វត្ថុបំណងនៃសេចក្តីព្រាងច្បាប់ គឺសំដៅផ្តល់ការគាំពារចាំបាច់នានាដល់យុវជន ដែលសេចក្តីព្រាងច្បាប់នេះកំណត់អាយុពី១៥ឆ្នាំ ដល់ ៣០ឆ្នាំ ដែលមានប្រមាណ ៦០%នៃប្រជាជនកម្ពុជាសរុបទាំងអស់។
ច្បាប់នោះក៏នឹងមានចែងអំពីសេវានានាដែលរដ្ឋាភិបាលនឹងត្រូវផ្តល់ជូនដល់ក្រុមយុវជនផងដែរ។
លោក ជ័យ ចាប រដ្ឋលេខាធិការនៃក្រសួងអប់រំ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រសួងនឹងខិតខំឲ្យច្បាប់នេះចេញនៅឆ្នាំ២០០៩ ដោយផ្អែកយកតាមសេចក្តីព្រាងច្បាប់ដែលព្រាងឡើងដោយក្រសួងនៅឆ្នាំ២០០៦។
ទោះជាយ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ចុងក្រោយ នឹងត្រូវតែទទួលបានការយល់ព្រមពីអ្នកជំនាញការនានាពីក្រៅប្រទេស អង្គការសង្គមស៊ីវិលនិងក្រសួងមន្ទីរនានារបស់រដា្ឋភិបាល ដែលធ្វើការទាក់ទិននឹងពួកយុវជន។
ទាក់ទងនឹងការធ្វើសេចក្តីព្រាងច្បាប់នេះ លោក យ៉ង់ គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឍល ភីឧីភី ជាអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការយ៉ាងជិតដិតជាមួយយុវជនដែរនោះ បានឲ្យដឹងថា កាលពីឆ្នាំ២០០៦ រដ្ឋាភិបាលបានទទួលការជ្រោមជ្រែងក្នុងការព្រាងច្បាប់នេះ ម្តងរួចមកហើយ។ ទោះជាយ៉ាងណាក៏ដោយ លោកសូមស្វាគមន៍ចំពោះផែនការអនុម័តច្បាប់នេះក្នុងពេលឆាប់ៗខាងមុខរបស់រដ្ឋាភិបាល៕
