មេធាវី​ស្នើ​សាលាឧទ្ធរណ៍​ពន្លឿន​រឿង​ក្តី​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី

ដោយ វ៉ែន សុមេធ
2019-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ឡុង គីមហ៊ាង និង​ក្រុម​សកម្មជន​ លើក​បដា​តវ៉ា​ទាម​ទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី ០៩ មករា ក្រោម​ការ​រឹតត្បិត​ពី​អាជ្ញាធរ។
អ្នកស្រី ឡុង គីមហ៊ាង និង​ក្រុម​សកម្មជន​ លើក​បដា​តវ៉ា​ទាម​ទារ​ឱ្យ​ស្ថានទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី ០៩ មករា ក្រោម​ការ​រឹតត្បិត​ពី​អាជ្ញាធរ។
រូប​ថត៖ ដោយ​អ្នកស្រី ឡុង គីមហ៊ាង

មេធាវី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​សំណុំរឿង​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​មេធាវី​បាន​ប្ដឹង​ទាស់​សាលក្រម​តុលាការ​ក្រុងភ្នំពេញ​ជាង​មួយ​ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​មាន​ការ​ឆ្លើយតប​ពី​សាលាឧទ្ធរណ៍​នៅឡើយ។

មេធាវី សំ ទិត្យសីហា ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ក្តី​ទទួល​បាន​ការ​ជំនុំជម្រះ​ឆាប់រហ័ស​នៅ​ដំណាក់កាល​សាលាឧទ្ធរណ៍​។ លោក​បញ្ជាក់​ថា គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស តម្រូវ​ឱ្យ​សវនាការ ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស ដើម្បី​កុំ​ឱ្យ​បាត់​ប្រយោជន៍​ជនជាប់ចោទ ដូច្នេះ​លោក​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ពិចារណា​ចំពោះ​សំណើ​នេះ។

មេធាវី​រូប​នេះ​នៅតែ​អះអាង​ថា កូន​ក្តី​របស់​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ ហើយ​ការ​ផ្ដន្ទាទោស​គាត់​នោះ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន៖ «សុំ​ឱ្យ​សាលាឧទ្ធរណ៍​មេត្តា​ពន្លឿន​នីតិវិធី​ក្នុង​ការ​បញ្ជូន​លោក រ៉ាត់ រត្នមុនី ទៅ​ជំនុំជម្រះ ហើយ​និង​មួយទៀត​សុំ​ឱ្យ​គាត់​រួចផុត​ពី​បទ​ចោទ ដើម្បី​គាត់​ជាប់ពន្ធនាគារ គាត់​មាន​អារម្មណ៍​មួយ​ថា នឹក​រឭក​ដល់​ក្រុម​គ្រួសារ​គាត់​មែនទែន​។ អ្វី​ដែល​សំខាន់​មួយទៀត​នោះ គឺ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ជនជាប់ចោទ​ដែល​គាត់​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ឱ្យ​លឿន​ទៅតាម​នីតិវិធី​ច្បាប់​របស់​យើង»

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” កាលពី​ចុងខែ​មិថុនា កន្លង​ទៅ​។ ចៅក្រម​ជំនុំជម្រះ​លោក កូយ សៅ បានសម្រេច​ឱ្យ​លោក​ជាប់ទោស​ពេញ​ទាំង​២ ឆ្នាំ ដោយ​គ្មាន​ការ​បន្ធូរបន្ថយ ខណៈ​បទ​ចោទ​នេះ​មាន​កម្រិត​ទោស​អតិបរមា ៣​ឆ្នាំ ក្នុង​ពន្ធនាគារ​។ ជាងនេះ​ទៅ​ទៀត តុលាការ​បាន​បង្គាប់​ឱ្យ​លោក​សង​សំណង​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៧០​លាន​រៀល ឬ​ស្មើនឹង​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​ថែមទៀត​។​

ដើមហេតុ​នៃ​ទោស​ទណ្ឌ​នេះ គឺ​ដោយសារ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​។ វីដេអូ​នេះ បង្ហាញ​ពី​នារី​វ័យក្មេង ៣​នាក់ ដែល​មាន​ជីវភាព​ក្រីក្រ ត្រូវ​បាន​គេ​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ​។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រាប់​លាន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube)

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាត់ទុក​ភាពយន្ត​ឯកសារ​នេះ ថា ជា​វីដេអូ​ប្រឌិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា រួច​ក៏​បាន​តាម​ចាប់​លោក រ៉ាត់ រត្នមុនី ដល់​ប្រទេស​ថៃ ដោយ​ចោទ​ថា លោក​បាន​ឱ្យ​លុយ​តួអង្គ​ទាំងនោះ ដើម្បី​និយាយ​ប្រឌិត​សាច់រឿង។

ទោះជា​យ៉ាងណា អាជ្ញាធរ​របប​លោក ហ៊ុន សែន មិន​បាន​កោះហៅ​ខាង​សារព័ត៌មាន​របស់​រុស្ស៊ី​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​នោះ​ឡើយ ស្រប​ពេល​សាក្សី​ដ៏​សំខាន់​ម្នាក់​ឈ្មោះ ស្រី ពេជ្រ ដែល​បដិសេធ​រឿង​ទទួល​បាន​លុយកាក់​នោះ ក៏​អវត្តមាន​ក្នុង​អង្គ​សវនាការ​ដែរ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្កោលទោស​រាល់​ចំណាត់ការ​ទាំងឡាយ​លើ​ស្វាមី និង​ថា នេះ​ជា​ការ​បំបែកបំបាក់​គ្រួសារ​អ្នកស្រី ដូច​អ្វី​ដែល​ពួក​ខ្មែរក្រហម​ធ្លាប់​បាន​ធ្វើ​លើ​គ្រួសារ​ខ្មែរ​យ៉ាង​ដូច្នេះ​ដែរ។ អ្នកស្រី​ទទូច​ឱ្យ​សាលាឧទ្ធរណ៍​លើក​រឿង​ក្តី​ស្វាមី​របស់​អ្នកស្រី​ទៅ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​គាត់​រង​ភាព​អយុត្តិធម៌​បែបនេះ​បន្ត​ទៅ​ទៀត៖ «ខ្ញុំ​ពិតជា​សូម​អំពាវនាវ​ឱ្យ​តុលាការ​ឧទ្ធរណ៍ ធ្វើការ​បើកសវនាការ​រឿង​ប្តី​របស់ខ្ញុំ​នេះ​ឱ្យ​បាន​ឆាប់ ចៀសវាង​ការ​ទុក​ករណី​ប្តី​របស់ខ្ញុំ​នេះ​យូរអង្វែង វា​អយុត្តិធម៌​ខ្លាំង​ណាស់»

គិត​ត្រឹម​ពេលនេះ លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​អស់​រយៈពេល​ប្រហែល ៨​ខែ​ ហើយ ហើយ​តាមរយៈ​សាលក្រម​ផ្ដន្ទាទោស លោក​ត្រូវ​ជាប់ឃុំ​បន្ត​ទៅ​ទៀត​រហូតដល់​គ្រប់​រយៈពេល ២ឆ្នាំ។

មេធាវី សំ ទិត្យសីហា ឱ្យដឹង​ថា កូន​ក្តី​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា​ទេ​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​នឹក​ខ្វាយខ្វល់​ពី​ភរិយា និង​កូនប្រុស​តូច​ជា​ខ្លាំង និង​តែង​ផ្ដាំ​មេធាវី​ឱ្យ​ប្រាប់​ទៅ​ពួកគេ​អំពី​ស្ថានភាព​របស់​គាត់។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​បាន​ថ្កោលទោស​ការ​ផ្តន្ទាទោស​សកម្ម​ជន​សិទ្ធិ​ការងារ​រូប​នេះ និង​បាន​ទាមទារ​ឱ្យ​របប ហ៊ុន សែន ដោះលែង​រូបលោក​វិញ​ជាបន្ទាន់​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ វាយ​តម្លៃ​ថា តុលាការ​បាន​កាត់​ក្តី​រឿង​នេះ បែប​បាយឡុកបាយឡ​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់​សុចរិត​ភាព នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។ ទន្ទឹម​នឹង​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់​ទោស លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល