តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ«ឆបោក» ខណៈទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺ លោក លី សាម៉េត សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដកស្រង់ការលើកឡើងរបស់ព្រះរាជអាជ្ញា រងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ថា មនុស្សជំនិតរបស់លោក ហ៊ុន សែន គឺលោក ដួង តារា ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីព្រះរាជអាជ្ញា រងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១៤ ខែតុលា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
សមត្ថកិច្ចឃាត់ខ្លួនជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រីលោក ដួង តារា កាលពីថ្ងៃទី១០ ខែតុលា ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។
ការឃាត់ខ្លួនលោក ដួង តារា នេះ ធ្វើឡើងបន្ទាប់ពីមានផ្ទុះរឿងអាស្រូវ ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែង របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង ខណៈប្អូនប្រុសបង្កើតរបស់លោក គឺលោក ដួង វីរ៉ាត់ ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ។
រីឯទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺលោក លី សាម៉េត ដែលលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយ។ ការបញ្ជាឱ្យចាប់ខ្លួននេះ ដោយលោក ហ៊ុន សែន អះអាងថា លោក លី សាម៉េត តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយគេរាប់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។