សាក្សី និងជាជនរងគ្រោះ ៣នាក់ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ មករា ជុំវិញសំណុំរឿងមន្ត្រីកងរាជអាវុធហត្ថវាយដំពួកគេ និងធ្វើទារុណកម្មពលរដ្ឋមា្នក់រហូតដល់ស្លាប់។
ជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ លោក អាន រួន បានបំភ្លឺប្រាប់តុលាការថា មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានវាយដំពួកលោក និងធ្វើទារុណកម្មលោក ទុយ ស្រស់ បណ្ដាលឱ្យគ្រាំខ្លួនស្លាប់ កាលពីថ្ងៃទី១មករាកន្លងទៅ៖ «បាទខ្ញុំនិយាយតែប៉េអិមវាយខ្ញុំ អត់និយាយប៉ះពាល់រឿងដីទំនាស់ទេ រហូតដល់ស្លាប់មនុស្សម្នាក់ ដែលគេវាយធ្វើបាបនៅកន្លែងបន្សាបគ្រឿងញៀននោះ ខ្ញុំនិយាយប្រាប់តុលាការអស់ហើយ។ ឥឡូវឆ្អឹងខ្ញុំប្រេះហើយ ហើយដើមទ្រូងខ្ញុំភ្លាត់ឆ្អឹងផុតពីកន្លែងចាស់ហើយខ្ញុំប្រាប់គាត់តាមដំណើរទាំងអស់មកគាត់យល់ព្រម គាត់ថា កុំកុហកខ្ញុំ ខ្ញុំថាមិនបានកុហកទេ។ ខ្ញុំចាំបានប៉េអិម ២នាក់ លោក ស ប៊ុនសឿង ហើយនិង ឈ្មោះ ឆយ រដ្ឋនា ហៅ សឿង៣៨ ហើយផុតពីនោះទៀត ខ្ញុំអត់បានស្គាល់ទេ នៅមានច្រើនទៀត»។
លោកបន្តថា ពួកលោកបានសំណូមពរឱ្យតុលាការស្វែងរកចាប់មន្ត្រីប៉េអិម និងអ្នកពាក់ព័ន្ធផ្សេងទៀត ផ្ដន្ទាទោសតាមច្បាប់។
អាស៊ីសេរីមិនអាចទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ហេង កេសរោ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣០ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែលោក អាន រួន និយាយថា មន្ត្រីតុលាការបានប្រាប់លោកថា តុលាការនឹងស្រាវជ្រាវរកចាប់មន្ត្រីអាវុធហត្ថផ្សេងទៀតដែលពាក់ព័ន្ធរឿងនេះ ឱ្យទទួលទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនពួកគាត់។
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ប្រជាពលរដ្ឋ ៥នាក់យកទៅឃុំ និងវាយដំ បន្ទាប់ពីពលរដ្ឋជាង ១០០នាក់ បានតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំរកដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់នៅស្រុកស្វាយចេក កាលពីថ្ងៃទី២៨ ធ្នូឆ្នាំ២០១៩។ កាលនោះ បានបណ្តាលឱ្យតំណាងពលរដ្ឋម្នាក់គឺលោក ទុយ ស្រស់ បានស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។
អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានអើពើស៊ើបអង្កេតករណីនេះភ្លាមៗនោះទេ បើទោះជាសាក្សី និងជាជនរងគ្រោះក្នុងអំពើហិង្សានោះបានព្យាយាមបកស្រាយ និងទាមទាររកយុត្តិធម៌ក៏ដោយ។ ទើបតែមានបញ្ជាផ្ទាល់មាត់ពីលោក ហ៊ុន សែន នៅពេលថ្មីៗនេះទេ ទើបសមត្ថកិច្ចពីស្ថាប័នចម្រុះបានបណ្ដាក់គ្នាចុះស៊ើបអង្កេត និងសាកសួរជនរងគ្រោះ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់បញ្ជូនខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង និងជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តនេះ គឺលោក ឆយ រដ្ឋនា ទៅតុលាការ ហើយតំណាងអយ្យការអមតុលាការខេត្តបន្ទាយមានជ័យក៏បានឃុំខ្លួនមន្ត្រីប៉េអិមទាំងពីររូបនេះពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះ ការចាប់មន្ត្រីអាវុធហត្ថតែ ២នាក់ មិនទាន់គ្រប់គ្រាន់ទេ គឺអាជ្ញាធរត្រូវស្រាវជ្រាវរកមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដាក់គុកឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដោយមិនត្រូវលើកលែងនោះឡើយ ពីព្រោះជាអំពើទារុណកម្មឃោរឃៅធ្វើឱ្យមនុស្សស្លាប់ និងដើម្បីកុំឱ្យមន្ត្រីមានអំណាចចេះតែវាយធ្វើបាបពលរដ្ឋតាមទំនើងចិត្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
