តុលាការចោទស្ត្រីដែលនិយាយថាលោក ហ៊ុន សែន ជាឃាតកសម្លាប់បណ្ឌិត កែម ឡី
2017.12.25
ស្ត្រីជាប់ចោទឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ បទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២២ ធ្នូ បានបើកសវនាការជំនុំ ជម្រះស្ត្រីម្នាក់នេះពីបទជេរប្រមាថលោក ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថាជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានដកស្រង់សម្ដីលោក អ៊ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និងអ្នកស្រី ម៉ាក់ នី ដែលជាតំណាងអយ្យការចុះផ្សាយថា តុលាការបានសម្រេចរក្សាបទចោទប្រកាន់នៅដដែល និងផ្ដន្ទាទោសស្ត្រីឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា តាមច្បាប់។ ក្រោយការសួរដេញដោយតុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ។
ស្ត្រី ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅម្តុំបេនឡាន រិទ្ធីមុនី ក្រោយពីស្ត្រីរូបនោះបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុក ឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយបានហៅលោក ហ៊ុន សែន និងក្រុមគ្រួសារថា ជាឃាតក នៅពេលដែលនាងកំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួប ១ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ពាក់ព័ន្ធការដាក់ទោសទណ្ឌដល់ក្រុមអ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុកនេះ កន្លងមកសមត្ថកិច្ចកម្ពុជា បានផ្ដន្ទាទោសមនុស្សមួយចំនួនដាក់ពន្ធនាគារ ដោយសារពួកគេបានរិះគន់ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្សពួក។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះបានសម្រេចដាក់លិខិតស្នើសុំទៅប្រមុខរដ្ឋាភិបាលដើម្បីបង្កើតមាត្រាថ្មីមួយទៀតដាក់បញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌអ្នកទាំងឡាយណាដែលហ៊ានប្រមាថព្រះមហាក្សត្រថែមទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២១ ខែធ្នូ ថា កន្លងមកមានអ្នកប្រមាថព្រះមហាក្សត្រ ប៉ុន្តែគ្មានច្បាប់ចែងដាក់ទោសទណ្ឌ ទើបធ្វើឲ្យជនប្រព្រឹត្តអាចនៅក្រៅសំណាញ់ច្បាប់បាន។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលមានជនអនាមិកមួយចំនួនប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ប្រមាថអង្គព្រះមហាក្សត្រ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សហៅចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមចាត់វិធានការផ្លូវច្បាប់លើក្រុមអ្នករិះគន់ ថាគឺជាការរំលោភលើសិទ្ធិក្នុងការបញ្ចេញមតិ ហើយអោយចំណាត់ថ្នាក់ដល់កម្ពុជា ថាជាប្រទេសគ្មានសេរីភាព។ រហូតមកទល់ពេលនេះ រដ្ឋាភិបាលនៃរបបរបស់លោក ហ៊ុន សែន កំពុងឃុំឃាំងអ្នកទោសនយោបាយចំនួនជាង ២០នាក់ យ៉ាងវេទនាដោយសារហេតុផលនៃការបញ្ចេញមតិ៕