សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើជនសង្ស័យ ១៨នាក់ ពាក់ព័ន្ធករណីពពោះជំនួស ដោយបានកំណត់ប្រភេទបទល្មើស ឬបទចោទ ផ្សេងៗគ្នា។
ក្នុងចំណោមអ្នកទាំង១៨នោះ មាន ១៤ នាក់ ជាប់ចោទពីបទជួញដូរមនុស្សឆ្លងដែន និងអន្តរការី ឬជាអ្នកសម្របសម្រួល រវាងអ្នកសុំកូន និងស្ត្រីពពោះ។ ជនសង្ស័យ៤នាក់ផ្សេងទៀត ត្រូវចោទពីបទសមគំនិត។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានអោយអ្នកសារព័ត៌មានក្នុងស្រុកដឹងថា មុនសម្រេចចោទប្រកាន់ ជនជាប់ចោទទាំងនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការសាកសួរជុំវិញសំណុំរឿងនេះ កាលពីថ្ងៃទី១៣ វិច្ឆិកា និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ក្នុងចំណោមជនជាប់ចោទនោះ មានស្ត្រី១១ នាក់ កំពុងមានផ្ទៃពោះ។
ទោះយ៉ាងណាក្តី លោក លី សុផាណា មិនអាចបញ្ជាក់ ឲ្យដឹងថា អ្នកដែលជួលឲ្យគេពពោះ ជាជនជាតិអ្វី និងជួលក្នុងតម្លៃប៉ុន្មាននោះទេ ដោយសាររឿង នេះ ស្ថិតក្នុងការស៊ើប ត្រូវរក្សាការសម្ងាត់។
នេះជាករណីទី៣ ហើយដែលអាជ្ញាធរចាប់ខ្លួនមនុស្សពាក់ព័ន្ធនឹងការពរពោះជំនួសនេះ។
កាលពីខែកក្កដា ស្ត្រីចំនួន៣២នាក់ និងមេខ្យល់៥នាក់មានជនជាតិចិនម្នាក់ផងត្រូវឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងការពរពោះជំនួសនេះ ដោយត្រូវចោទជុំវិញអំពើជួញដូរមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
