យុទ្ធនាការ​​បំបាត់​​អំពើ​​និទណ្ឌភាព មាន​​អ្នក​​ចូលរួម​​បាន​ជាង​​៧​​ម៉ឺន​៣​ពាន់នាក់​

0:00 / 0:00

អ្នក​​ចូលរួម​​យុទ្ធនាការ​​នៃ​​គណបក្ស​​សង្គ្រោះជាតិ​ ​​បញ្ចប់​​អំពើ​និទណ្ឌភាព បាន​​ចុះ​ហត្ថលេខា​​គាំទ្រ​​យុទ្ធនាការ​នេះ​បាន​​ជាង ​​៧​ម៉ឺន ​​៣​​ពាន់​​នាក់ (៧៣.៥២០) គិត​មក​ត្រឹម​​យប់​​ថ្ងៃទី១៧ ខែមេសា។

ប្រជាពលរដ្ឋ និង​​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​បន្ត​ចុះ​ហត្ថលេខា​​គាំទ្រ​ យុទ្ធនាការ​​បញ្ចប់​​និទណ្ឌភាព ឬ​​ភាព​​គ្មាន​​ទោស​ពៃរ៍​​ដល់​ជន​ល្មើសនៅ​​កម្ពុជា​​នេះ ដោ​យ​​គ្រោង​​ប្រមូល​​ស្នាម​មេដៃ​​ប្រជាពលរដ្ឋ​​ប្រមាណ​​កន្លះ​លាន​​នាក់​ដើម្បី​​ដាក់​​ញត្តិ​ទៅ​​តុលាការ​​អន្តរជាតិ​​នានា ឲ្យ​ជួយ​​រក​​យុត្តិធម៌​​ជូន​​ក្រុម​​ជនរងគ្រោះ​​ដែល​​បាន​​ស្លាប់​​ដោយ​​អយុត្តិធម៌ ក្រោម​​របប​គ្រប់​គ្រង​​របស់​​លោក ហ៊ុន សែន។

គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​ស ឲ្យដឹង​ថា​ សំណុំរឿង​ធំៗ​ដែល​កំពុង​ចង​ក្រង​នោះ​​រួមមាន ព្រឹត្តិការណ៍​​បោក​គ្រាប់​បែក​​ចូល​​ហ្វូង​បាតុករ​​ដឹកនាំ​​ដោយ​លោក សម រង្ស៊ី ក្នុង​ពេល​​តវ៉ា​​ទាមទារ​​រក​​យុត្តិធម៌​​សង្គម និង​ទាមទារ​​ឱ្យ​​កំណែ​ទម្រង់​​ប្រព័ន្ធ​យុត្តិធម៌កាលពី​ថ្ងៃ​ទី​​៣០ មីនា ឆ្នាំ​​១៩៩៧ សំណុំរឿង​​លោក ជា វិជ្ជា លោក​បណ្ឌិត​ កែម ឡី ​លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន ករណី​​សម្លាប់​​អ្នកកាសែត សិល្បៈករ និង​​ព្រឹត្តិការណ៍​​រដ្ឋប្រហារ​​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧។

គណៈកម្មការនេះ​​ឲ្យដឹងទៀត​ថា ការចងក្រង​សៀវភៅស នេះមា​ន​ជា​ទិសដៅ ដើម្បី​បង្ហាញការពិត​នៃរឿងរ៉ាវឃាតកម្មជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​អ្នក​ជាប់​​ពាក់ព័ន្ធ​មិន​ហ៊ានលាត​ត្រដាង​ជា​ឯកសារ​ភស្ដុតាង​ដ៏រឹងមាំមួយ ដើម្បី​ឈាន​ទៅ​បញ្ចប់​​អំពើនិទណ្ឌភាព​នៅ​កម្ពុជា។

​សៀវភៅ «ស» នេះ មាន​ចំនួន​ ៥ ជំពូក។​ ជំពូកទី១ និយាយ​ពី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា ករណី​បាញ់​សម្លាប់​អ្នកវិភាគ​ឥត​សំចៃ​មាត់​លោកបណ្ឌិត កែម ឡី និង​មនុស្សមួយ​ចំនួន​ទៀត។ ជំពូកទី​២ រៀបរាប់​ពី​ករណី​បាញ់​សម្លាប់ សិល្បករ និងអ្នកកាសែត។ ជំពូទី៣ ករណី​បោកគ្រាប់​បែក​ថ្ងៃទី៣០ ខែមិនា​ឆ្នាំ​១៩៩៧។

ជំពូកទី៤ និយាយ​​ពី​រដ្ឋប្រហាឆ្នាំ១៩៩៧ និង​ជំពូកទី៥ ចងក្រង​ពី​អំពើនិទណ្ឌភាព​ និងអំពើ​អយុត្តិធម៌​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។