មនុស្ស​ជិត​៥០០​នាក់​ចូល​រួម​ពិធី​ផ្សព្វផ្សាយ​ធម៌​វិបស្សនា​កម្មដ្ឋាន​នៅ​បាត់ដំបង

0:00 / 0:00

មនុស្ស​ប្រមាណ​ជិត ៥០០​នាក់ ដែល​ជា​ព្រះសង្ឃ មន្ត្រី​រាជការ យោធា យុវជន យុវតី សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​ប្រជាពលរដ្ឋ​អ្នក​ស្រុក​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្ដីពី​ទិវា​ទ្វារ​ចំហ ឬ​ពិធី​ផ្សព្វផ្សាយ​ធម៌​វិបស្សនា​កម្មដ្ឋាន។

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​ពេល​នោះ​គេ​បាន​ណែនាំ​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ហាត់​រៀន​ធ្វើ​សមាធិកម្មដ្ឋាន ដើម្បី​អប់រំ​ចិត្ត​បង្កើត​គុណធម៌ សីលធម៌​ល្អ​នៅ​ក្នុង​ខ្លួន​ដែល​នឹង​នាំ​ឲ្យ​ជីវិត​រស់​នៅ​មាន​សេចក្ដី​សុខ សន្តិភាព​ជាមួយ​គ្នា​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​នេះ។

មនុស្ស​ក្នុង​លោក​នេះ​គឺ​មាន​ទុក្ខ​នៅ​គ្រប់​ទីកន្លែង ទាំង​អ្នកក្រ ទាំង​អ្នក​មាន អ្នក​ធំ អ្នក​តូច ស្ដេច រាស្ត្រ នាម៉ឺន​មន្រ្តី ។ល។ គឺ​សុទ្ធតែ​មាន​ទុក្ខ​ទាំង​អស់​គ្នា។ សេចក្ដី​ទុក្ខ​នេះ​គឺ​បណ្ដាល​មក​ពី​មនុស្ស​មិន​យល់​ពី​របៀប​រស់​នៅ​ត្រឹមត្រូវ។ តើ​គេ​ត្រូវ​រស់​នៅ​យ៉ាង​ណា​ដែល​ហៅ​ថា ត្រឹម​ត្រូវ​នោះ? គឺ​ការ​រស់​នៅ​ប្រកប​ដោយ​គុណធម៌ សីលធម៌​ល្អ ទាំង​ផ្លូវ​កាយ​វាចា​ចិត្ត។

អាចារ្យ​ប្រចាំ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា នៅ​ខេត្ត​បាត់ដំបង លោក កួច សុងហាក់ បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​ខួប ១០​ឆ្នាំ​នៃ​មជ្ឈមណ្ឌល​វិបស្សនា​ធម្មលដ្ឋិកា និង​ទិវា​ទ្វារ​ចំហ ប្រកាស​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​មណ្ឌល​ក្នុង​ការ​បង្ហាត់​បង្រៀន​ធម៌​វិបស្សនា​នៅ​កម្ពុជា។

លោក​អាចារ្យ​បាន​បញ្ជាក់​ទៀត​ថា ធម៌​វិបស្សនា គឺ​ជា​សិល្បសាស្ត្រ​នៃ​ការ​រស់​នៅ​មួយ​ត្រឹមត្រូវ ដែល​ជួយ​មនុស្ស​អ្នក​បដិបត្តិ​បាន​ខ្ជាប់ខ្ជួន​ឲ្យ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សន្តិភាព​បាន ឬ​មួយ​យ៉ាង​ហោច​ណាស់ អាច​ជួយ​កាត់​បន្ថយ​ក្ដី​លោភៈ ទោសៈ មោហៈ បាន​ខ្លះ​ដែរ។

លោក​បាន​បន្ថែម​ថា សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​បាន​មក​បដិបត្តិ​ធម៌​វិបស្សនា​នៅ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា បាន​កើន​ឡើង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ក្រៅ​ពី​ជនជាតិ​ខ្មែរ​ពុទ្ធ​បរិស័ទ​មក​បដិបត្តិ ក្នុង​នោះ​ក៏​មាន​ជាតិ​សាសន៍ និង​និកាយ​សាសនា​ផ្សេងៗ​ទៀត ក៏​បាន​មក​ចូល​រួម​បដិបត្តិ​នៅ​ទី​នេះ​ដែរ ដោយសារ​តែ​គេ​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពេល​បដិបត្តិ ហើយ​និង​យល់​ថា ធម៌​វិបស្សនា​ជា​ធម៌​សកល មិន​មាន​ប្រកាន់​និកាយ ឬ​សាសនា​អ្វី​ឡើយ៖ «ព្រះពុទ្ធ​គោតម​ប្រសូត​នៅ​ប្រទេស​ឥណ្ឌា ជា​ជនជាតិ​ឥណ្ឌា ប៉ុន្តែ​អ្នក​ដើរ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ មាន​គ្រប់​ពូជ​សាសន៍។ ក្នុង​ឆ្នាំ​២០០៤ មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ទទួល​សិស្ស ៦៦៦​នាក់។ នៅ​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ យើង​ទទួល​សិស្ស ១.៣០០​នាក់ លើស​ពី ២​ដង គឺ ២០០%»

ការ​ប្រារព្ធ​ពិធី​ខួប ១០​ឆ្នាំ​របស់​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​នៃ​ការ​បដិបត្តិ​ធម៌​វិបស្សនា គេ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​បាន​មក​ចូល​រួម​ប្រមាណ​ជិត ៥០០​នាក់ និង​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដូចជា​ព្រះសង្ឃ សិស្ស និស្សិត មន្ត្រី​រាជការ គ្រូ​បង្រៀន មន្ត្រី​យោធា និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ដទៃ​ទៀត និង​ពី​ភ្នំពេញ​ខ្លះ។

នៅ​ក្នុង​ពិធី​នោះ គេ​ឃើញ​មាន​ការ​ឡើង​បង្ហាញ​ពី​បទពិសោធន៍​នៃ​ការ​បដិបត្តិ​ធម៌​វិបស្សនា​របស់​សិស្ស​ចាស់​មួយ​ចំនួន ដើម្បី​ឲ្យ​ភ្ញៀវ​បាន​យល់​ថា តើ​ការ​បដិបត្តិ​ធម៌​នៅ​ទី​នោះ​គេ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា​ខ្លះ។

ក្នុង​ចំណោម​សិស្ស​ចាស់​ទាំង​នោះ មាន​សិស្ស​ចាស់​មួយ​រូប​ឈ្មោះ ព្រីង រចនា បាន​ឲ្យ​ដឹង​ថា គាត់​ជា​គ្រូបង្រៀន​មួយ​រូប​នៅ​អនុវិទ្យាល័យ​រូងជ្រៃ ខេត្ត​បាត់ដំបង។ គាត់​ធ្លាប់​បាន​មក​បដិបត្តិ​ធម៌​វិបស្សនា​នៅ​មជ្ឈមណ្ឌល​តាំង​ពី​ឆ្នាំ​២០០៨ ហើយ រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​បន្ត​ការ​បដិបត្តិ​ជាប់​រហូត​ដែរ ពីព្រោះ​បាន​ធ្វើ​ឲ្យ​គាត់​ចេះ​ពី​វិធីសាស្ត្រ​អប់រំ​ចិត្ត ហើយ​ហ៊ាន​ប្រឈម​មុខ​ក្នុង​ការងារ​លំបាកៗ​បាន​ខ្លះ ដែល​មិន​ដូច​ពី​មុន​ចេះ​តែ​មាន​បញ្ហា​ភ័យ​ខ្លាច​ច្រើន។

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ អ្នក​បដិបត្តិ​ធម៌​វិបស្សនា​មួយ​រូប​ទៀត ឈ្មោះ ដាលីយ៉ា នៅ​ភ្នំពេញ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ដែរ បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​បដិបត្តិ​ធម៌​នោះ​ជាប់​ជា​ប្រចាំ​មក​បាន​ធ្វើ​ឲ្យ​រូប​គាត់​មាន​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់​បាន​មួយ​ចំនួន ដូចជា​កាត់​បន្ថយ​កំហឹង កាត់​បន្ថយ​ការ​គិត​ច្រើន​ជាដើម៖ «កាល​លើក​មុន​ពេល​មាន​បញ្ហា​អី ទោះ​បី​ខ្ញុំ​អត់​ទ្រាំ​យ៉ាង​ម៉េច តែ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ​វា​មាន​ទុក្ខ។ តែ​អ្វី​ដែល​សំខាន់​ដែល​ខ្ញុំ​មក​ក្នុង​ពេល​ឥឡូវ​នេះ ចេះ​គ្រប់គ្រង​ចិត្ត»

មជ្ឈមណ្ឌល​វិបស្សនា​ធម្មលដ្ឋិកា​នៅ​ខេត្ត​បាត់ដំបង គឺ​ជា​សាខា​មួយ​នៃ​មជ្ឈមណ្ឌល​វិបស្សនា​អន្ដរជាតិ ដែល​មាន​ទីតាំង​ចម្បង​នៅ​ធម្មគិរី ក្នុង​រដ្ឋ​មហា​ភស្ដ្រា​នៃ​ប្រទេស​ឥណ្ឌា ដែល​មាន​ចម្ងាយ ៣៥០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​បុមបេ។

នៅ​ក្នុង​សៀវភៅ​សិល្ប​សាស្ត្រ​នៃ​ការ​រស់​នៅ​ស្ដីពី​វិបស្សនា​កម្មដ្ឋាន​ដែល​គេ​បាន​ចែក​ជូន​ដល់​ភ្ញៀវ​អ្នក​ចូល​រួម​ក្នុង​ពិធី​នោះ​បាន​បញ្ជាក់​ថា វិបស្សនា​គឺ​វិទ្យាសាស្ត្រ​នៃ​ចិត្ត ដែល​ហួស​ផុត​ពី​ចិត្ត​វិទ្យា ជា​បច្ចេកទេស​សាកល​ឥត​ប្រកាន់​និកាយ ពណ៌​សម្បុរ និង​សាសនា​ណា​មួយ​នោះ​ទេ។ វិប្សនា​គឺ​ជា​សិល្បៈ​នៃ​ការ​រស់​នៅ ហើយ​បច្ចេកទេស​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ព្រះពុទ្ធ​គោតម កាល​ពី​ជាង ២.៥០០ (ពីរ​ពាន់​ប្រាំ​រយ​ឆ្នាំ) មុន ហើយ​ព្រះអង្គ​ទ្រង់​បាន​បង្រៀន​បច្ចេកទេស ឬ​ធម៌​វិបស្សនា​នេះ​ដល់​មនុស្ស ឬ​សព្វ​សត្វ​ទាំង​អស់​មិន​រើស​មុខ។

ក្នុង​សៀវភៅ​ដដែល​បាន​បង្ហាញ​ទៀត​ថា ការ​បដិបត្តិ​វិបស្សនា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​យល់​ពី​ដំណើរ​ការ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បច្ចេកទេស​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​អ្នក​បដិបត្តិ​ខ្ជាប់ខ្ជួន​មាន​ចិត្ត​បរិសុទ្ធ​ទៀត​ផង គឺ​មិន​មាន​ប្រឡាក់ប្រឡូស​ដោយ​គ្រឿង​សៅហ្មង​ផង​ទាំង​ឡាយ។

ដោយ​បាន​ឃើញ​គុណ​ប្រយោជន៍​នៃ​ការ​បដិបត្តិ​ធម៌​វិបស្សនា​យ៉ាង​ដូច្នោះ ហើយ​និង​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ទទួល​ផល​ប្រយោជន៍​ដែរ​នោះ ទើប​មជ្ឈមណ្ឌល​វិបស្សនា​ធម្មលដ្ឋិកា បាន​ប្រារព្ធ​ធ្វើ​ទិវា​ផ្សព្វផ្សាយ​ស្ដីពី​សកម្មភាព​ធម្មសិក្សា​នៅ​ទី​នោះ។ ការ​ផ្សព្វផ្សាយ​នេះ គេ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ​ពី​សំណាក់​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ កញ្ញា ហួត ផល្លែន ជា​និស្សិត​ទន្ត​បណ្ឌិត​នៅ​ភ្នំពេញ បាន​និយាយ​ថា នាង​ខំ​ស្កាត់​មក​តាំង​ពី​ភ្នំពេញ បន្ទាប់​ពី​បាន​ដំណឹង​ថា មជ្ឈមណ្ឌល​ធម្មលដ្ឋិកា​នៅ​ខេត្ត​បាត់ដំបង បាន​បើក​ទិវា​ផ្សព្វផ្សាយ​ស្ដីពី​វិបស្សនា​កម្មដ្ឋាន ពីព្រោះ​ចង់​ដឹង​ថា​អ្វី​ទៅ​ជា​វិបស្សនា ហើយ​បើ​បាន​បដិបត្តិ តើ​នឹង​ទទួល​ផល​យ៉ាង​ណា​ខ្លះ?

កញ្ញា ហួត ផល្លែន៖ «ខ្ញុំ​សង្ឃឹម​ថា ឱកាស​ក្រោយៗ​ទៀត​ខ្ញុំ​នឹង​មាន​ពេល​ចូល​រួម​រយៈពេល ១០​ថ្ងៃ ២០​ថ្ងៃ​អី។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់​ចែក​រំលែក​ការ​ដឹង ការ​ស្គាល់​ទី​នេះ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ស្គាល់​ដូច​ខ្ញុំ​ដែរ...»

ចំពោះ​ការ​បើក​ទិវា​ផ្សព្វផ្សាយ​ធម៌​វិបស្សនា​របស់​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា​នេះ​ដែរ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​បាត់ដំបង លោក សួន ប៊ុនជឿន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ បាន​មាន​ប្រសាសន៍​ថា ការ​បើក​កម្មវិធី​នេះ​ក្តី និង​សកម្មភាព​បង្រៀន​ធម៌​វិបស្សនា​នៅ​ទី​នេះ​ក្ដី កន្លង​មក​គឺ​ជា​ការ​ចូល​រួម​ចំណែក​មួយ​ដ៏​ល្អ ពីព្រោះ​បាន​ជួយ​បណ្ដុះបណ្ដាល អប់រំ​គុណធម៌ សីលធម៌​ដល់​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។

លោក សួន ប៊ុនជឿន៖ «រហូត​ទៅ​ដល់​ប្រទេស​ខ្មែរ​យើង​នេះ​អាច​ទទួល​ថា ជា​ប្រទេស​ដែល​មាន​អរិយធម៌​ល្អ កាន់​ព្រះពុទ្ធ​សាសនា។ ក៏ប៉ុន្តែ​បើ​សិន​ជា​អ្នក​ដែល​មក​ប្រតិបត្តិ ជា​អ្នក​គ្រិស្ទាន​ក្តី ជា​អ៊ីស្លាម​ក្តី ចូល​មក​ប្រតិបត្តិ អាច​ប្រតិបត្តិ​បាន ឲ្យ​តែ​ប្រតិបត្តិ​តាម​មាគ៌ា»

គណៈកម្មការ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា នៅ​ទី​នោះ ក្រៅ​ពី​មាន​សកម្មភាព​បង្រៀន​ធម៌​វិបស្សនា​កម្មដ្ឋាន​ដល់​មនុស្ស​ពេញ​វ័យ ក្នុង​នោះ​ក៏​មាន​បើក​បង្រៀន​ធម៌​អានាបាណស្សតិ​កម្មដ្ឋាន​ដល់​កុមារ​ផង​ដែរ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ​បាន​បើក​បង្រៀន​ចំនួន ៦​វគ្គ ហើយ​នៅ​ក្នុង ១​វគ្គ គឺ​មាន​រយៈពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ដែល​កុមារ​ឈប់​សម្រាក​ពី​ការ​រៀន​សូត្រ​ចំណេះ​ទូទៅ​នៅ​សាលា​រៀន​រដ្ឋ។

ក្នុង​ឆ្នាំ​២០១៣ គឺ​មាន​កុមារ​បាន​មក​ចូល​រៀន​បដិបត្តិ​ធម៌​អានាបា ចំនួន​សរុប ៥៦៦​នាក់ និង​មាន​អាយុ​ចាប់​ពី ៨ ដល់ ១៦​ឆ្នាំ ហើយ​ជា​សិស្ស​មក​ពី​សាលា​បឋម​សិក្សា​ខ្លះ មក​ពី​អនុ​វិទ្យាល័យ​ខ្លះ និង​មក​ពី​តំបន់​នានា​ក្នុង​ខេត្ត​បាត់ដំបង និង​ពី​ភ្នំពេញ​មួយ​ចំនួន។

តាម​រយៈ​នៃ​ការ​បង្រៀន​ធម៌​និង​ការ​សាកសួរ​កុមារ ក្រោយ​ពី​បាន​រៀន​ចប់​ម្ដងៗ គេ​បាន​ឃើញ​ថា មាន​កុមារ​ខ្លះ​បាន​ទទួល​ផល​ប្រយោជន៍ ដូចជា​ទន្ទេញ​មេរៀន​បាន​ឆាប់​ចាំ និង​រៀន​សូត្រ​បាន​ពិន្ទុ​ល្អ​ពូកែ​ជាង​មុន។ កុមារ​ខ្លះ​ទៀត​និយាយ​ថា គេ​ចេះ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក​ម្ដាយ លោកគ្រូ អ្នកគ្រូ និង​យល់​ពី​ការ​រក្សា​សីល​៥ ដែល​នាំ​ឲ្យ​មាន​ជីវិត​រស់​នៅ​ល្អ​ជាដើម។

លោក​អាចារ្យ​ប្រចាំ​មជ្ឈមណ្ឌល​ធម្មលដ្ឋិកា បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃ​នេះ​មាន​មជ្ឈមណ្ឌល​វិបស្សនា​ដែល​មាន​បច្ចេកទេស​និង​ប្រពៃណី​ដូច​គ្នា​នេះ គឺ​មាន​ចំនួន ១៧២ នៅ​ក្នុង​សកលលោក ក្នុង​ទ្វីប​ទាំង​៥។ រី​ឯ​ចំនួន​សិស្ស​ដែល​បាន​ទៅ​ចូល​រៀន​វិបស្សនា​នៅ​ទូទាំង​សកលលោក​ក្នុង ១​ឆ្នាំ​មាន​ជាង ១​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។