សហជីពឯករាជ្យ បន្តជំរុញឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព បន្ទាប់ពីមានបទបញ្ជាពីមេដឹកនាំរបបនេះ ឱ្យក្រសួងពាក់ព័ន្ធពិនិត្យលើសំណុំរឿងទាំងនោះ។ សហជីពថា ដំណោះស្រាយជុំវិញរឿងបណ្ដឹងនេះ មិនមែនជាការពិបាកឡើយ ប៉ុន្តែបញ្ហានៅត្រង់ថា តើរបបក្រុងភ្នំពេញមានឆន្ទៈដោះស្រាយរឿងនេះ ពិតប្រាកដមែន ឬមួយក៏យ៉ាងណា។ ក្រសួងយុត្តិធម៌អះអាងថា ខ្លួនកំពុងពិនិត្យមើលករណីនេះ ប៉ុន្តែមិនទាន់ប្រាកដទេថា តើនឹងត្រូវអន្តរាគមន៍បែបណានោះ ព្រោះសំណុំរឿងនីមួយៗមានលក្ខណៈខុសៗគ្នា។
ប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ថ្លែងថា លោកមិនទាន់បានទទួលដំណឹងណាមួយទាក់ទងនឹងការពន្លឿនសំណុំរឿង ឬទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីពនៅឡើយទេ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលករណីនេះ។ លោកនៅតែទាមទារឱ្យរបបដឹកបច្ចុប្បន្នអន្តរាគមន៍ទម្លាក់ចោលសំណុំរឿងទាំងឡាយលើថ្នាក់ដឹកនាំសហជីព ដើម្បីឱ្យពួកគេអាចធ្វើការងាររបស់ខ្លួនបានដោយពេញលេញក្នុងលើកកម្ពស់សិទ្ធិការងារ និងទាមទារផលប្រយោជន៍ជូនកម្មករ-កម្មការិនី ដោយមិនមានការភ័យខ្លាច៖ «បើមេសហជីពនីមួយៗគ្រាន់តែដើរតួនាទីក្នុងការការពារសមាជិករបស់ខ្លួន ហើយត្រូវរងបណ្ដឹងដោយអយុត្តិធម៌ វាធ្វើឱ្យអារម្មណ៍មេសហជីពទាំងថ្នាក់ជាតិ និងមូលដ្ឋានវាមិនស្ងប់ស្ងាត់។ វាប៉ះពាល់ទៅដល់ការងារ ណាមួយបែងចែកគិតគូពីរឿងមានបណ្ដឹង បន្តិចតុលាការហៅទៅសាកសួរ បន្តិចទៅបង្ហាញខ្លួននៅប៉ុស្តិ៍ ( ប៉ូលិស ) ជាហូរហែដូចកន្លងមកអ៊ីចឹង។ វារំខានដល់ការងារសហជីព ហើយវាប៉ះពាល់ដល់សេរីភាព»។
ថ្លែងនៅចំពោះមុខកម្មករនៅខេត្តតាកែវ កាលពីថ្ងៃទី៧ វិច្ឆិកា កន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការងារ ពិនិត្យលើសំណុំរឿងទាំងឡាយពាក់ព័ន្ធនឹងថ្នាក់ដឹកនាំសហជីព ដោយសំណុំរឿងណាអាចទម្លាក់ចោលបាន គឺត្រូវទម្លាក់ចោល ហើយរឿងណាដែលចាំបាច់ត្រូវចាត់ការ គឺត្រូវពន្លឿននីតិវិធីលើសំណុំរឿងនោះ។ លោកថា ការធ្វើរបៀបនេះ ជាការពង្រីកលំហនៃសេរីភាពរបស់កម្មករ និងសហជីព និងកុំឱ្យមានការចោទប្រកាន់ថា របបរបស់លោកគាបសង្កត់ ឬរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ៖ «ដោយខ្ញុំបានទទួលព័ត៌មានថា ប្រធានសហជីពមួយចំនួនត្រូវជាប់ពាក្យបណ្ដឹងនៅតុលាការ ដែលពួកគេគិតថា រឿងជាប់បណ្ដឹងនៅតុលាការនោះ គេធ្វើការនៅក្រោមគំនាបមួយនៃផ្លូវច្បាប់។ ប្រសិនបើដូច្នេះមែន គួរតែត្រូវសម្របសម្រួល។ បើថាកាត់ កាត់ឱ្យវាស្រូត។ បើថាមិនកាត់ទេ គឺបានសេចក្ដីថាតម្កល់មិនចាត់ការទៅ។ ឱ្យវារួច កុំឱ្យសហជីព និងមេសហជីពនានាយល់ឃើញថា ខ្លួនស្ថិតនៅជាចំណាប់ខ្មាំងនៃបញ្ហាពាក់ព័ន្ធទៅនឹងតុលាការ»។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ ក្រោយពេលក្រុមហ៊ុនបញ្ជាទិញធំៗបានដាស់តឿនឱ្យរបបរបស់លោកគោរពសិទ្ធិការងារ និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព ប្រសិនបើរបបនេះចង់រក្សាទំនុកចិត្តពីពួកគេ ហើយក៏ស្របពេលរបបក្រុងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” ដែលជាវិធានការឆ្លើយតបទៅនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា ក្រសួងកំពុងពិនិត្យមើលករណីនេះ ក៏ប៉ុន្តែដោយសារសំណុំរឿង មានលក្ខណៈខុសៗគ្នាទៅតាមអង្គហេតុនីមួយៗ ដូចនេះលោកមិនទាន់អាចបញ្ជាក់បានទេថា តើក្រសួងយុត្តិធម៌នឹងត្រូវអន្តរាគមន៍តាមមធ្យោបាយណានោះ។ ទោះជាយ៉ាងណា លោកអះអាងថា ការអន្តរាគមន៍របស់ក្រសួងយុត្តិធម៌ នឹងមិនប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការឡើយ៖ «ក្រសួងកំពុងធ្វើការពិនិត្យ និងសិក្សាទៅលើករណីនេះហើយ ធ្វើយ៉ាងម៉េចអន្តរាគមន៍ពន្លឿនដំណើរការនីតិវិធីសំណុំរឿងពាក់ព័ន្ធទៅនឹងមេសហជីព ក៏ដូចជាសកម្មជនសហជីពហ្នឹង ដោយស្របទៅតាមបញ្ញតិ្តច្បាប់ជាធរមាន ហើយមិនប៉ះពាល់ទៅដល់ឯករាជ្យភាពនៃអំណាចតុលាការ ឬមួយក៏ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការ។ អ៊ីចឹង ក្រសួងកំពុងតែពិនិត្យមើល និងអាចមានជាជម្រើសផ្សេងៗច្រើនទៅតាមផ្លូវច្បាប់ដែលបានកំណត់»។
ថ្នាក់ដឹកនាំសហជីពសំខាន់ៗមួយចំនួនដែលកំពុងជាប់បណ្ដឹងនៅតុលាការរួមមាន ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានសហភាពការងារ លោក អាត់ ធន់ ប្រធានសម្ពន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ និងអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ជាដើម ហើយក្រៅពីនេះ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាច្រើនរូបផ្សេងទៀតក៏មានជាប់បណ្ដឹងនៅតុលាការផងដែរ។ លោក អាត់ ធន់ អះអាងថា ភាគច្រើនបំផុតនៃមូលហេតុដែលឈានដល់ការប្ដឹងផ្ដល់ថ្នាក់ដឹកនាំសហជីពទៅតុលាការនេះ គឺដោយសារពួកគេចេញមុខតវ៉ា ធ្វើកូដកម្ម ឬក៏ធ្វើសកម្មភាពការពារសិទ្ធិកម្មករ មិនមែនដោយសារពួកគេប្រព្រឹត្តបទល្មើសអ្វីនោះឡើយ ហើយបណ្ដឹងទាំងនោះ ភាគច្រើនជាបទល្មើសញុះញង់។
លោក រ៉ុង ឈុន ជឿជាក់ថា បញ្ហាបណ្ដឹងប្រឆាំងថ្នាក់ដឹកនាំសហជីពនេះ មិនមែនជារឿងពិបាកដោះស្រាយនោះឡើយ ពោលគឺគ្រាន់តែដើមបណ្ដឹងដកបណ្ដឹងរបស់ខ្លួនចេញនោះ ជាការស្រេច៖ «ខ្ញុំគិតថា គេមាននីតិវិធីក្នុងការសម្របសម្រួលការងារហ្នឹង ពីព្រោះមានជំនាញទាក់ទងនឹងផ្លូវច្បាប់អ៊ីចឹងវាមានច្រកចេញ មិនមានបញ្ហាអ្វីនោះទេ។ សំខាន់ថាតើចង់ដោះស្រាយបញ្ហាហ្នឹង ចង់បញ្ចប់រឿងហ្នឹង ឬមួយចង់បន្ត ? នេះវានៅលើឆន្ទៈរបស់រដ្ឋាភិបាល។ បើមានឆន្ទៈបញ្ចប់ នោះវាត្រូវបញ្ចប់ហើយ វាអត់មានអ្វីដែលត្រូវនៅបន្តទៀតនោះទេ»។
កាលពីចុងខែតុលាកន្លងទៅ ក្រុមហ៊ុនម៉ាកយីហោល្បីៗ រួមមាន អេឌីដាស (Addidas) ណៃ (Nike) ភូម៉ា (Puma) អាន់ឌើ អេមួ ( Under Amour) និង វីអេហ្វ (VF) ជាដើម ដែលសុទ្ធសឹងជាអ្នកបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា បានដាស់តឿនរបបលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។ ជាពិសេស ពួកគេទាមទារឱ្យរបបនេះ ទម្លាក់ចោលបទប្រកាន់ដែលបានផ្អឹបទុក និងមានចរិតនយោបាយ ទាំងអស់ប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព។ ប្រតិភូពិសេសរបស់ក្រុមហ៊ុនបញ្ជាទិញធំៗបានក្រើនរំលឹករបបលោក ហ៊ុន សែន ថា និរន្តរភាព និងការរីកចម្រើននៃចំណែកទីផ្សាររបស់កម្ពុជា គឺចាំបាច់ត្រូវតែមានការអនុវត្តសិទ្ធិការងារឱ្យបានល្អប្រសើរ ហើយបើកម្ពុជាពិតជាជាចង់រក្សា និងលើកកម្ពស់ទំនុកទុកចិត្តរបស់ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗដែលកំពុងបណ្ដាក់ទុននៅស្រុកខ្មែរមែននោះ របបក្រុងភ្នំពេញត្រូវតែធានាឱ្យបាននូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន។
ផលិតផលនៃវិស័យកាត់ដេររបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៧ កន្លងទៅ ផលិតផលសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានផ្ដល់ប្រាក់ចំណូលលើសពី ៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលធំជាងគេបានមកពីការនាំចេញផលិតផលគ្រប់ប្រភេទ។ ការនាំចេញផលិតផលនេះទៅទីផ្សារអឺរ៉ុប ទទួលបានការអនុគ្រោះពន្ធក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” ធ្វើឱ្យកម្ពុជារួចកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សហជីពឯករាជ្យនៅតែស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប គឺការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិឡើងវិញ ដើម្បីបញ្ចៀសវិបត្តិនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាឧបសគ្គរាំងស្ទះដល់ដំណើរការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕
