តុលាការកំពូលនឹងប្រកាសសាលដីកាបណ្ដឹងសាទុក្ខរបស់ អឿត អាង នៅចុងខែឧសភានេះ
2019.05.08

តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់ទណ្ឌិតឈ្មោះ អឿត អាង ហៅជួប សម្លាប់ នៅថ្ងៃទី២៤ ឧសភា។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម លើកយកសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី កាលពីខែកក្កដាឆ្នាំ២០១៦ មកជំនុំជម្រះឡើងវិញ នៅថ្ងៃទី៨ ឧសភា។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក អ៊ឹម ម៉ាច មេធាវីការពារក្ដីឱ្យពិរុទ្ធជនឈ្មោះ អឿត អាង បានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង តែប្រព័ន្ធប្រាប់ថា ជាប់រវល់។
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីខែមិនា ឆ្នាំ២០១៧ ពីបទ «ឃាតកម្មគិតទុកជាមុនបាញ់សម្លាប់លោក កែម ឡី និងការកាន់កាប់អាវុធខុសច្បាប់»។ ហើយនៅខែឧសភា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ក៏សម្រេច តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការក្រោយពីពិរុទ្ធជនបានដាក់ពាក្យប្ដឹងទាស់នឹងសាលក្រមនោះ តាមរយៈមេធាវី។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ ភា្លមៗក្រោយពីការបាញ់សម្លាប់លោក កែម ឡី បុរសឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួន ប៉ុន្តែនៅក្នុងសំណុំនេះ មានចំណុចជាច្រើនមិនប្រក្រតី ដែលធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមិនជឿថា ជួប សម្លាប់ ជាឃាតកពិត ឬក៏ឃាតកទោសដែលគ្មានអ្នកផ្សេងទៀតនៅពីក្រោយខ្នង។
ស្ថាប័នជាតិនិងអន្តរជាតិជាច្រើនបានថ្កោលទោសជាខ្លាំងករណីឃាតកម្ម បណ្ឌិត កែម ឡី ហើយទាមទារឱ្យរដ្ឋាភិបាល ស៊ើបអង្កេតដោយឯករាជ្យ ដើម្បីនាំយកឃាតកពិត ឬជនពាក់ព័ន្ធផ្សេងទៀតមកផ្ដន្ទាទោស។ ប៉ុន្តែជិត៣ឆ្នាំកន្លងមកនេះ តុលាការ និងអាជ្ញាធរក្រុងភ្នំពេញគ្មានបានបង្ហាញការវិវត្តអ្វីថ្មីដល់សាធារណជនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។