អាមេរិកដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប រឿងពុករលួយ​ពាក់ព័ន្ធ​គម្រោង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម

ដោយ មាន ឫទ្ធិ
2021.11.10
អាមេរិកដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប រឿងពុករលួយ​ពាក់ព័ន្ធ​គម្រោង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម (ឆ្វេង) នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​ (ស្ដាំ) នាយ​ឧត្ដមនាវី ទៀ វិញ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក។
រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារ​ជាតិ និង​ហ្វេសប៊ុកលោក ទៀត សុខា

សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា ប្រកាស​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នៅ​ក្រុង​ព្រះសីហនុ។ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ទាំងពីរ​រូប​នោះ រួមមាន នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ ដែល​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក ប្រកាស​នៅថ្ងៃទី១០ វិច្ឆិកាថា ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) របស់​ខ្លួន បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នេះ ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ការ​ដាក់​ទណ្ឌកម្ម​នេះ រួមមាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាន​នៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​អាច​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​បាន។ ទណ្ឌកម្ម​នេះ ក៏​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុគ្គល​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ឡើយ។ ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ក្លូប៊ល ម៉ាកនីតស្គី (Global Magnitsky) របស់​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ជន​ទាំង​ឡាយ​ណា ដែល​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ទូទាំង​សាកលលោក។

បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ រួមមាន កូនប្រុស​បង្កើត​របស់​លោក ចៅ ភិរុណ គឺ​លោក ចៅ ភិរិទ្ធ និង​លោក ចៅ ពលៈ។ ប្រពន្ធ​របស់​លោក ទៀ វិញ គឺអ្នកស្រី កាន់ ចន្ទ្រា កូនស្រី​របស់​លោក ទៀ វិញ គឺ​អ្នកស្រី ទៀ លក្ខិណា និង​កូនប្រុស​របស់​លោក ទៀ វិញ គឺ​លោក ទៀ សុខា។ ពួកគេ​ទាំងនេះ​ត្រូវ​បាន​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​ឡើយ។

Tea_Leakhena_Tea_Sokha_FB_Tea_Sokha.jpg
(ឆ្វេង) អ្នកស្រី ទៀ លក្ខិណា និង​លោក ទៀ សុខា ជា​កូន​របស់​លោក ទៀ វិញ។ រូប៖ ហ្វេសប៊ុក​លោក ទៀ សុខា

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ ដោយសារ​តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី១០ ឈាន​ចូល​ព្រឹក​ថ្ងៃទី១១ វិច្ឆិកា។

ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) ​នៃ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក អ្នកស្រី អេនឌ្រៀ ហ្កាកគី (Andrea M. Gacki) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា «សហរដ្ឋ​អាមេរិក នឹង​មិន​ឈរ​អោបដៃ​នៅ​សម្ងំ​ស្ងៀម​នោះ​ទេ ស្រប​ពេល​ដែល​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កំពុង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់ ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ខាត​បង់»។ អ្នកស្រី​បន្ត​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹង​បន្ត​ផ្ដោត​អាទិភាព​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​ធ្វើការ​ដោយ​មិន​រួញរា ដើម្បី​លើកកម្ពស់​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។

បើ​តាម​ក្រសួង​រតនាគារជាតិ​អាមេរិក នៅ​ឆ្នាំ២០២០ និង​ឆ្នាំ២០២១ លោក ចៅ ភិរុណ បាន​រួម​គំនិត​កេង​ចំណេញ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការសាងសង់ និង​កែ​លម្អ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ បន្ថែម​លើ​នេះ​ទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ក៏​ទំនង​ជា​បាន​រួម​គំនិត​គ្នា​បំប៉ោង​ថ្លៃដើម​នៃ​ការសាងសង់ និង​កែ​លម្អ​បរិវេណ និង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ហើយ​ពួកគេ​បាន​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​គម្រោង​ទាំងនោះ។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក ឱ្យ​ដឹង​ថា លោក ទៀ វិញ និង​លោក ចៅ ភិរុណ មាន​គម្រោងការ​ចែក​លុយ​គ្នា​ពី​​ថវិកា​ដែល​ពួកគេ​បាន​កេង​យក​ពី​គម្រោង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក គូស​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ជា​សារ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​កម្ពុជា និង​នៅ​ទូទាំង​សាកលលោក។ ដោយឡែក ក្រសួង​ការបរទេស​អាមេរិក​វិញ គូស​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ឱ្យ​មាន​នូវ​អនាគត​មួយ​ប្រកបដោយ​សន្តិភាព វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​សមភាព។ សហរដ្ឋ​អាមេរិក ឈរ​នៅ​ជាមួយ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ឱ្យ​មាន​កំណែទម្រង់​នានា។ ក្រសួង​ការ​បរទេស​អាមេរិក​សន្យា​ថា នឹង​បន្ត​ប្រើប្រាស់​នូវ​រាល់​សិទ្ធិ​អំណាច​ដែល​ខ្លួន​មាន​ទាំងអស់ ដើម្បី​ចូលរួម​លើក​កម្ពស់​ឱ្យ​មាន​នូវ​ទំនួលខុសត្រូវ​ចំពោះ​បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​តំបន់ និង​សាកល​លោក។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១​នេះ មន្ត្រី​ជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន សរុប ៥នាក់ហើយ​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក។ ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក គន់ គីម ដែល​ជា​អនុប្រធានទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៏​កំពុង​ទទួល​រង​នូវ​ទណ្ឌកម្ម​ដូចគ្នា​នេះ​ពីសហរដ្ឋ​អាមេរិក​ដែរ។ ទន្ទឹមនឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្តកោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។