លោក ភោគ យី សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមនេះ មានប្រសាសន៍ឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដឹងតាមទូរស័ព្ទថា ការបង្កើតសមាគមនេះឡើងគឺដោយសារតែកន្លងមក មានការលំបាកជាច្រើនចំពោះក្រុមអ្នករកទទួលទានដូចពួកគាត់។
លោក ភោគ យី បានឲ្យដឹងដូច្នេះ ៖ «ច្បាប់ហ្នឹងមិនសូវទូលាយឲ្យយើងប្រកបមុខរបរ វាបង្កនូវភាពស្មុគស្មាញច្រើន ព្រោះមុខរបរខ្ញុំដល់ពេលយើងមិនបានទៅចាប់តាមខេត្តអ៊ីចឹងទៅដាច់ស្តុកដាច់អីពិបាក។ ពិបាកសើរើ ដូរច្បាប់លិចដូរច្បាប់កើត។ ដូចឥឡូវជាក់ស្ដែង ស្រុកខ្លះយើងអត់អាចទៅទិញបានទេច្បាប់ថ្មីនេះ ព្រោះអីគេចោទថា យើងនាំជ្រូកពីក្រៅ តែតាមពិតជ្រូកក្នុងស្រុកហ្នឹង»។
លោក ភោគ យី មានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជានេះ ទើបតែទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបើកសម្ពោធនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១០នេះ ហើយថា ការបង្កើតសមាគមនេះ គឺដើម្បីការពារផលប្រយោជន៍អ្នករកទទួលទានកាប់ជ្រូកនិងអ្នកលក់សាច់ជ្រូកប៉ុណ្ណោះ៕