យុវជនមួយចំនួនសម្ដែងក្តីព្រួយបារម្ភជុំវិញដំណើរការនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសពីចំណាត់ការជាក់លាក់របស់ខ្លួនជុំវិញរឿងនេះ។ យុវជនយល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ជារឿងសំខាន់សម្រាប់ជាតិ ដូច្នេះពួកគេរំពឹងថា របបក្រុងភ្នំពេញនឹងដោះស្រាយបញ្ហានេះ ដោយឈរលើលើផលប្រយោជន៍ជាតិជាធំ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះ របបក្រុងភ្នំពេញនៅមិនទាន់ទទួលយកលក្ខខណ្ឌរបស់សហភាពអឺរ៉ុបជុំវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកអនុវត្តនៅឡើយទេ ហើយក៏បន្តអះអាងថា កម្ពុជានៅតែអាចរស់ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះ។
ក្រុមយុវជនយល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី "ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ឬ EBA” របស់សហភាពអឺរ៉ុប បានផ្តល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា និងបានលើកស្ទួយជីវភាពពលរដ្ឋខ្មែររាប់លាននាក់នៅទូទាំងប្រទេស។ ហេតុដូចនេះ ពួកគេចង់ឱ្យរបបលោក ហ៊ុន សែន ប្រឹងប្រែងរកដំណោះស្រាយរឿងនេះ ដើម្បីឱ្យកម្ពុជានៅតែទទួលបានការអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុបបន្តទៅទៀត។
និស្សិតផ្នែកច្បាប់ យុវជន ហេង គីមហុង ថ្លែងថា លោកមានសាច់ញាតិបងប្អូនធ្វើការជាកម្មករ-កម្មការិនីរោងចក្រ ចំណែកឪពុកម្ដាយរបស់លោកវិញ គឺជាអាជីវករដែលលក់ដូររបស់របរ និងគ្រឿងហូបចុកឱ្យកម្មកររោងចក្រ។ លោកថា ប្រសិនបើប្រព័ន្ធនអនុគ្រោះពន្ធ EBA ត្រូវបាត់បង់ នោះនឹងប៉ះពាល់ដល់ជីវភាពរបស់កម្មករ-កម្មការិនី និងអ្នកទទួលផលពីវិស័យកាត់ដេរ ហើយនៅពេលនោះ ចំណូលរបស់គ្រួសាររបស់លោកក៏ត្រូវថយចុះទៅតាមនោះដែរ។ ក្រៅពីប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម លោកថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ក៏ធ្វើឱ្យកម្ពុជា ខូចមុខមាត់លើឆាកអន្តរជាតិដែរ ព្រោះកម្ពុជាត្រូវជាប់ឈ្មោះជាប្រទេសមិនគោរពសិទ្ធិមនុស្ស និងគ្មាននីតិរដ្ឋពិតប្រាកដ៖ «រោងចក្រមួយចំនួនដែលគេធ្លាប់ចំណេញពីចំណែកពន្ធ EBA គេអាចធ្វើការនៅក្នុងស្រុកខ្មែរ តែបើគេលែងចំណេញ ប្រហែលជាគេអាចផ្លាស់ប្ដូរទីតាំង ដែលធ្វើឱ្យគ្រួសាររបស់ខ្ញុំដែលធ្លាប់តែមានការងារធ្វើជាមួយនឹងក្រុមហ៊ុនទាំងអស់នោះ ដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនខ្ញុំដែលគាត់មានការងារធ្វើជាមួយក្រុមហ៊ុនទាំងអស់នោះ គាត់ត្រូវប្រឈមជាមួយការបាត់បង់ការងារ។ ប្រសិនបើប្រឈមជាមួយនឹងការបាត់បង់ការងារ វាជារឿងមួយសំខាន់ ដោយសារតែមនុស្សទាំងអស់ត្រូវការជួយសម្រួលគ្នាទៅវិញទៅមក។ ហើយផលចំណេញជាប្រាក់ដែលទទួលបានពី EBA គឺជាចរន្តសេដ្ឋកិច្ចជាតិ គឺជាចំណែកចំណេញរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរ។ កាលណាវាប៉ះពាល់ហើយ ប្រជាពលរដ្ឋទាំងអស់ ទាំងខ្ញុំ ទាំងគេ គឺសុទ្ធសឹងតែប៉ះពាល់ទាំងអស់គ្នា»។
កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់ពីរកឃើញថា របបលោក ហ៊ុន សែន បានរំលោភបំពានធ្ងន់ធ្ងរលើវិស័យសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបនេះ ចំនួន ១៨ខែ ដើម្បីស្ដារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ អឺរ៉ុបនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
បន្ទាប់ពីមានការប្រកាសបែបនេះពីសំណាក់សហភាពអឺរ៉ុប សហរដ្ឋអាមេរិកក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដឡើងវិញ ឱ្យបានទាន់ពេលវេលា។ សហរដ្ឋអាមេរិក ជំរុញឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយនិងអនុញ្ញាតឱ្យសហជីព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិត។
ទោះជាយ៉ាងណា របបក្រុងភ្នំពេញបានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបនេះ ថាជារឿងអយុត្តិធម៌ និងបានអះអាងថា ខ្លួននៅតែប្រកាន់ជំហរការពារចំណាត់ការកន្លងមក ដែលរបបនេះហៅថា ជាការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ហើយស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ កំពុងឆ្ពោះទៅរកភាពល្អប្រសើរ។ ទាំងរូបលោក និងមន្ត្រីជំនិតៗ ថែមទាំងអះអាងទៀតថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនធ្វើឱ្យរបបបច្ចុប្បន្នស្លាប់ឡើយ ផ្ទុយទៅវិញនេះជាឱកាសដែលកម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបានកាន់តែរឹងមាំ។
ទោះជាបែបនេះក្ដី សមាជិកក្រុមយុវជនកាហ្វេនយោបាយ (Politikoffee) យុវជន ហ្សះរ៉ន សុគ្រី យល់ឃើញថា ការលើកឡើងរបស់ប្រមុខដឹកនាំ និងមន្ត្រីរដ្ឋាភិបាល គ្រាន់តែដើម្បីរំងាប់អារម្មណ៍របស់មហាជនជុំវិញកង្វល់នៃការបាត់បង់ការអនុគ្រោះពន្ធ EBA ប៉ុណ្ណោះ ដែលការពិតជាក់ស្ដែងអាចនឹងមិនមែនបែបនេះឡើយ។ លោកថា ពលរដ្ឋខ្មែរជាច្រើន បន្តរស់ក្នុងភាពក្រីក្រ និងហៀបនឹងក្រីក្រ ដូច្នេះបើគ្មានប្រព័ន្ធអនុគ្រោះពន្ធ ពលរដ្ឋខ្មែរភាគច្រើននឹងធ្លាក់ខ្លួនជាអ្នកក្រ ដោយសារការបាត់បង់ការងារ និងបាត់បង់ផលប្រយោជន៍ពីវិស័យកាត់ដេរ។ លោកយល់ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងជះឥទ្ធិពលអវិជ្ជមានជាប្រព័ន្ធនៅក្នុងសង្គម ហើយយុវជននឹងត្រូវរងគ្រោះដោយផ្ទាល់ និងដោយប្រយោលពីបញ្ហានេះ ដូច្នេះលោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញអំពីជំហររបស់ខ្លួនចំពោះសហភាពអឺរ៉ុប៖ «ឧទាហរណ៍ថា គ្រួសារមួយមានបងប្អូនបីនាក់ ក្នុងនោះមាន ២នាក់រៀននៅភ្នំពេញ អ៊ីចឹងបងស្រីហ្នឹងគាត់ធ្វើការនៅរោងចក្រ ដើម្បីផ្គត់ផ្គង់ឱ្យប្អូនរៀននៅភ្នំពេញ។ ប្រសិនបើដក (EBA) វាប៉ះពាល់ដល់ពួកគាត់ដែលកំពុងតែសិក្សានៅមហាវិទ្យាល័យ។ អ៊ីចឹងបើយើងនិយាយពីរូបភាពធំ ខ្ញុំគិតថាប៉ះពាល់។ ខ្ញុំគិតថា យ៉ាងហោចណាស់ក៏ប្រទេសកម្ពុជាយើងត្រូវការ EBA ហ្នឹង ៥ ឆ្នាំទៀត ដើម្បីឱ្យសេដ្ឋកិច្ចយើងរឹងដៃរឹងជើង។ មិនត្រូវថា គេដកទៅអាចថាជាឱកាសមួយសម្រាប់ឱ្យយើងពង្រឹង ចុះបើគេឱ្យ EBA ហើយ យើងពង្រឹងតទៅទៀតទៅ វាទៅទាស់ខុសស្អី ? អាហ្នឹងមិនចំណេញ ? ចុះចាំបាច់អី ឱ្យគេដកហើយ យើងពង្រឹងខ្លួនឯង»។
ចំណែក ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ កត់សម្គាល់ថា វិស័យកាត់ដេរបានស្រូបកម្លាំងពលកម្មយ៉ាងច្រើន ហើយអ្នកធ្វើការក្នុងវិស័យនេះ ច្រើនតែយុវជនពេញកម្លាំង។ កញ្ញាមើលឃើញថា រដ្ឋាភិបាលមិនទាន់បានរៀបចំប្រព័ន្ធការងារក្នុងវិស័យដទៃ ដែលអាចស្រូបទាញកម្លាំងពលកម្មពីវិស័យកាត់ដេរនៅឡើយទេ ដូច្នេះបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានកាត់ផ្តាច់ នោះវានឹងប៉ះពាល់ដល់ឱកាសការងាររបស់ពលរដ្ឋ។ កញ្ញាជំរុញឱ្យយុវជន ងាកមកចាប់អារម្មណ៍ និងឈឺឆ្អាលរឿង EBA នេះ ឱ្យបានផុលផុសជាងមុន ដោយរឿងនេះប៉ះពាល់ដល់សង្គមទាំងមូល៖ «ខ្ញុំមើលឃើញមានយុវជនមួយចំនួនគាត់មានការខ្វល់ខ្វាយចំពោះនិន្នាការ EBA នេះ ខណៈដែលមានយុវជនមួយចំនួនទៀត គាត់ក៏មិនសូវខ្វល់ដែរ។ ប៉ុន្តែអ្វីដែលខ្ញុំគិតថា យុវជនអាចធ្វើបាន គឺយុវជនដែលគាត់មានសក្ដានុពល អាចតាមដានស្ថានការណ៍ហ្នឹង ហើយប្រសិនបើមើលទៅរដ្ឋាភិបាលហាក់ដូចជាមិនសូវខ្វល់ អាហ្នឹងយើងអាចបង្កើតជាក្រុមផ្សេងៗ ដើម្បីធ្វើយ៉ាងណាដាក់សម្ពាធទៅរដ្ឋាភិបាល។ យើងគួរតែចាប់អារម្មណ៍ទៅលើរឿងដែលសំខាន់ ដែលទាក់ទងទៅនឹងដង្ហើមជាតិ ការអភិវឌ្ឍ ស្ថិរភាពសង្គម និងនយោបាយរបស់កម្ពុជា»។
ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ” ហៅកាត់ថា EBA នេះ ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅលើពិភពលោក ចំពោះការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ហើយក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបមានទឹកប្រាក់ដល់ទៅជាង ៦ ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្ម។
សហភាពអឺរ៉ុបធ្លាប់បានប្រកាសរួចហើយថា មានតែការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានប៉ុណ្ណោះ ទើបជាលក្ខខណ្ឌចាំបាច់នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ឈានទៅទទួលបានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ លក្ខខណ្ឌដែលសហភាពអឺរ៉ុបតម្រូវឱ្យរបបលោក ហ៊ុន សែន អនុវត្តនោះ គឺការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរបបនេះបានវាយកម្ទេចកាលពីពេលកន្លងទៅ ប្រសិនបើរបបនេះនៅចង់បានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារអឺរ៉ុបបន្តទៅទៀត។
អ្នកឃ្លាំមើលសង្គម និងអ្នកវិភាគ អះអាងថា ការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមសំណើរបស់សហភាពអឺរ៉ុប នឹងមិនធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍នោះទេ ហើយក៏គ្មានមូលដ្ឋានណាមួយដែលថា នេះជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាព និងឯករាជ្យភាពជាតិនោះដែរ។ ផ្ទុយទៅវិញ នេះជាការអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងច្បាប់អន្តរជាតិនានាដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់តែប៉ុណ្ណោះ៕
