មន្ត្រីពន្ធនាគារ បានអោយដឹងនៅថ្ងៃទី១៣ វិច្ឆិកា ថា ស្ត្រីគ្រូពេទ្យជនជាតិអូស្ត្រាលីឈ្មោះ ថាំមី ដាវីស ឆាលេស (Tammy Davis- Charles) ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទធ្វើអាជីវកម្មពពោះជំនួស សម្រាប់អតិថិជនជនជាតិអូស្ត្រាលី ត្រូវបានដោះលែង កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ។
ការដោះលែងនេះ ស្របពេលដែល អាជីវកម្មពពោះជំនួសនៅក្នុងប្រទេសកម្ពុជាបានកក្រើកជាថ្មីម្តងទៀត ខណៈអាជ្ញាធរកម្ពុជានាពេលថ្មីៗ នេះបានចាប់ស្ត្រីកម្ពុជាដែលមានផ្ទៃពោះចំនួន ៤៣នាក់ ដែលកំពុងពពោះជំនួសអោយអតិថិជនមកពីប្រទេសចិន។
តាមសារព័ត៌មាន The Guardian ផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា នេះថា ការដោះលែងស្ត្រីគ្រូពេទ្យជនជាតិអូស្ត្រាលីរូបនេះ មិនត្រូវគេប្រកាសជាសាធារណៈនោះឡើយ ហើយស្ត្រីរូបនេះក៏មិនដែលបាននិយាយអ្វីជាមួយអ្នកកាសែតទេ ចំពោះការជាប់ពន្ធនាគារព្រៃសរបស់អ្នកស្រី។ ស្ត្រីរូបនេះ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំកន្លះ កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពីបទចោទថា បានក្លែងក្លាយឯកសារផ្សេងៗ ដូចជា សំបុត្រកំណើតទារក ដែលកើតចេញពីការពពោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
