ប្រពន្ធ​បុរស​ម្នាក់​ដែល​រិះគន់​របប​លោក ហ៊ុន សែន នៅ​លើ​ហ្វេសប៊ុក​ទាមទារ​​ដោះលែង​ប្តី​វិញ

ដោយ យ៉ង ចាន់តារា
2023.07.07
ប្រពន្ធ​បុរស​ម្នាក់​ដែល​រិះគន់​របប​លោក ហ៊ុន សែន នៅ​លើ​ហ្វេសប៊ុក​ទាមទារ​​ដោះលែង​ប្តី​វិញ លោក កង សារ៉ន ដែលត្រូវអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបង្ហោះវីដេអូ ស្រែកសួរ​រឿង​អន្តោប្រវេសន៍វៀតណាម នៅ​កម្ពុជា ពេល​គណបក្សប្រជាជន​កំពុងហែឃោសនាបោះឆ្នោត កាលពីថ្ងៃទី២ កក្កដា ២០២៣។
រូប៖ ហ្វេសប៊ុកលោក កង សារ៉ន

ប្រពន្ធ​បុរស​ម្នាក់​ដែល​រិះគន់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ស្នើ​ដល់​តុលាការខេត្ត​បន្ទាយមានជ័យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​ប្តី​ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​ឡើងវិញ​។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​អ្វី​ជា​សិទ្ធិ​បញ្ចេញមតិ និង​អ្វី​ជា​បទល្មើស ពីព្រោះ​ការ​យក​ក្រមព្រហ្មទណ្ឌ​ទៅ​ចោទ និង​ផ្ដន្ទាទោស មិន​បាន​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ។

គ្រួសារ​របស់​លោក កង សារ៉ន ដែល​កំពុង​ជាប់ឃុំ​អះអាង​ថា លោក​គឺជា​មនុស្ស​ល្អ​ដែល​ចេះ​ឈឺឆ្អាល​ពី​បញ្ហា​ក្នុង​សង្គម និង​ទទួល​បាន​ការគោរព​ស្រឡាញ់​ពី​ពលរដ្ឋ​នៅក្នុង​ស្រុកភូមិ​ថែម​ទៀត​ផង ដូច្នេះ​ពួកគេ​ស្នើ​ដល់​តុលាការខេត្ត​បន្ទាយមានជ័យ ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​រូប​គាត់​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​គ្រួសារ​កំពុង​មាន​ជីវភាព​ក្រីក្រ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ ខែ​កក្កដា​ថា ប្តី​លោកស្រី​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ពន្ធនាគារ​ប្រាប់​កុំឱ្យ​គ្រួសារ​បារម្ភ​ដោយ​គាត់​មាន​សុវត្ថិភាព និង​មាន​ស្មារតី​រឹងមាំ​ជា​ធម្មតា។ ប៉ុន្តែ​ប្តី​លោកស្រី​ចាត់ទុក​ការដែល​តុលាការ​យក​ករណី​បញ្ចេញមតិ​នៅ​លើ​បណ្តេញ​សង្គម​មក​ចោទប្រកាន់​លើ​គាត់​ថា ជា​រឿង​អយុត្តិធម៌ ហើយ​ជំរុញ​ឱ្យ​លោកស្រី​ស្វែងរក​អង្គការសិទ្ធិមនុស្ស​ជួយ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដើម្បី​ទាមទារ​រក​យុត្តិធម៌​តាម​នីតិវិធី​បន្ត​ទៀត។

លោកស្រី ហង្ស ត្រឹប៖ «ខ្ញុំ​យំ​រាល់​តែ​ថ្ងៃ​ដោយសារ​គេ​ចាប់​គាត់​(​ប្តី​)​ដាក់​ឡាន​ទៅ​បាត់​។ ខ្ញុំ​បារម្ភ​គាត់​អត់​កន្លែង​ដេក ខ្លាច​មូស​ខាំ ឥឡូវនេះ​គាត់​ស្រក​សាច់​ខ្លាំង គាត់​ទៅ​ដល់​ពន្ធនាគារ​និយាយ​ហ្នឹង​អត់​ចេះ​ខ្លាច​នរណា​គេ​ទេ គាត់​អត់​តក់ស្លុត​ទេ គេ​បង្ហោះ​គ្រប់​តែ​គ្នា​ក៏​មិន​ទៅ​ចាប់​ហេតុអ្វី​មក​ចាប់​តែ​ប្តី​របស់ខ្ញុំ»

កាលពី​ថ្ងៃទី​២ ខែកក្កដា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ជិត​១០​នាក់​បាន​ចាប់ខ្លួន​លោក កង សារ៉ន ជា​អ្នកលេង​ហ្វេសប៊ុក​ម្នាក់​ដែល​តែងតែ​ចេញមុខ​រិះគន់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន​។ តុលាការ​ខេត្ត​នេះ​បាន​ចោទប្រកាន់​លោក​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​ញុះញង់ ទៅ​តាម​បណ្តឹង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា។

វីដេអូ​នៅ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ ត្រឹប ហង្ស ដែល​តុលាការ​យក​មក​ដើម្បី​ចោទប្រកាន់ គឺ​លោក កង សារ៉ន បង្ហោះ​វីដេអូ​របស់​ព្រះតេជព្រះគុណ ងិន ភេន គង់នៅ​វត្ត​ពោធិវង្ស​នៅ​ប្រទេស​បារាំង​ដែល​ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​មិនដែល​យក​ព្រះទ័យ​ទុកដាក់​អំពី​សុខទុក្ខ​រាស្ត្រ និង​គ្មាន​កេរ្តិ៍ឈ្មោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​នោះ​ទេ​។ រីឯ​វីដេអូ​មួយ​ទៀត លោក​និយាយ​តាម​ការផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក (Facebook Live) ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​ដោយ​គ្មាន​វត្តមាន​គណបក្សប្រឆាំង តែ​លោក​ផ្តាំ​អ្នកចូលរួម​ហែ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​សួរ​លោក ហ៊ុន សែន ថា នៅពេល​ឈ្នះ​តើ​ដេញ​យួន​ចេញ​ឬទេ ឬ​ឱ្យ​យួន​មក​ចូល​ស្រុក​បន្ថែម​។ វីដេអូ​របស់​លោក សារ៉ន បង្ហោះ​កន្លង​មក​នោះ​ត្រូវ​បាន​អ្នកលេង​ហ្វេសប៊ុក​ចាប់អារម្មណ៍ និង​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​រាប់​ម៉ឺន​ដង។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​លោក សំរិទ្ធ សុខុន ប្រាប់​ថា លោក​ត្រូវការ​ពិនិត្យមើល​លម្អិត​ជុំវិញ​សំណុំ​រឿង​នេះ​ជាមុន​សិន ហើយ​លោក​សន្យា​ថា នឹង​ឆ្លើយតប​នឹង​សំនួរ​តាម​ក្រោយ។ តែ​យ៉ាងណា​លោក សំរិទ្ធ សុខុន មិន​លើក​ទូរស័ព្ទ​របស់​វិទ្យុ​អាស៊ីសេរី​ទៀត​នោះ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃទី​៧ ខែ​កក្កដា។

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បញ្ចេញមតិ​មិនមែន​ជា​បទល្មើស​នោះ​ទេ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ចង់​ឃើញ​អាជ្ញាធរ និង​តុលាការ​បែងចែក​ឱ្យ​ដាច់​រវាង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​បទល្មើស ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ​នានា​ដែល​នាំ​ឱ្យ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

លោក អំ សំអាត៖ «នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរីភាព​បញ្ចេញមតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​គឺជា​ការចូលរួម​កែ​លម្អ​សង្គមជាតិ ឬ​សង្គម​ប្រជាធិបតេយ្យ ឬក៏​ចូលរួម​ការ​អភិវឌ្ឍ បើសិនជា​យើង​មិន​ទទួល​យក​សេរីភាព​បញ្ចេញមតិ​ទេ មន្ត្រី​សាធារណៈ​ក៏​មិនអាច​មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ក្នុង​ការ​កែលម្អ​ដែរ អ៊ីចឹង​ការ​បញ្ចេញមតិ​ដើម្បី​ការ​កែ​លម្អ ការរិះគន់​ក្នុង​ន័យ​ស្ថាបនា ហើយ​ប្រកបដោយ​ក្រមសីលធម៌ អាហ្នឹង​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»

លោក កង សារ៉ន រស់នៅ​ភូមិ​បន្ទាយ​១ ឃុំ​ទទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ កាល​នៅ​មាន​សេរីភាព​លោក​បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​រិះគន់​ទៅ​លើ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​មាន​ដូចជា ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ការបំផ្លាញ​ធនធានធម្មជាតិ ការ​លុប​បឹងបួ​នាំ​ឱ្យ​មាន ទឹក​ជន់​លេច​ទីក្រុង​ភ្នំពេញ និង​បញ្ហា​លំហូរ​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា​ជាដើម​។ លោក កង សារ៉ន ធ្លាប់​អះអាង​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​មុន​នឹង​សម្រេចចិត្ត​ចូលរួម​ឃោសនា ឬ​គូស​សន្លឹកឆ្នោត​ឱ្យ​គណបក្ស​ណាមួយ​នោះ​ត្រូវ​មើល​លើ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​គ្រឿងញៀន​នៅ​តាម​ភូមិ​ឃុំ រួម​ទាំង​រឿង​ជម្លោះដីធ្លី ដើម្បី​ជៀសវាង​កុំឱ្យ​ពួកគាត់​រងទឹក​ភ្នែក​នៅ​ក្រោយ​ការបោះឆ្នោត​តទៅទៀត។

សិទ្ធិ​សេរីភាព​បញ្ចេញមតិ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តជាតិ​។ ជន​គ្រប់រូប​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​នៃ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ដោយសារតែ​អាជ្ញាធរ​បាន​បង្កើន​ការ​បង្ក្រាប​លើ​សេរីភាព​មួយ​នេះ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ទង្វើ​រំលោភបំពាន​នេះ​តទៅទៀត និង​ងាក​មក​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។