អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចដាក់វិន័យរដ្ឋបាលលើមន្ត្រីកងរាជអាវុធហត្ថ ៥នាក់ និងមន្ត្រីយោធាម្នាក់ ក្នុងនោះមាន ២នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអ្នកបាញ់កាំភ្លើងបណ្ដាលឲ្យពលរដ្ឋរងរបួសធ្ងន់ មិនទាន់រកឃើញនៅឡើយទេ ក្នុងសំណុំរឿងចុះអនុវត្តសាលដីកាតុលាការលើដីជម្លោះមួយកន្លែង នៅខេត្តព្រះសីហនុ កាលពីខែមករា។ មន្ត្រីសិទ្ធិមនុស្សទទួលស្គាល់ថា ចំណាត់ការនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែស្នើសុំឲ្យអាជ្ញាធរ បន្តស្វែងរកអ្នកបាញ់កាំភ្លើង ដែលបណ្ដាលឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ រួមទាំងមានវិធានការ ចំពោះអ្នកដឹកនាំចុះអនុវត្តសាលដីកានោះផងដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី អះអាងថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ សុខ ធារិទ្ធិ និងមន្ត្រីយោធាស័ក្ដិ ២ ឈ្មោះចាន់ ម៉ៅ អាយុជាង ៤០ឆ្នាំ ត្រូវបានផ្អាកការងារ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយសារពួកគេ ប្រើហិង្សាលើអ្នកតវ៉ាដីធ្លីម្នាក់ ដែលចងស្លាបសេក ក្នុងពេលចុះអនុវត្តសាលដីកាតុលាការកំពូលនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា។
លោក អេង ហ៊ី ឲ្យដឹងទៀតថា ចំពោះមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ ប៉ែន វិបុល និងមន្ត្រី ៣នាក់ទៀត ក៏ត្រូវបានអង្គភាពដាក់ពិន័យ ដោយការស្ដីបន្ទោសជាលាយលក្ខណ៍អក្សរដែរ ដោយសារពួកគេមិនបានជួយឃាត់កុំឲ្យប្រើហិង្សា និងថែមទាំងផ្ទុះអាវុធជាច្រើនគ្រាប់ផង ដែរ៖ «ពាក់ព័ន្ធជាមួយនឹងក្រុមប្រឹក្សាវិន័យ គឺកងរាជអាវុធហត្ថមាន ៥រូប ដែលត្រូវទណ្ឌកម្ម ដែលក្នុងនោះ មានឈ្មោះ សុខ ធារិទ្ធិ នេះ គឺត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយសារគាត់ប្រើហិង្សាទៅលើបុគ្គលម្នាក់នោះ។ កងរាជអាវុធហត្ថ យើង ក៏បានស្រាវជ្រាវពាក់ព័ន្ធនឹងយោធិនមួយរូប ដែលយកអាវុធអាកា (AK ) វាយទៅលើបុគ្គលម្នាក់នោះដែរ។ អ៊ីចឹងយោធានោះ ក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដូចគ្នាដែរ » ។
ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តិទៅនៅឯខេត្តព្រះសីហនុនៅ ព្រឹកថ្ងៃទី២៥ ខែមករា ស្ដីពីកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ចូល រួមអនុវត្តសាលដីកាតុលាការកំពូលលើដីវិវាទមួយកន្លែងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អេង ហ៊ី អះអាងថា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំង ១០០នាក់ ដែលមានកាំភ្លើងវែង ១០ដើម និងកាំភ្លើងខ្លី ៦ដើម ចូលរួមអនុវត្តសាលដីកានោះ គឺមិនមែនជាអ្នកបាញ់ត្រូវពលរដ្ឋម្នាក់បណ្ដាលឲ្យរងបួសធ្ងន់នោះទេ។ លោកបន្តអះអាងថា កាំភ្លើងដែលបាញ់ត្រូវពលរដ្ឋនោះ ជាប្រភេទកាំភ្លើងខ្លី កា៥៩ (K59) ប៉ុន្តែក្រោយពីស៊ើបអង្កេត និងធ្វើកោសល្យវិច័យមក លោកថា ក្បាលគ្រាប់ ដែលបាញ់ចំពលរដ្ឋនោះ មិនមែនជាក្បាលគ្រាប់របស់កងកម្លាំងអាវុធហត្ថនោះទេ៖ «អ៊ីចឹងនៅក្នុងអាវុធហត្ថនេះ ក៏មានអាវុធប្រភេទ ៥៩មួយដើមដែរ។ អ៊ីចឹងយើងយកតែក្បាលគ្រាប់របស់គាត់មួយគ្រាប់នោះ យកមកផ្ទៀងផ្ទាត់មើល។អ៊ីចឹងជំនាញបានផ្ទៀងផ្ទាត់មើលហើយ គឺមិនដូចគ្នាទេ គឺមានផលអវិជ្ជមាន។ ខ្ញុំសូមបញ្ជាក់ដែរថា ក្បាលគ្រាប់ដែលបាញ់ចេញពីកាំភ្លើងមួយ គឺបាញ់ចេញវាដូចគ្នា មានភាពដូចគ្នា។ ការពិនិត្យ ទោះបីជាប៉ុន្មានគ្រាប់ក៏ដោយ ក៏មានភាពដូចគ្នាដែរ តែបើសិនជាកាលណាចេញភាពអវិជ្ជមានអីចេះ មានន័យថា គឺគ្រាប់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ មិនបានចេញពីកាំភ្លើងរបស់កងរាជអាវុធហត្ថទេ។ នេះចង់បញ្ជាក់កន្លែងហ្នឹងបន្តិច»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ឲ្យដឹងទៀតថា សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកជនល្មើសដែលបាញ់ពលរដ្ឋនោះ។
កាលពីថ្ងៃទី២៤ ខែមករា ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ និងអភិបាល រងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ បានដឹកនាំយោធា ១០០នាក់ កងរាជអាវុធហត្ថ ១០០នាក់ និងនគរបាល ១០០នាក់ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់ដីទំនាស់ ជាង ៧០ហិកតារ ដែលមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅនោះ ទៅឱ្យប្រជាពលរដ្ឋចំនួន ៩គ្រួសារផ្សេងទៀត ដែលគេសង្ស័យថា ឈរឈ្មោះឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង សួន។ អ្នកភូមិរាប់រយនាក់ បានតវ៉ាប្រឆាំងការអនុវត្តសាលដីកានោះ ដោយនាំគ្នាដុតកង់ឡាន បិទផ្លូវរហូតផ្ទុះអំពើហិង្សា។ ក្នុងហេតុការណ៍នោះបណ្ដាលឲ្យកម្មករសំណង់ម្នាក់អាយុ ២៨ ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន បានរងរបួសដោយគ្រាប់កាំភ្លើងចំស្មាពីផ្នែកខាងក្រោយ បៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង កំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំណែកពលរដ្ឋ ៤នាក់ទៀត ត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន និងចងស្លាបសេក ហើយយកកាំភ្លើងវាយដុំ និងយកជើងជាន់ផ្ទប់នឹងដីថែមទៀត ប៉ុន្តែពលរដ្ឋទាំងនោះ ត្រូវបានដោះលែងវិញ នៅយប់ថ្ងៃកើតហេតុដោយមានកិច្ចសន្យាឈប់តវ៉ា និងបង់លុយម្នាក់ ១រយដុល្លារ ព្រមទាំងចិញ្ចៀនមួយវង្ស។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត ទទួលស្គាល់ថា វិធានការរបស់អង្គភាពកងរាជអាវុធហត្ថនេះ គឺជាការចាប់ផ្ដើមអនុវត្តច្បាប់ និងជាគំរូ ល្អមួយ ដើម្បីកុំឲ្យហេតុការណ៍បែបនេះកើតម្ដងទៀត ព្រោះការប្រើអំពើហិង្សាលើពលរដ្ឋ គឺជាទង្វើ ខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្ស។ ទោះយ៉ាងណាក្តី លោកនៅតែជំរុញឲ្យកងរាជអាវុធហត្ថបន្តស្រាវជ្រាវរកជនដៃដល់ ដែលបាញ់ពលរដ្ឋឲ្យរងរបួសធ្ងន់នោះឲ្យឃើញ ដើម្បីផ្ដន្ទាទោស តាមច្បាប់ និងដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ៖ «ខ្ញុំគិតថា ឲ្យតែមានឆន្ទៈពិតប្រាកដក្នុងការស្វែងរក គឺមិនពិបាកទេ ដូចយើងដឹងហើយ កម្លាំងដែលចូលរួមទាំងអស់មានប៉ុន្មាន។ អ៊ីចឹងស្ថាប័នមួយៗ គឺអាចនឹងធ្វើការដូចកងរាជអាវុធហត្ថអ៊ីចឹង គឺពិនិត្យកោសល្យវិច័យមើលលើក្បាលគ្រាប់គ្រប់របស់បុគ្គលនីមួយៗ ដែលបានចូលរួមអនុវត្តថា តើមានកាំភ្លើងអ្វីខ្លះ ហើយពិនិត្យទៅ អាចនឹងរកឃើញហើយ»។
ក្រៅពីនេះ លោក អំ សំអាត ក៏ស្នើសុំឲ្យក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គួរតែ ពិនិត្យមើលទង្វើរបស់ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ដែលដឹកនាំកម្លាំងចុះអនុវត្តសាលដីកា តុលាការកំពូលនោះថា ត្រឹមត្រូវដែរឬទេ ព្រោះជាគោលការណ៍ គឺទោះបីជាអនុវត្តសាលដីកាតុលាការកំពូលក៏ដោយ គឺមិនត្រូវបង្កឲ្យមានហានិភ័យខ្ពស់ ឬមានអំពើហិង្សាធ្ងន់ធ្ងរលើពលរដ្ឋនោះទេ។ លោក យល់ថា ប្រសិនបើអ្នកដឹកនាំអនុវត្តសាលដីកាដឹងថា មានហានិភ័យខ្ពស់ គឺត្រូវតែដកថយ ឬត្រូវផ្អាកសិន ដើម្បីរកមធ្យោបាយថ្មី ដើម្បីធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ និងអំពើហិង្សាធ្ងន់ធ្ងរកើតឡើង៖ «បើសិនជាអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីទេ អាហ្នឹងគួរតែអនុវត្តតាមវិន័យ ឬតាមបែបបទរបស់ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ឬក៏របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី២៥ ខែកុម្ភៈដោយទូរស័ព្ទហៅចូលតែមិនទទួល។ ចំណែកអភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ក៏មិនទទួលទូរស័ព្ទដែរ ដោយចុចបិទទូរស័ព្ទវិញ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ករណីអាជ្ញាធរក្រចេះ និងអាជ្ញាធរខេត្ត ព្រះសីហនុ យកកម្លាំងយោធាបង្ក្រាបពលរដ្ឋមានជម្លោះដីធ្លីនោះ ជារឿងមិនត្រឹមត្រូវ ហើយលោកបានហាមទៅអាជ្ញាធរខេត្តផ្សេងៗ ទៀត កុំប្រើកម្លាំងយោធាទៅចុះអនុវត្តសាលដីការបស់តុលាការ ដោយលោកថា សកម្មភាពនោះ ជារឿងខុសច្បាប់។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ ជំរុញឲ្យអាជ្ញាធរ ជាពិសេស អ្នកដឹកនាំអនុវត្តសាលដីកានោះ គួរតែទទួលខុសត្រូវចំពោះជនរងគ្រោះដោយគ្រាប់កាំភ្លើង ព្រោះជនរងគ្រោះ អាចនឹងពិការអស់មួយជីវិតដោយសារមកទល់ពេលនេះ មិនទាន់កម្រើកខ្លួនបានទេ។ លោក អំ សំអាត ក៏ជំរុញអាជ្ញាធរឲ្យដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋដែរ ព្រោះពលរដ្ឋ ទាំងនោះ នៅតែទុកសាលដីកានោះគ្មានភាពយុត្តិធម៌ ហើយពួកគេកំពុងបន្តបោះតង់រស់នៅលើដីជម្លោះដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
