អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ដែលជាប់ទោសដោយសារជួយផលិតវីដេអូស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ សាលាឧទ្ធរណ៍នឹងលើកយកសំណុំរឿងសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ទៅជំនុំជម្រះនៅថ្ងៃសុក្រសប្ដាហ៍នេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា រំពឹងថា សាលាឧទ្ធរណ៍នឹងទម្លាក់ចោលបទចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ពីព្រោះសកម្មជនសិទ្ធិការងាររូបនេះមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកកត់សម្គាល់ថា សវនាការសំណុំរឿងលោក រ៉ាត់ រត្នមុនី នាពេលកន្លងទៅ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយនោះទេ ព្រោះខ្វះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្ថែមថា សាលាឧទ្ធរណ៍គួរតែទម្លាក់ចោលករណីនេះ ដើម្បីកុំឱ្យសាធារណជនរិះគន់ប្រព័ន្ធយុត្តិធម៌តទៅទៀត៖ «ស្ថាប័នហ្នឹងទេ ដែលជាអ្នកទទួលខុសត្រូវ មិនគួរណាទម្លាក់បន្ទុកដ៏ធ្ងន់ធ្ងរនេះមកខាងលោក រ៉ាត់ រត្នមុនី ទេ ហើយយើងទទូចសុំឱ្យមានការពិចារណាទៅលើសំណុំរឿងលោក រ៉ាត់ រត្នមុនី នេះ ដើម្បីរកយុត្តិធម៌ជូនគាត់ ហើយទម្លាក់ការចោទប្រកាន់ចំពោះរូបគាត់ឱ្យមានសេរីភាពឡើងវិញ»។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងថា លោក និងសហការីម្នាក់ទៀត នឹងចូលរួមក្នុងសវនាការនេះ ដើម្បីជួយដោះបន្ទុកកូនក្តី។ លោកសង្ឃឹមថា សាលាឧទ្ធរណ៍អាចកោះហៅសហដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់មកចូលរួមក្នុងសវនាការនេះ ដើម្បីតទល់គ្នាចំពោះមុខច្បាប់ ពីព្រោះពួកគេជាអ្នកប្ដឹងកូនក្ដីរបស់លោក។
តុលាការក្រុងភ្នំពេញបានកាត់ទោស លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” និងបង្គាប់ឱ្យបង់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត២ ម៉ឺនដុល្លារអាមេរិក។ លោក រ៉ាត់ រត្នមុនី ជាប់ទោសក្នុងសំណុំរឿងនេះ ដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មានរុស្ស៊ី (RT) Russia Today។ របបក្រុងភ្នំពេញចាត់ទុកវីដេអូនោះថា ជារឿងប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែងថា សហការីរបស់លោក គឺលោក រ៉ាត់ រត្នមុនី គ្មានកំហុសអ្វីនោះឡើយ ព្រោះគាត់ត្រឹមតែជាអ្នកបកប្រែឱ្យកាសែតរុស្ស៊ីប៉ុណ្ណោះ។ លោកយល់ថា ការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងលោក រ៉ាត់ រត្នមុនី នាពេលកន្លងទៅ មិនឈរលើគោលការណ៍វិជ្ជាជីវៈ និងយុត្តិធម៌នោះឡើយ៖ «គាត់ពុំមានកំហុសខុសឆ្គងអ្វីទេ គាត់គ្រាន់តែជាអ្នកបកប្រែឱ្យកាសែតរុស្ស៊ីតែប៉ុណ្ណឹង ហើយអ្វីដែលតុលាការដំបូងបានផ្ដន្ទាទោសគាត់នោះ វាជារឿងមួយអយុត្តិធម៌សម្រាប់គាត់ និងក្រុមគ្រួសារគាត់ ហើយចង់ឱ្យសាលាឧទ្ធរណ៍ហ្នឹងត្រូវតែពិនិត្យមើលឡើងវិញ ហើយទម្លាក់ចោលការចោទប្រកាន់ ឱ្យគាត់មានសេរីភាពឡើងវិញ»។
គិតត្រឹមពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំអស់រយៈពេលជិត ១ឆ្នាំមកហើយ ហើយភរិយា និងកូនរបស់លោកក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេសផងដែរ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញផ្សេងៗ។ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកផង បានស្នើយ៉ាងទទូចឱ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញ បន្ទាប់ពីពិនិត្យឃើញថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ជាពិសេសលោក រ៉ាត់ រត្នមុនី មិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។