តុលាការ​កំពូល​នឹង​ជម្រះ​រឿង​សុំ​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​​យក​​ព័ត៌មាន​អាស៊ី​សេរី​នៅ​សប្ដាហ៍​ក្រោយ

តុលាការ​កំពូល​នឹង​បើក​ការ​ជំនុំ​ជម្រះ​រឿង​ស្នើសុំ​អត្ត​សញ្ញាណ​ប័ណ្ណ និង​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នៅ​ថ្ងៃ​ទី២៧ ឧសភា សប្ដាហ៍​ក្រោយ​នេះ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក សំ ចំរើន ឱ្យ​ដឹង​ថា សវនាការ​នេះ​ធ្វើ​​ឡើង​ជា​សាធារណៈ ហើយ​ពួក​លោក​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នោះ។

ទោះបី​​ជា​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ លែង​ស្ថិត​ក្រោម​នីតិវិធី​ត្រួតពិនិត្យ​ជា​យូរ​មក​ហើយ​ក្តី ក៏​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ​មិនព្រម​​ប្រគល់​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​ដល់​អ្នក​ទាំង​ពីរ​ឡើយ ដោយ​សម្អាង​ថា វត្ថុ​ចាប់​យក​ទាំងនេះ​នៅ​មាន​ភាព​ចាំបាច់​ក្នុង​ដំណាក់​កាល​ស៊ើបសួរ។ សាលា​ឧទ្ធរណ៍​បាន​តម្កល់​ការ​សម្រេច​នេះ​ទុក​ជា​បាន​ការ​ដដែល ដោយ​ទុក​ឱ្យ​ខាង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​ជា​អ្នក​សម្រេច​វិញ។

ទាំង​អ្នក​ច្បាប់ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ដូច​គ្នា​ថា លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ មិន​មែន​ជា​វត្ថុ​តាង​ស្វែង​រក​ការ​ពិត​ក្នុ​ង​សំណុំ​រឿង​នោះ​ឡើយ ដូច្នេះ​តុលាការ​ត្រូវ​ប្រគល់​វត្ថុ​ទាំង​នោះ​ឱ្យ​​ពួក​គេ​វិញ។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ការ​រក្សា​ទុក​ឯកសារ​សម្គាល់​ខ្លួន​ទាំង​នេះ មាន​ន័យ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​​ទាំង​ពីរ​នៅតែ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។