម្បីចូលរួមស្តារប្រជាធិបតេយ្យ និងកសាងសង្គមកម្ពុជាមួយល្អប្រសើរជាងនេះ សម្រាប់ពលរដ្ឋទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។