អាជ្ញាធរខេត្តស្វាយរៀងបានបញ្ជូនជនជាតិចិននិងវៀតណាមជាងមួយរយ (១៣០) នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាទៅធ្វើចត្តាឡីស័កនៅផ្ទះសំណាក់គ្រូបង្រៀនក្នុងក្រុងបាវិត។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀងលោក នុត បូពិណ្ណារ័ត្ន ឲ្យដឹងថា អាជ្ញាធរខេត្តបញ្ជូនសំណុំរឿងនេះទៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងកំពុងរង់ចាំការសម្រេច មុននឹងបញ្ជូនទៅតុលាការ។ លោកយល់ថា ចំណាត់ការឃាត់ខ្លួនជនបរទេសទាំងអស់នេះ ជារឿងប្រសើរ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ (Covid-19)។
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនជាតិវៀតណាម និងជនជាតិចិន មានប្រុស មានស្រីប្រមាណជាងមួយរយ (១៣០) នាក់ កាលពីទៀបភ្លឺថ្ងៃទី២៧ ខែមេសា ក្នុងពេលពួកគេ កំពុងនាំគ្នាចុះពីលើម៉ូតូ ចូលក្នុងបរិវេណផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងបាវិត។ ក្នុងចំណោមមនុស្សជាងមួយរយនាក់នោះ សមត្ថកិច្ច សង្ស័យមានជនជាតិចិនចំនួន ១១ នាក់ គឺជាមេខ្យល់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីមន្ត្រីអាជ្ញាធរខេត្ត មន្ត្រីសាលាដំបូងខេត្តស្វាយរៀង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទេ នៅថ្ងៃទី០២ ខែឧសភានេះ។
កាលពីថ្ងៃទី២២ ខែមេសា សមត្ថកិច្ចខេត្តស្វាយរៀង បានឃាត់ខ្លួន មន្ត្រីយោធាពាក់ផ្កាយ២ ឈ្មោះ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបក្ខពួកចំនួន ៦ នាក់ ផ្សេងទៀត ជាជនជាតិខ្មែរបញ្ជូនទៅតុលាការ ដោយសារបានរត់ពន្ធជនជាតិចិន ២៨នាក់ បម្រុងលួចដឹកឆ្លងដែន ទៅប្រទេសវៀតណាម។ បច្ចុប្បន្ន មន្ត្រីយោធា ផ្កាយ២ និងបក្ខពួក ត្រូវបានតុលាការខេត្តស្វាយរៀងឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងល្មើសបម្រាបបិទខ្ទប់។ ចំណែកជនជាតិចិន ទាំង ២៨ នាក់ មិនទាន់បញ្ជូនទៅតុលាការទេ តែអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័ក នៅក្រុងបាវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។