តុលាការអាមេរិកចោទប្រកាន់អ្នកជំនាញផ្នែកសិល្បៈជនជាតិអង់គ្លេសម្នាក់ពីបទលក់វត្ថុបុរាណខ្មែរខុសច្បាប់
2019.11.30
តុលាការសហព័ន្ធអាមេរិក នៅទីក្រុងញូវយ៉ក (New York) បានចោទប្រកាន់ អ្នកជួញដូរវត្ថុបុរាណដ៏ល្បីម្នាក់ពីបទរត់ពន្ធវត្ថុបុរាណដែលត្រូវជនល្មើសលួចចេញពីប្រទេសកម្ពុជា។ ដីកាតុលាការចេញនៅសប្ដាហ៍នេះ បានចោទប្រកាន់ លោក (Douglas Latchford) ជនជាតិថៃ មានដើមកើតកំណើតអង់គ្លេស អាយុ ៨៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ ពីបទបង្កើតគម្រោងបោកប្រាស់លក់វត្ថុបុរាណ របស់ខ្មែរទៅឱ្យទីផ្សារអន្តរជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។ កាសែត (New York Times) ផ្សាយកាលពីថ្ងៃទី២៨ វិច្ឆិកាថា ជនជាប់ចោទ បានយកទៅវត្ថុបុរាណខ្មែរទៅលក់ ដោយលាក់បាំងការពិត ដោយមិនប្រាប់អ្នកទិញថា វត្ថុបុរាណទាំងនោះ ត្រូវបានជនល្មើសលួចយក ឬបានមកពីការគាស់កាយដីដោយគ្មានច្បាប់ និងការរត់ពន្ធខុសច្បាប់នោះទេ។ ព្រះរាជអាជ្ញាបន្តថា ជនល្មើស បានបង្កើតវិក្កយបត្រក្លែងក្លាយ ប្រវត្តិ និងឯកសារដឹកជញ្ជូនក្លែងក្លាយដើម្បីអាចលក់វត្ថុបុរាណទាំងនោះបាន។ ជនជាប់ចោទ បានប្រព្រឹត្តបទល្មើសចាប់តាំងពីទសវត្សឆ្នាំ១៩៧០ ដោយលោកចាប់ផ្ដើមលក់វត្ថុបុរាណខ្មែរ ទៅឱ្យកន្លែងលក់ដេញថ្លៃវត្ថុបុរាណនៅប្រទេសអង់គ្លេស។
ទោះបីជាយ៉ាងនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០០៨ បានផ្តល់ការសរសើរដល់ជនជាប់ចោទ ដោយសារតែជនចាប់ចោទរូបនេះបានផ្ដល់ថវិកាដល់សារមន្ទីរវត្ថុបុរាណជាតិ។ ជនជាប់ចោទបច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ ហើយមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ មិនទាន់មានព័ត៌មានថា តើអាមេរិកនឹងស្នើឱ្យអាជ្ញាធរថៃចាប់បញ្ជូនជនជាប់ចោទ មកតុលាការអាមេរិកដើម្បីកាត់ទោសនៅឡើយទេ ដោយសារតែបញ្ហាសុខភាព។ ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទមានទោសនោះ លោកនឹងជាប់ពន្ធនាគាររយៈពេលមិនតិចជាង ៣០ឆ្នាំនោះទេ៕