តុលាការ​វៀតណាម​បន្ត​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត ចំនួន ៣​ឆ្នាំកន្លះ

ដោយ យន់ សាមៀន
2024.02.08
តុលាការ​វៀតណាម​បន្ត​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត ចំនួន ៣​ឆ្នាំកន្លះ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ​លោក យ័ញ មិញក្វាង នៅ​ថ្ងៃប្រកាសសាលក្រម នៃ​តុលាការ​វៀតណាម កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ ២០២៤។
Photo Courtesy of Baosoctrang.org.vn

តុលាការ​វៀតណាម​បន្ត​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជាក្រោម​ម្នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ ៣​ឆ្នាំ​ ៦ខែ ពី​បទ​បង្ក​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ។ ទោះបីជា​យ៉ាង​ណា​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់​សាលក្រម​តុលាការ​វៀតណាម​ថា ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ដើម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​តុលាការ​វៀតណាម​ដែល​បាន​កាត់ទោស សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ​លោក យ័ញ មិញក្វាង កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ ៣​ឆ្នាំ​កន្លះ។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរដីកា​ថា ​តុលាការ​វៀតណាម​មិន​បាន​អនុញ្ញាត​លោក យ័ញ មិញក្វាង មាន​មេធាវី​ការពារ​ក្តី និង​កាត់​ក្តី​តាម​តែ​អំពើ​ចិត្ត។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ត្រូវតែ​ដោះលែង​សកម្មជន យ័ញ មិញក្វាង ជា​បន្ទាន់ ព្រោះ​លោក​អត់​មាន​កំហុស​អ្វី​ទេ។ ការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​នៃ​ទឹកដី​កម្ពុជាក្រោម ក៏​ដូចជា ការ​បញ្ចេញ​មតិ​តាម ​ហ្វេសប៊ុក​គ្មាន​កំហុស​អ្វី​ទេ​ពីព្រោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ»

វៀតណាម​ចោទ​ប្រកាន់​លោក យ័ញ មិញក្វាង ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​បទ​ល្មើស​ផ្សេង​ទៀត​។ មុន​ពេល​ចាប់​ខ្លួន​ កាល​ពី​ចុង​ឆ្នាំ២០២៣​ លោក ​យ័ញ ​មិញក្វាង ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ​(Facebook) ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជនជាតិ​ដើម​ខ្មែរ​ក្រោម ពី​សំណាក់​វៀតណាម​និង​ផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​វៀតណាម​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម ​សៀវភៅ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម និង​ការ​បោះ​ពុម្ព​អាវ​យឺត​ដែល​មាន​រូប​​ទង់​ជាតិ​ខ្មែរ​ក្រោម​ចែក​ចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាដើម។ កាល​ពី​សប្ដាហ៍​មុន​តុលាការ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ក៏​បាន​កាត់ទោស ​លោកស្រី​ ឌិញ ធី វិន ​អាយុ ​៤៤ឆ្នាំ​ រស់​នៅ​ស្រុក​បាយឆៅ ​ដាក់​ពន្ធនាគារ​​ពីរ​ឆ្នាំ ​ពី​បទ​ ​"មិន​អនុវត្ត​សាលក្រមករណី​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ដីធ្លី​របស់​គាត់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១៦។ លោកស្រី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​យក​ឃុំឃាំង​កាលពី​​ខែ​សីហា ​ឆ្នាំ២០២៣ ប៉ុន្តែ​ទើប​កាត់​ទោស​ កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ។

ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ថា តុលាការ​វៀតណាម​យក​លេស​រឿង​ដី​ធ្លី​ដើម្បី​ចាប់ខ្លួន ​ លោកស្រី ឌិញ ធីវិន ដោយសារ​​តែ​លោកស្រី​បាន​ចូល​រួម​ចលនា​ទាមទារ​សិទ្ធិ​ជនជាតិ​​ដើម និង​សិទ្ធិ​ដី​ធ្លី។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ដឹកនាំ​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ពិភពលោក​នៅ​​​មុខ​ស្ថានទូត​វៀតណាម ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម សរុប​បួន​នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ដោយ​សារ​តែ​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។ ​​​បច្ចុប្បន្ន​ មាន​សកម្មជន​ខ្មែរ​ក្រោម​ពីរ​នាក់​ក្នុង​ចំណោម​បួន​នាក់ ​រួម​មាន​លោក តោ ហ្វាងចឿង លោក ថាច់ កឿង នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​វៀតណាម​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ។ អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពួក​គេ​ ស្រប​ពេល​នឹង​ពេល​ចាប់​ខ្លួន ​លោកស្រី ឌិញ ធីវិន និង​លោក យ័ញ មិញក្វាង ដែរ។ សកម្មជន​លោក តោ ហ្វាងចឿង និង​លោក ថាច់ កឿង ជា​មនុស្ស​សកម្ម​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ជនជាតិ​ដើម​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។