ជនជាតិ​ដើម​ទំពួន​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​ចាប់ខ្លួន​អ្នក​ការពារ​ព្រៃឈើ តែ​មិន​ចាប់​ជនល្មើស

0:00 / 0:00

ជនជាតិ​ដើម​ទំពួន​រស់នៅ​ខេត្តរតនគិរី ខកចិត្ត​ចំពោះ​ទង្វើ​របស់​តុលាការ និង​អាជ្ញាធរ​ខេត្ត​នេះ​ថា បាន​ចាប់ខ្លួន​អ្នកការពារ​ព្រៃឈើ តែ​មិន​ចាប់​ក្រុម​ជនល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​។ ការ លើកឡើង​នេះ ធ្វើឡើង​ក្រោយពី​ព្រៃ​សហគមន៍​ចំនួន​ពីរ ឋិត​ក្នុងស្រុក​លំផាត់ ត្រូវ​ជនល្មើស​កាប់​ឈើ​មានតម្លៃ និង​ទន្ទ្រានព្រៃ​យក​ដី​អស់ទាំង​ស្រុង តែ​មិនទាន់​ឃើញ​អាជ្ញាធរ និង​តុលាការ អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់​ព័​ន្ក្នុ​ង​បទល្មើស​ទាំងនេះ​ធ​នៅឡើយ​ទេ​។

​មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ អស់សង្ឃឹមនឹង​ភាព​ព្រងើយកន្តើយ​របស់ របស់​អាជ្ញាធរ និង តុលាការខេត្ត​រតនគិរី ដែល​មិន​អើពើ​អនុវត្ត​ច្បាប់​ព្រៃឈើ ស្រប​ពេល​ដែល​ពួកគាត់​បាន​ខិតខំ​ប្រមូល​ភស្តុតាង និង​ឯកសារ​ជាច្រើន ស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ តែ​គ្មាន​បាន​ផល​នោះ​ឡើយ​។ តែ​ផ្ទុយទៅវិញ ពលរដ្ឋ​មួយចំនួន ដែល​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ​បាន​ជាប់គុក និង​ខ្លះទៀត ជាប់​បណ្ដឹង​នៅ​តុលាការ។

ជនជាតិ​ដើម​ភាគតិច​ទំពួន លោក ខាំ និន ប្រាប់​វិទ្យុ​ស៊ី​សេរី​នៅ​ថ្ងៃទី១៩ កក្កដា​ថា មក​ទល់​ពេល​នេះ ព្រៃ​សហគមន៍​ភូមិ​កែងសាន់ និង​ព្រៃ​សហគមន៍​ភូមិ​សមុទ្រ​ក្រោម​បាន​រលាយ​អស់ទាំង​ស្រុង​ហើយ ដោយ​គ្មាន​អាជ្ញាធរ​ណាមួយ​ឈឺឆ្អាល​ការពារ និង​អភិរក្ស​នោះ​ឡើយ​។​

លោក​ថា ពួក​លោក​បាន​ប្រឹងប្រែង​ប្រមូល​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ ដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក​-ខេត្ត និង​មន្ទីរ​បរិស្ថាន រួម​ទាំង​តុលាការ​ផង តាំងពី​ឆ្នាំ ២០១៧ ចាប់តាំងពី​ព្រៃ​នៅសល់​ច្រើន ដើម្បី​ទប់ទល់ និង​ស៊ើបអង្កេត រកមុខ​ជនល្មើស ប៉ុន្តែ​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ទេ ព្រៃ​ដែល​នៅសល់​ចុងក្រោយ​ជាង ១ ពាន់​ហិកតារ ត្រូវ​គេ​កាប់​បំផ្លាញ​ហិនហោច​អស់​​ទៀត។

លោក​បញ្ជាក់​​ថា ប្រជា​សហគមន៍​បាន​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ ទៅ​តុលាការ ៨​ករណី​មក​ហើយ តែ​គ្មាន​ប្រសិទ្ធភាព​ទេ​។ រីឯ​សកម្មជន​បរិស្ថាន លោក ឆន ផល្លា ត្រូវ​តុលាការ​ចាប់​ដាក់គុក យ៉ាង​អយុត្តិធម៌ ដោយសារតែ​ការពារ​ព្រៃឈើ៖ «ព្រៃឈើ​កាល​នៅ គេ​ហៅថា ទឹកអូរ កាលនោះ​ងាយស្រួល ចេញ​រក​ផ្សិត កាប់​វល្លិ​យក​មក ដោះស្រាយ​ជីវភាព​គ្រួសារ ដល់​ឥលូវ​លំបាក​ណាស់ ។ អត់​មាន​អាជ្ញាធរ​ឈឺឆ្អាល ព្រៃ​ដួល​អស់​រលីង​ហើយ កន្លែង​ខ្លះ​មិន​ឃើញ​មក​ធ្វើ​ទេ»។

លោក ខាំ និ​ន សោកស្តាយ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ទំហំ​សរុប​ជាង ៤ ពាន់​ហិកតារ​សំបូរ​ដោយ​ព្រៃស្រោង ជម្រក​សត្វព្រៃ និង​ជាទី​ស្នាក់អាស្រ័យ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​ទំពួន​ជាច្រើន​ជំនាន់​មក​ហើយ តែ​បែរជា​ហិនហោច នៅ​រយៈពេល​ជាង ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ថា បច្ចុប្បន្ន​ព្រៃ​អភិរក្ស​នៅ​តំបន់​នោះ បាន​ក្លាយ​ជា​វាលរហោឋាន​ដាច់​កន្ទុយភ្នែក គ្រប់គ្រង​ជា​កម្មសិទ្ធិ​បុគ្គល​អស់​ស្ទើរ​ទាំងស្រុង ធ្វើ​ឱ្យ​អ្នកភូមិ​គ្រាំគ្រា​ចិត្ត និង​លំបាក​វេទនា រួម​ទាំង​គ្មាន​វាល​ស្មៅ​ចិញ្ចឹម​គោក្របី បែប​ប្រពៃណី៖ «បាត់​ទាំង​ដី បាត់​ទាំង​គោក្របី​ពលរដ្ឋ​គ្មាន​កន្លែង​ឃ្វាល គ្មាន​កន្លែង​ចិញ្ចឹម អស់រលីង តំបន់​ពី​ដើម ជនជាតិ​ដើម​ភាគតិច​ចិញ្ចឹម​គោក្របី សំបូរ​ហូរហែ​ណាស់​។ ដី​ព្រៃ​ជាង ២​ពាន់​ហិកតារ​កូន​ភូមិ​កែងសាន់ ដួល​អស់​ហើយ គ្មាន​សល់​ទេ រលាយ​អស់ ខ្ញុំ​ខំ​ប្រឹងប្រែង ដាក់ពាក្យ​បណ្តឹង ការពារ ដូច​សម្តេច​ប្រកាស យើង​ប្រឹងប្រែង​តាម​សំដី​គាត់»។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា សាលាដំបូង​ខេត្ត​រតនគិរី​បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ រយៈពេល​៥​ឆ្នាំ ពី​បទ «​កាប់​គាស់ រុករាន ដី​ព្រៃ ធ្វើជា​កម្មសិទ្ធិ» ហើយ​លោក ឆន ផល្លា បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។ រីឯ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាលពី​សប្តាហ៍​មុន បាន​ប្រកាស​សាលដីកា​ច្រានចោល​សេចក្ដី​សម្រេច​នេះ ហើយ​សម្រេច​ឱ្យ​លោក ឆន ផល្លា រួច​ទោស ក្នុង​សំណុំ​រឿង​នេះ ប៉ុន្តែ​សកម្មជន​ព្រៃឈើ​រូប​នេះ បែរជា​នៅ​ជាប់​បណ្តឹង​មួយ​ករណី​ទៀត ពីបទ​ផ្ដើមគំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។

ចំណែក​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ ចាត់ទុក​សំណុំ​រឿង​នេះ ជា​ល្បិច​មូល​បង្កាច់​របស់​អាជ្ញាធរ និង​តុលាការ ដើម្បី​គំរាមកំហែង បំភិតបំភ័យ ចំពោះ​ពលរដ្ឋ ដែល​លះបង់​ការពារ​ព្រៃឈើ និង​ដីធ្លី។

របាយការណ៍​អង្កេត​របស់​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឱ្យ​ដឹង​ថា កន្លង​ទៅ មេភូមិ​សមុទ្រ​ក្រោម លោក ខាំ ផសាវ៉ាត អនុ​ភូមិ និង​មេ​សហគមន៍ បាន​និយាយ​នៅ​ចំពោះមុខ​ពលរដ្ឋ​ជាង ១​រយ​នាក់ (១៣៣ ) ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​លក់​ដី ព្រៃ​ទាំងអស់គ្នា ហើយ​អាជ្ញាធរ នឹង​ធានា​មិន​ឲ្យ​អ្នកភូមិ​ណា​ម្នាក់​មាន​ទោស​ទណ្ឌ​នោះ​ឡើយ។

ឆ្លើយតប​រឿង​នេះ អភិបាល​ស្រុក​លំផាត់ លោក នូរ ថេរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​សិក្សា​ព្រៃ​អភិរក្ស​ទាំងនេះ ដោយ​កន្លែង​ខ្លះ​ត្រូវ​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ និង​ដី​នៅ​កន្លែង​ខ្លះទៀត ត្រូវ​ដកហូត ដើម្បី​ធ្វើជា​សម្បត្តិ​របស់​រដ្ឋ​វិញ​។ លោក​បន្ថែម​ថា កន្លង​ទៅ​អាជ្ញាធរ​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ទំនងជា​សំដៅ លើ​លោក ឆន ផល្លា ពី​បទ​កាប់​រាន​ដី​ព្រៃ​។ លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​ផ្សេង​ទៀត ដោយ​លើក​ហេតុផល​ថា មិន​ចង់​និយាយ​តាម​ទូរស័ព្ទ​៖ «ឥលូវ​ចាប់​មួយ​ដាក់គុក​ហើយ​តើ អា​ពាក់ព័ន្ធ​ហ្នឹង បើ​លោក​ឯង​ចង់​ដឹង ចុះ​មូលដ្ឋាន​មក ប្រព័ន្ធ​ទូរស័ព្ទ​ខ្ញុំ​អត់​ចង់​និយាយ​ទេ ចុះ​មូលដ្ឋាន​មក»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៩ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក​។ រីឯ​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា ក្នុង​ពេល​ពលរដ្ឋ​កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ ដើម្បី​ការពារ​ព្រៃ​នៅ​សល់​ចុងក្រោយ អាជ្ញាធរ​មិន​អើពើ​រក​ដំណោះស្រាយ​នោះ​ទេ ធ្វើ​ឱ្យ​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​កាន់តែ​រីកធំឡើង បណ្តាល​ឱ្យ​ព្រៃ​អភិរក្ស​បាត់បង់​ទាំងស្រុង​។ លោក​ថា ប្រជា​សហគមន៍​បាន​កំណត់​អត្តសញ្ញាណ អ្នក​ស៊ីឈ្នួល​កាប់​ទន្ទ្រានព្រៃ ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ខិលខូច​រួចហើយ តែ​អាជ្ញាធរ​ខេត្ត និង​តុលាការ គ្មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ច្បាស់លាស់​នោះ​ទេ៖ «នៅក្នុង​ខេត្តរតនគិរី​តាំង​ពី​លើ​រហូតដល់​ក្រោម ប្រព្រឹត្ត​អំពើ​ទុច្ចរិត អំពើពុករលួយ​បំផ្លាញ​ធនធានធម្មជាតិ ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​។ និទ្ទណ្ឌភាព​ស្ថាប័ន​ទាំងពីរ ក្នុង​នោះ​ក៏​មាន​តុលាការ ធ្វើ​ឱ្យ​ការ​បំផ្លាញ​ហ្នឹង​ប្រព្រឹត្ត​បាន​ជោគជ័យ»។

ប្រជា​សហគមន៍​ភូមិ​កែងសាន់​បន្ថែម​ថា កន្លង​ទៅ អ្នកភូមិ​បាន​ស្ពាយ​ភស្តុតាង និង​ឯកសារ​ជាច្រើន បង្ហាញ​ចៅក្រម និង​ស្ថាប័ន​អយ្យការ​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ និង​ឃុំ ជា​មេខ្លោង លក់​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់ ប៉ុន្តែ​នៅតែ​តុលាការ​មិន​អនុវត្ត​ច្បាប់​លើ​អាជ្ញាធរ​ទាំងនោះ​។ តែ​ផ្ទុយ​ទៅវិញ អាជ្ញាធរ​ភូមិ​/​ឃុំ បែរជា​ប្រើ​ល្បិច ប្តឹង​បក មក​លើ​ក្រុម​ពលរដ្ឋ​វិញ និង​បាន​ចាប់ខ្លួន​សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​គឺ​លោក ឆន ផល្លា។

ពួកគេ​អះអាង​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំ​ជាង​គេ ក្នុងចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​រាប់​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី​។ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ បាន​បាត់បង់​ទាំងស្រុង សូម្បីតែ​បឹង អូរ និង​ត្រពាំង​ក៏​រីង​ហូត​ហែង​អស់ ដោយ​សារតែ​បាត់បង់​ទំហំ​ព្រៃឈើ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។