សាលាដំបូងរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រម លើសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធអំពើឃាតកម្ម លើស្រ្ដីឈ្មោះ ចេវ សុវឌ្ឍនា។
សារព័ត៌មានក្នុងស្រុកចុះផ្សាយថា សវនាការប្រកាសសាលក្រមលើរឿងឃាតកម្មពាក់ព័ន្ធស្នេហាត្រីកោណរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចនេះ នឹងដឹកនាំដោយប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ គឺលោក ហម ម៉េងសែ។
គម្រោងប្រកាសសាលក្រមលើកនេះ ក្រោយពីសវនាការសួរដេញដោលគ្រប់ភាគីពាក់ព័ន្ធក្នុងសំណុំរឿងចប់សព្វគ្រប់ និងបន្ទាប់ពីមានការប្រកាសលើកពេលប្រកាសសាលក្រមជាច្រើនលើកមកហើយចាប់តាំងពីខែមករា ឆ្នាំ២០១៩នេះ។
រឿងរ៉ាវស្នេហាត្រីកោណរបស់មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា រហូតកើតមានអំពើមនុស្សឃាតនេះ បានកើតមានឡើងតាំងពីខែមករា ឆ្នាំ២០១៨មក។ កាលនោះសមត្ថកិច្ចសម្រេចឃាត់ខ្លួន មនុស្ស៤នាក់ ដោយ២នាក់ គឺ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធិ ចោទប្រកាន់ពីបទឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា និង២នាក់ទៀត គឺអ្នកបើកឡាន របស់ លោក ឡាយ វណ្ណៈ និងអ្នកបម្រើប្រុសរបស់ស្ត្រី ឈ្មោះ ចេវ សុវឌ្ឍនា ពីបទលាក់បាំងតម្រុយ អំពើឃាតកម្មជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។