សហជីព​និង​កម្មករ ថា​ការ​កែប្រែ​ច្បាប់​ការងារ​ត្រង់​មាត្រា​១៤៤​ថ្មី ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍​កម្មករ

0:00 / 0:00

សហជីព​ការងារ និង​កម្មករ​អំពាវនាវ​ដល់​ក្រសួង​ការងារ ឈប់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​ត្រង់​មាត្រា​១៤៤​ថ្មី ព្រោះ​ការ​កាត់​បន្ថយ​អត្រា​ប្រាក់​ឈ្នួល​ការងារ​វេន​យប់ ឱ្យ​ស្នើ​នឹង​វេន​ថ្ងៃ គឺ​រឹតតែ​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ផលប្រយោជន៍​ជាច្រើន​ពី​ការងារ​។ ពួកគេ​ស្នើ​ឱ្យ​ដល់​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ដោយ​រក្សាទុក​មាត្រា​១៤៤​ថ្មី ឱ្យ​នៅ​ដដែល ដើម្បី​បានជា​ប្រយោជន៍​កម្មករ​ដែល​ធ្វើការ​វេន​យប់។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា មូលហេតុ​ដែល​ក្រសួង​ចង់​កែប្រែ​ច្បាប់​ការងារ​ត្រង់​មាត្រា​១៤៤​ថ្មី គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ភាគី​ក្រសួង​ចង់​ផ្គាប់ចិត្ត​ថៅកែ​ក្រុមហ៊ុន ដោយ​មិន​គិតគូរ​អំពី​ផលប្រយោជន៍ និង​ការ​លំបាក​របស់​កម្មករ ដែល​កំពុង​ប្រឈម​នា​ពេល​សព្វថ្ងៃ ជា​ពិសេស​គឺ​កម្មករ​ធ្វើ​ការ​វេន​យប់។

ជាង​នេះ​ទៅ​ទៀត លោក​បន្ត​ថា បើ​ច្បាប់​នេះ​ត្រូវ​បានធ្វើ​សោធនកម្ម​ហើយ ហើយ​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវការ នោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​វេន​ថ្ងៃ​ថែមទៀត ព្រោះ​ពួកគេ​មិន​ធ្វើការ​ថែម​ម៉ោង ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​បាន​ឡើយ។

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)

លោក រ៉ុង ឈុន ហៅ​គម្រោង​ធ្វើ​វិសោធនកម្ម​របស់​ក្រសួង​ការងារ​នៅ​ពេល​ខាងមុខនេះ ថា​ជា​ជម្រើស​ដ៏​អាក្រក់ ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ជា​បន្តបន្ទាប់ ចំពោះ​កម្មករ​វេន​យប់។

លោក​បញ្ជាក់​ថា ការដែល​ច្បាប់​តម្រូវ​ឱ្យ​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​វេន​យប់​ច្រើនជាង​វេន​ថ្ងៃ គឺ​ដោយសារតែ​កត្តា​សុខភាព​មនុស្ស មិន​អាច​ធន់​នឹង​ការងារ​យប់​បាន រួម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​អាច​កើតឡើង​ចំពោះ​កម្មករ​វេន​យប់៖ «ពាក្យ​ថា​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​មានន័យថា​កែ​លម្អ​ច្បាប់​អាក្រក់​ឱ្យ​ទៅ​ជា​ល្អ​ប្រសើរ ដែល​ធានា​ការពារ​ផលប្រយោជន៍​របស់​ពល​រដ្ឋ ប៉ុន្តែ​ផ្ទុយទៅវិញ​កម្ពុជា​យើង​បែរជា​ច្បាប់​ធានា​ដល់​ផលប្រយោជន៍​កម្មករ​ហើយ​បែរជា​មក​ធ្វើ​វិសោធនកម្ម​ឱ្យ​ច្បាប់​ហ្នឹង​បាត់បង់​ផលប្រយោជន៍​កម្មករ​ទៅវិញ អាហ្នឹង​ដែល​យើង​មានការ​សោកស្ដាយ យើង​មិន​គាំទ្រ យើង​ច្រានចោល​នូវ​គម្រោង​ធ្វើ​វិសោធន​កម្ម​នេះ»។

លើស​ពី​នេះ លោក រ៉ុង ឈុន យល់ថា បំណង​ចង់​កែប្រែ​ច្បាប់​ស្ដីពី​ការងារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង នៅ​ពេល​នេះ ហាក់​ធ្វើ​ផ្ទុយ​ទៅ​នឹង​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​ជួប​យកចិត្តទុកដាក់​កម្មករ កាល​ពី​កន្លង​មក៖ «អ្វី​ដែល​នាយករដ្ឋមន្ត្រី​ខំ​ប្រឹងប្រែង​បង្ហាញ​ថា ខ្លួន​យកចិត្តទុកដាក់​កម្មករ ប៉ុន្តែ​ផ្ទុយទៅវិញ បែរជា​រដ្ឋមន្ត្រី​ការងារ​យក​ការ​ខិតខំ​ប្រឹងប្រែង របស់​លោក​នាយករដ្ឋមន្ត្រី​យក​មក​ដុត​ចោល​។ អ៊ីចឹង​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រូបភាព​ជួប​កម្មករ​មិនមែន​សម្ដែង​សុ​ឆន្ទៈ​ជាមួយ​កម្មករ​ទេ គ្រាន់តែ​ជា​ល្ខោន​នយោបាយ​ធ្វើ​ប្រជាភិថុតិ តែ​ប៉ុណ្ណឹង ដែល​ការ​ពិត​មិន​បាន​ខ្វល់​ពី​រឿង​សុខទុក្ខ​របស់​កម្មករ​ទេ»។

ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។ (Photo courtesy of Hun Sen Facebook page)

កម្មករ​រោងចក្រ ហ៊ឹង ជីង នៅ​រាជធានី​ភ្នំពេញ លោក ចែម ជាតិ ដែល​ធ្លាប់​ធ្វើការ​វេន​យប់​ហើយ​ប្ដូរ​មក​វេន​ថ្ងៃ ថ្លែង​ឱ្យ​ដឹង​ថា កម្មករ​វេន​យប់ ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ពេលយប់​អាធ្រាត្រ សុខភាព​ចុះ​ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ និង​រង​សម្ពាធ​ពី​ថៅកែ​រោងចក្រ បង្ខំ​ឱ្យ​ធ្វើការ​តាម​ចំនួន​ដែល​ចង់បាន។

ផ្អែកលើ​បញ្ហា​ទាំងអស់​នេះ លោក ចែម ជាតិ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រក្សាទុក​ច្បាប់​ការងារ​ឱ្យ​នៅ​ដូចដើម ដើម្បី​កុំ​ឱ្យ​កម្មករ​ខាត​បង់ប្រយោជន៍​តទៅទៀត ជាពិសេស​គឺ​ប្រាក់​ចំណូល​ប្រចាំខែ៖ «តាម​ខ្ញុំ​យល់ ខ្ញុំ​សុំ​ខាង​ក្រសួង​គាត់​ជួយ​ដោះស្រាយ​តាម​ហ្នឹង​ទៅ ព្រោះ​អី​អាណិត​កម្មករ​គ្នា​ធ្វើការ​វេន​យប់ ព្រោះ​អី​កម្មករ​គ្នា​ជួប​ផល​លំបាក​ច្រើន​ដែរ ហើយ​ណាមួយ​គ្រួសារ​ក៏​មិនសូវ​ជា​អ្នកមាន​ទេ។ កម្មករ​គ្នា​ធ្វើការ​វេន​យប់​អ៊ីចឹង​ប៉ះពាល់​ដល់​សុខភាព​គ្នា ព្រោះ​មិន​ដូច​វេន​ថ្ងៃ ព្រោះ​វេន​ថ្ងៃ​មាន​ពេល​វេលា​ច្រើន​សម្រាក​បាន​ល្អ​។ សូម​រដ្ឋាភិបាល​កុំ​កែប្រែ​ច្បាប់​ហ្នឹង ព្រោះ​ពីមុន​គេ​គុណ​ឱ្យ​វា​បាន​ច្រើនជាង​វេន​ថ្ងៃ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដោយ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

កាល​ពី​ឆ្នាំ​២០០៧ ក្រសួង​ការងារ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ ត្រង់​មាត្រា​១៤៤ អំពី​អត្រា​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង និង​ការងារ​វេន​យប់​ពី​១៥០% មក​នៅ​ត្រឹម​១៣០% នៃ​ប្រាក់​ឈ្នួល​ការងារ​វេន​ថ្ងៃ ដោយ​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​អត្ថប្រយោជន៍​ការងារ​ម្ដង​រួច​មក​ហើយ​។ នៅ​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​ការងារ គ្រោង​ធ្វើការ​កែប្រែ​ច្បាប់​ការងារ​ត្រង់​មាត្រា​១៤៤​ថ្មី​នេះ ម្ដងទៀត ដោយ​កាត់បន្ថយ​អត្រា​ប្រាក់​ឈ្នួល​ការងារ​វេន​យប់​ពី​១៣០% មក​ត្រឹម​១០០%​វិញ គឺ​ស្នើ​នឹង​អត្រា​ប្រាក់​ឈ្នួល​ការងារ​វេន​ថ្ងៃ។

ទាក់ទង​នឹង​ការ​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​កោះហៅ​តំណាង​សហជីព​មួយ​ចំនួន តំណាង​ភាគី​និយោជក និង​ដៃគូ​របស់​ក្រសួង ដើម្បី​ចូលរួម​កិច្ច​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃ​ទី​១៦ មករា ដើម្បី​កែប្រែ​ច្បាប់ កាត់បន្ថយ​ប្រាក់​ឈ្នួល​ពលកម្ម​វេន​យប់ ឱ្យ​ស្មើនឹង​វេន​ថ្ងៃ លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំ​ថ្ងៃអាទិត្យ និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក្នុង​ការ​ដោះស្រាយ​វិវាទ​បុគ្គល។

ក្រសួង​ការងារ អះអាង​ថា ការ​កែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ខាង​បរិក្ខារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក មក​ដាក់​ទុក​នៅ​កម្ពុជា និង​បង្កើន​ការងារ​ជូន​ពលរដ្ឋ​។ ចំណែក ការ​លុប​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​ទៀត និង​ការ​កាត់​ប្រាក់​ឈ្នួល​វេន​យប់ ឱ្យ​ស្មើ​វេន​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​វិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក្នុង​គោលបំណង​ពង្រីក​ការប្រកួតប្រជែង​គ្នា។

គម្រោង​កាត់​បន្ថយ​ប្រាក់​អត្ថប្រយោជន៍​របស់​កម្ម​ករ​នេះ ធ្វើឡើង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មករា មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ការនាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប ឬ EBA។

សហភាព​អឺរ៉ុ​នឹង​សម្រេច នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា តើ​ត្រូវ​បន្ត​ការ​អនុគ្រោះ​ពន្ធ ឬ​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ​។ កម្មករ​បារម្ភ​ថា ជីវភាព​កម្មករ​នឹង​កាន់តែ​ដុនដាប លក្ខខណ្ឌ​ការងារ​កាន់តែ​លំបាក ក្រោយ​ពេល​រដ្ឋាភិបាល​ខំ​យកចិត្ត​ថៅកែ បែរ​មក​សង្កត់ក​កម្មករ នៅ​ពេល​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។