ពលរដ្ឋជិត១០០នាក់តវ៉ាមុខតុលាការខេត្តសៀមរាបទាមទារឲ្យដោះលែងចៅសង្កាត់អំពិល
2015.12.31
ក្រុមប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ រស់នៅក្នុងភូមិចំនួន៩ នៃសង្កាត់អំពិល ក្រុងសៀមរាប បានលើកគ្នាទៅមុខតុលាការខេត្តសៀមរាប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ហើយស្រែកទាមទារឲ្យដោះលែងចៅសង្កាត់អំពិល មកពីគណបក្ស សម រង្ស៊ី ដែលកំពុងតែជាប់ឃុំឃាំងក្នុងពន្ធនាគារ។
ក្រុមអ្នកភូមិទាំងនោះ ស្ដីបន្ទោសតុលាការដែលសម្រេចឃុំខ្លួនចៅសង្កាត់អំពិល នោះ គឺធ្វើតាមបញ្ជារបស់អាជ្ញាធរអប្សរា ដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ៖ «តុលាការឃុំខ្លួនគាត់ហ្នឹង គឺជារឿងអយុត្តិធម៌ វាមិនមែនដូចជាការចោទប្រកាន់របស់អាជ្ញាធរអប្សរានោះទេ»។
កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅ បុរសឈ្មោះ ហ៊ាង សារី អាយុជាង ៦០ឆ្នាំ គឺជាចៅសង្កាត់អំពិល ក្រុងសៀមរាប មកពីគណបក្ស សម រង្ស៊ី ត្រូវតុលាការខេត្តសៀមរាប ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ ដោយសារតែការចុះហត្ថលេខាលើឯកសារដីធ្លីខ្លះ ធ្វើឲ្យអាជ្ញាធរអប្សរាដែលគ្រប់គ្រងតំបន់ភាគច្រើនទីនោះ បានប្ដឹងចោទប្រកាន់ពីបទចេញ និងក្លែងឯកសារខុសពីដែនសមត្ថកិច្ច៕